សព្វថ្ងៃ ស្នាមអុជខ្មៅលើស្បែក មុន ត្រអក និងការរលាក ជាបញ្ហាស្បែកទូទៅបំផុត។ សំណាងល្អ បញ្ហាទាំងអស់នេះ និងបញ្ហាជាច្រើនផ្សេងទៀតអាចព្យាបាលបាន ដោយប្រើម៉ាស់បិតមុខធម្មជាតិតែមួយប្រភេទ ជួយរឹតបន្តឹងប្រហោងមុខ និងធ្វើឱ្យស្បែកភ្លឺថ្លា ក៏ដូចជាជួយសម្អាតមុន និងកាត់បន្ថយការរលាក។
ម៉ាស់នេះមានផ្ទុកនូវសារធាតុប្រឆាំងភាពចាស់ និងភាពជ្រីវជ្រួញ ចំណាយអស់តិច និងងាយស្រួលរកទិញបាន។ ធាតុផ្សំពិតប្រាកដគឺ ម្សៅរមៀត។
នៅពេលធ្វើវា អ្នកគួរមានបម្រុងប្រយ័ត្នកុំឱ្យប្រឡាក់ខោអាវ។ ហើយក៏ត្រូវពាក់ស្រោមដៃការពារស្បែករបស់អ្នក។ ឥលូវយកចានគោមតូចមួយ រួចដាក់ម្សៅរមៀត ១ស្លាបព្រាកាហ្វេ ប្រេងអាល់ម៉ុង និងទឹកដោះគោ ១ស្លាបព្រាបាយ។ លាយវាឱ្យសព្វចូលគ្នា មិនត្រូវឱ្យខាប់ពេក ហើយក៏មិនត្រូវឱ្យរាវពេកដែរ។ លាបវាលើផ្ទៃមុខរបស់អ្នក ហាមមិនឱ្យចូលភ្នែក ចិញ្ចើម និងសក់។ រង់ចាំរយៈពេល ២០នាទី រួចលាងសម្អាតផ្ទៃមុខនឹងទឹកក្តៅអ៊ុនៗ។ ប្រើកន្សែងពោះគោជូតផ្ទៃមុខឱ្យស្ងួត ហើយលាងស្បែកមុខនឹងទឹកសម្អាតកម្រិតខ្សោយ ប្រសិនបើវានៅលឿង។
បើចង់បានលទ្ធផលល្អបំផុត គួរប្រើម៉ាស់នេះឱ្យបាន ១ម្តងក្នុង ១សប្តាហ៍។
ផ្ដល់សិទ្ធដោយ៖ មង្គលការ