កមរមាស់
ដំបៅក្រមរក្រាស់ៗ លឿងៗនៅលើស្បែកក្បាលរបស់ទារកនឹងត្រូវបាត់អស់។ អ្នកជំនាញអ្នកស្រី Susan Boiko ជំនួយការផ្នែកជំងឺកុមារនៅសកលវិទ្យាល័យនៃរដ្ឋកាលីហ្វូញាបានឱ្យដឹងថា ដើម្បីឱ្យឆាប់ជាពីជំងឺនេះ អ្នកម្តាយត្រូវប្រើប្រេងអូលីវ ឬប្រេងខនិជបន្តិចលាបលើស្បែកក្បាល មុនពេលកក់សក់ ហើយបន្ទាប់មកប្រើក្រាស់សិតសក់ទារកថ្នមៗ ដើម្បីកម្ចាត់កមចេញពីលើស្បែកក្បាល។
ស្បែកប្រេះស្បែក
តាមធម្មតា អាការៈនេះកើតឡើងនៅខាងក្រោយត្រចៀក វាអាចព្យាបាលបានដោយប្រើប្រភេទប្រេងចាហ៊ួយ(Petroleum)ឱ្យបាន ១-២ដងក្នុង ១ថ្ងៃ។ (ប្រសិនបើប្រេះស្បែកកើតឡើងលើលលាក្បាល ឬផ្ទៃមុខ វាអាចជាជំងឺត្រអក ដូច្នេះអ្នកគួរនាំកូនទៅជួបនឹងអ្នកជំនាញផ្នែកកុមារ)។
ជំងឺកន្ទួលសៗលើស្បែក
កន្ទួលសៗតូចៗទាំងនេះកើតមាននៅលើច្រមុះ ជារន្ធញើសបិតជិតទាំងស្រុង។ វេជ្ជបណ្ឌិត Boikoបានមានប្រសាសន៍ថា តាមធម្មតា នៅពេលរន្ធញើសបើកកន្ទួលសតូចៗនឹងបាត់ទៅវិញ។ កុំច្របាច់វា ព្រោះវាអាចបង្កទៅជាស្លាកស្នាម។
មុនរោលកន្ទួលតូចៗច្រើន
ជាទូទៅ ទារកអាយុ ១ខែ អាចកើតមុនលើមុខ, ស្បែកក្បាល, ត្រចៀក និងក។ វាអាចបណ្តាលមកពីប្រតិកម្មបំរែបំរួលកម្រិតអ័រម៉ូនរបស់កូន និងម្តាយ។
ជាធម្មតា មិនត្រូវការការព្យាបាលឡើយ។ ស្បែកនឹងស្រស់ថ្លាវិញក្នុងរយៈពេល ២-៣សប្តាហ៍។
មុនធំៗ
អាការៈនេះកើតឡើងបន្ទាប់ពីទារកមានអាយុ ៣ខែដំបូង ហើយវាច្រើនកើតលើក្មេងប្រុសជាងក្មេងស្រី។ វេជ្ជបណ្ឌិត Amy Paller និយាយថា អាការៈស្រាលមិនចាំបាច់ត្រូវព្យាបាលឡើយ តែបើធ្ងន់ធ្ងរអាចបណ្តាលបង្កស្លាកស្នាម ដូច្នេះគួរទៅជួបអ្នកជំនាញផ្នែករោគកុមារ ដើម្បីទទួលការព្យាបាល ប្រសិនបើចាំបាច់។
ក្រហមព្រឿងៗលើថ្ពាល់ និងចង្ការ
វេជ្ជបណ្ឌិត Boiko បាននិយាយថា អាការៈនេះបណ្តាលមកពីការហៀទឹកមាត់ អាការៈនេះអាចនឹងសះស្បើយ ដោយការជូតស្បែកទារកឱ្យបានស្ងួត និងប្រើក្រែមផ្តល់សំណើមប្រភេទស្រាល។
ជំងឺរលាកស្បែក
ជំងឺនេះមានរោគសញ្ញារោលកន្ទួលតូចៗលើផ្ទៃមុខ, ដើមទ្រូងផ្នែកខាងលើ និងខ្នង ជាអាការៈទូទៅកើតមានចំពោះទារកទើបនឹងកើត។ វាតែងតែកើតឡើងរយៈពេល ៣-៤ថ្ងៃក្រោយពេលកើត និងបាត់ទៅវិញដោយខ្លួនវានៅរយៈពេល ២-៣ថ្ងៃខាងមុខទៀត។
ពងបែក
វាច្រើនកើតនៅចំកណ្តាលបបូរមាត់ខាងលើរបស់ទារក ពងបែកនេះបណ្តាលមកពីការជញ្ជក់មេដៃ, ម្រាមជើង ឬផ្នែកផ្សេងៗទៀតរបស់ទារក។ វេជ្ជបណ្ឌិត Boiko បាននិយាយថា ពងបែកទាំងនេះជាពងបែកស្លូត ហើយវានៅបាត់ទៅវិញដោយខ្លួនវា។ តែដោយសារពេលខ្លះ អាការៈពងបែកកាន់តែធ្ងន់ធ្ងរឡើងៗ ដូចជាការឆ្លងវីរុសស្វាយ អ្នកត្រូវប្រញាប់ទៅជួបនឹងអ្នកជំនាញផ្នែករោគកុមារភ្លាម។
កន្ទួលចំហាយក្តៅ
កន្ទួលក្រហមតូចៗនេះ ពេលខ្លះប៉ោងរមាស់ កើតនៅក្រោមក និងដៃ តាមបណ្តោយផ្នែកខាងលើដើមទ្រូង និងខ្នង។ វាច្រើនកើតចំពោះទារកដែលមានមុខងារក្រពេញញើសដំណើរការមិនបានល្អ។ រក្សាកន្លែងកន្ទួលតូចៗនេះឱ្យត្រជាក់ និងស្ងួតដោយប្រើម្សៅពោតធម្មតាលាបលើដៃរបស់អ្នកជាមុនសិន រួចទើបលាបលើកូនរបស់អ្នក។ ឱ្យអ្នកជំនាញផ្នែករោគកុមារបានពិនិត្យមើលស្បែកដែលក្រហមខ្លាំង វាអាចជាសញ្ញានៃការឆ្លងមេរោគផ្សិត។
រលាកផ្ចិត
ទម្រាំនឹងគល់របស់ទងផ្ចិតជ្រុះ ជាធម្មតាត្រូវប្រើរយៈពេល ២-៣សប្តាហ៍។ វេជ្ជបណ្ឌិតជាច្រើនបានណែនាំឱ្យអ្នកម្តាយជូតកន្លែងនេះ ដោយប្រើជាតិអាល់កុលឱ្យបាន ៣-៤ដងក្នុង ១ថ្ងៃ ដើម្បីរក្សាភាពស្ងួត និងស្អាត។ ស្នាមក្រហមអាចជាសញ្ញានៃការឆ្លងមេរោគ ដូច្នេះអ្នកត្រូវទៅឱ្យពេទ្យកុមារបានពិនិត្យទើបជាប្រសើរ។
រោលខោទឹកនោម
វេជ្ជបណ្ឌិត Paller បាននិយាយថា អាការៈរោលខោទឹកនោមធ្ងន់ធ្ងរកើតឡើង នៅពេលទឹកនោមលាយជាមួយនឹងអង់ស៊ីមក្នុងលាមក បណ្តាលឱ្យរោលស្បែក។ សំណាងល្អ សព្វថ្ងៃនេះ ក្នុងខោទឹកនោមមានសារធាតុចាហ៊ួយដែលអាចជួយការពារពីបញ្ហានេះបាន។
កន្ទួលក្រហមតូចៗខ្លាំងអាចមានរយៈពេល ៣-៤ថ្ងៃ អាចជាការឆ្លងមេរោគផ្សិត(មិនដូចជារោលខោទឹកនោម ជាធម្មតាគ្មានការឈឺចាប់) ហើយគួរតែត្រូវបានពិនិត្យដោយអ្នកជំនាញផ្នែករោគកុមារ។
ផ្ដល់សិទ្ធដោយ៖ មង្គលការ