ជាទូទៅ ស្ត្រីមានកូនដំបូងតែងតែចង់ដឹងថា តើកូននាងត្រូវការគេងប៉ុន្មានម៉ោងក្នុង ១ថ្ងៃ។ តម្រូវការនៃការគេងត្រូវផ្លាស់ប្តូរជារៀងរាល់ខែក្នុងឆ្នាំដំបូង។ទារកត្រូវការគេងឱ្យបានច្រើន។ ដើម្បីឱ្យរាងកាយទារកលូតលាស់បានល្អ ការគេងឱ្យបានគ្រប់គ្រាន់ជាតម្រូវការចាំបាច់។ដូច្នេះ តារាងខាងក្រោមនេះនឹងណែនាំអ្នកពីតម្រូវការការគេងរបស់ទារក៖
- ខែទី ០-២៖ ក្នុងអំឡុងពេលថ្ងៃ ទារកត្រូវការគេងថ្ងៃឱ្យបាន ៣-៥ម៉ោង។ ត្រូវការគេងយប់ឱ្យបាន ៨-៩ម៉ោង។ សរុបមក ទារកត្រូវការគេងឱ្យបានច្រើនជាង ១៦ម៉ោងក្នុង ១ថ្ងៃ។
Advertisement
- ខែទី ២-៤៖ នៅពេលថ្ងៃ ទារកត្រូវការគេង ៣ដង។ ទារកត្រូវការគេងយប់ឱ្យបានពី ៩-១០ម៉ោង។ សរុបមក ក្នុង ១ថ្ងៃទារកត្រូវការគេងច្រើនជាង ១៤ម៉ោង។
- ខែទី ៤-៦៖ ទារកត្រូវការគេងថ្ងៃ ២-៣ដង គេងយប់ចំនួន ១០ម៉ោង។ សរុបមក ទារកត្រូវការគេងពី ១៤-១៥ម៉ោងក្នុង ១ថ្ងៃ។
- ខែទី ៦-៩៖ ក្នុងពេលនេះ គេត្រូវការគេងថ្ងៃ ២ដង។ គេងយប់អាចពី ១០-១១ម៉ោង។ ដូច្នេះ ក្នុង ១ថ្ងៃ ទារកត្រូវការគេងច្រើនជាង ១៤ម៉ោង។
- ខែទី ៩-១២៖ ទារកត្រូវការគេងថ្ងៃ ២ដង និងគេងយប់ពី ១០-១២ម៉ោង។ សរុបមក ទារកត្រូវការគេងជាង ១៤ម៉ោងក្នុង ១ថ្ងៃ។
- ខែទី ១២-១៨៖ ទារក ១ខួបត្រូវការគេងថ្ងៃ ១-២ដង។ ទារកត្រូវការគេងយប់ពី ១១-១២ម៉ោង។ សរុប ទារកអាចគេងបានពី ១៣-១៤ម៉ោង។
- ខែទី ១៨-២៤៖ ក្នុងវ័យនេះ ទារកត្រូវការគេងថ្ងៃតែ ១ដង។ ប៉ុន្តែនៅពេលយប់ គេត្រូវការគេង ១១ម៉ោង។ ដូច្នេះ ក្នុង ១ថ្ងៃទារកត្រូវការគេងពី ១៣-១៤ម៉ោង។
- អាយុ ២-៣ឆ្នាំ៖ ក្មេងក្នុងវ័យនេះត្រូវការគេងថ្ងៃតែ ១ម្តងគត់។ គេងយប់អាចពី ១០-១១ម៉ោង។ សរុប ក្មេងត្រូវការគេងពី ១២-១៤ម៉ោងក្នុង ១ថ្ងៃ។
- អាយុ ៣-៥ឆ្នាំ៖ ក្មេងគេងថ្ងៃតែ ១ម្តង។ ត្រូវការគេងយប់ពី ១០-១១ម៉ោង។ សរុបពី ១១-១៣ម៉ោងក្នុង ១ថ្ងៃ។
- អាយុ ៥-១២ឆ្នាំ៖ ក្មេងក្នុងវ័យនេះត្រូវចូលសាលារៀន មិនបានគេងថ្ងៃឡើយ។ ក្មេងត្រូវការគេងយប់ជាង ១០ម៉ោង។ សរុបមក ក្មេងអាចគេងបានជាង ១០ម៉ោងក្នុង ១ថ្ងៃ។
ផ្ដល់សិទ្ធដោយ៖ មង្គលការ