បើអ្នកចង់ធ្វើនំពុម្ពដែលមានរស់ជាតិផ្អែម និងឈ្ងុយឆ្ងាញ់នោះវាមិនពីបាកទេអ្នកអាចធ្វើវានៅផ្ទះបានដោយខ្លួនឯងមិនបាច់ទិញគេយកមកបរិភោគនោះទេ។ តោះពេលនេះយើងនឹងចែករំលែកចំណេះដឹងពីការធ្វើដល់អ្នកទាំងអស់គ្នា។
គ្រឿងផ្សំ៖
- ម្សៅអង្ករ ៣៥០ក្រាម
- ម្សៅមី ៣ស្លាបព្រាបាយ
- ស៊ុត ២គ្រាប់
- ខ្ទិះដូង ១ចានចង្កឹះ
- ស្ករស កន្លះចានចង្កឹះ
- សាច់ដូងកោស កន្លះចានចង្កឹះ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា
វិធីធ្វើ៖
- មុនដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល និងម្សៅមី រួចច្របល់ចូលគ្នាឲ្យសព្វទុកមួយឡែកសិន។
- យកចានធំមួយគោះស៊ុតដាក់ចូលវាយវាឲ្យបែកសិន បន្ទាប់មកដាក់ស្ករស រួចកូរចូលគ្នា។
- យកខ្ទិះដូងដាក់ចូលកូរចូលគ្នាឲ្យរលាយសព្វ ទើបយកម្សៅអង្ករដែលលាយទុកចាក់ចូល ជាមួយនិងសាច់ដូង។
- កូរចូលគ្នាឲ្យរលាយបានសព្វល្អ រួចហើយទុកវាប្រហែលជា ១០នាទីសិន។
- ១០នាទីក្រោយមក យកពុម្ពមកដាក់លើភ្លើងរួចលាបប្រេងឆាទាំងសងខាងទុកឲ្យក្តៅសិន ទើបយកម្សៅចាក់ចូលក្នុងពុម្ពទុកឲ្យឆ្អិនទាំងសងខាងជាការស្រេច។