សារៈប្រយោជន៍​នៃ​ការ​ភើ​របស់​ទារក​ដែលអ្នកគួរតែដឹង

ការ​ឱ្យ​កូន​របស់​អ្នក​ភើ​បន្ទាប់​ពី​បំបៅ​រួច​ ជា​រឿង​មួយ​សំខាន់​ ការ​បង្វែ​កូន​ឱ្យ​គេង​បែរ​ទៅ​ទាំង​សង​ខាង​ ហើយ​ឱ្យ​គេ​គេង​លក់​បាន​ស្រួល​ពេញ​មួយ​ថ្ងៃ​ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ការ​លូតលាស់​របស់​ក្មេង​។​ ខាងក្រោម​នេះ​នឹង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ឱ្យ​កូន​អ្នក​ភើ​ ក្រោយ​ពេល​បៅ​ដោះ​រួច​។​ ក្នុង​ពេល​បំបៅ​ដោះ​កូន​ ខ្យល់​បាន​ជ្រៀត​ចូល​តាម​មាត់​ ហើយ​ខ្យល់​នេះ​បាន​ចូល​ទៅ​ដល់​ប្រព័ន្ធ​ក្រពះ​ពោះវៀន​ និង​ត្រូវ​ការ​បញ្ចេញ​មក​ក្រៅ​វិញ​។

Advertisement

ប្រសិនបើ​ខ្យល់​មិន​បញ្ចេញ​មក​ក្រៅ​វិញ​ទេ​ ទារក​នឹង​មិន​ស្រួល​ក្នុង​ខ្លួន​ និង​អាច​ធ្វើ​ឱ្យ​ទារក​ឈឺ​ពោះ​ផង​ដែរ​។​ អ្នក​ជំនាញ​ជា​ច្រើន​ក៏​បាន​និយាយ​ថា​ នៅ​ពេល​ខ្យល់​នេះ​ស្ទះ​នៅ​ក្នុង​ពោះ​របស់​ទារក​ វា​អាច​ធ្វើ​ឱ្យ​ទារក​តឹង​ពោះ​ និង​មិន​ស្រួល​ខ្លួន​។​ បញ្ហា​មិន​ស្រួល​ក្នុង​ខ្លួន​នេះ​នឹង​ធ្វើ​ឱ្យ​ទារក​យំ​។​ ដូច្នេះ​ឪពុក​ម្តាយ​ថ្មីថ្មោង​ គួរ​ដឹង​ពី​ការ​ធ្វើ​ឱ្យ​ទារក​ភើ​។​ ខាងក្រោម​នឹង​បង្ហាញ​ពី​មូលហេតុ​ដែល​ទារក​គួរ​តែ​ភើ​ ក្រោយ​ពេល​បៅ​ដោះ​រួច​៖​

តើ​ខ្យល់​អាច​ចូល​ទៅ​ក្នុង​ពោះ​ទារក​តាម​វិធី​ណា​?

មាន​វិធី​ ៣​យ៉ាង​ដែល​ទារក​អាច​កើត​ខ្យល់​ក្នុង​ពោះ​។​ ទី​១​ តាម​រយៈ​ការ​រំលាយ​អាហារ​, ទី​ ២​តាម​បំពង់​ខ្យល់​នៅ​ពេល​ទទួលទាន​អាហារ​ និង​ទី​ ៣​ អាហារ​ដែល​ពិបាក​រំលាយ​។​

វិធី​ធ្វើ​ឱ្យ​ទារក​ភើ

មាន​វិធី​ ២​យ៉ាង​អាច​ជួយ​ឱ្យ​ទារក​ភើ​មក​បាន​យ៉ាង​ងាយ​។​ ឱប​កូន​របស់​អ្នក​នៅ​នឹង​ស្មា​។​ កាន់​ក្បាល​កូន​ឱ្យ​ត្រង់​ រួច​រឹត​ខ្នង​របស់​គេ​ថ្នម​ៗ​។​ រង់​ចាំ​រយៈពេល​ ២-៣នាទី​ អ្នក​នឹង​លឺ​សម្លេង​ភើ​ចេញ​មក​។

ដាក់​ឱ្យ​គេ​អង្គុយ​ ដើម្បី​ឱ្យ​ភើ​

ដាក់​កូន​ឱ្យ​អង្គុយ​លើ​ភ្លៅ​របស់​អ្នក​ ប្រើ​ដៃ​ និង​ម្រាមដៃ​របស់​អ្នក​ទប់​ខ្លួន​ និង​ក្បាល​របស់​កូន​។​ ប្រើ​ដៃ​ម្ខាង​ទៀត​របស់​អ្នក​រឹត​ខ្នង​កូន​ ឱ្យ​គេ​ភើ​ចេញ​។​

ពេល​ដែល​គួរ​ឱ្យ​ទារក​ភើ

ពេល​វេលា​ដែល​ចាំបាច់​គឺ​ នៅ​ពេល​ទារក​បៅ​រួច​។​ ចំពោះ​អ្នកម្តាយ​ដែល​បំបៅដោះ​កូន​ ត្រូវ​ឱ្យ​កូន​ភើ​សិន​ មុន​នឹង​ប្តូរ​ទៅ​ឱ្យ​កូន​បៅ​ម្ខាង​ទៀត​។

តើ​ការ​ភើ​ពិត​ជា​អាច​ជួយ​គេ​បាន​មែន​ទេ​?

ប្រសិនបើ​ទារក​នៅ​តែ​មិន​ស្រួល​ក្នុង​ខ្លួន​ ក្រោយ​ពេល​ភើ​រួច​ មាន​ន័យ​ថា​ នៅ​តែ​មាន​ខ្យល់​ក្នុង​ពោះ​របស់​គេ​។​ ដើម្បី​កម្ចាត់​ខ្យល់​ សាក​ល្បង​វិធី​ធ្វើ​ឱ្យ​គេ​ភើ​ផ្សេង​ទៀត​ ហើយ​ប្រសិនបើ​នៅ​តែ​មិន​បាន​ការ​ អ្នក​អាច​ឱ្យ​កូន​ក្រឡាប់​។​ វា​នឹង​ជួយ​ឱ្យ​គេ​មាន​អារម្មណ៍​ស្រួល​ខ្លួន​។

តើ​នឹង​មាន​អ្វី​កើត​ឡើង​ បើ​កូន​អ្នក​មិន​ភើ​?

ប្រសិនបើ​ទារក​មិន​ភើ​ ខ្យល់​ក្នុង​ពោះ​នឹង​ធ្វើ​ឱ្យ​ទារក​មិន​សុក​ស្រួល​ និង​ធ្ងន់​ពោះ​។ ការ​មិន​អើពើ​ឱ្យ​កូន​ភើ​ នឹង​ធ្វើ​ឱ្យ​គេ​ដក​ដង្ហើម​មិន​បាន​ស្រួល​ ហើយ​បញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​គេ​ក្អួត​អាហារ​ចេញ​មក​អស់​។

ផ្តល់សិទ្ធដោយ៖​ មង្គលការ