យើងនឹងមានស្នាមញញឹម នៅពេលបានឃើញកូនទើបនឹងកើតចេញមក។ ទារកមានស្បែកទន់ល្មើយ និងបរិសុទ្ធចិត្ត អាចធ្វើឱ្យមនុស្សម្នាក់ចង់ឱបគេពេញមួយថ្ងៃ។ ឪពុកម្តាយធ្វើគ្រប់បែបយ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យប្រាកដថា កូនទទួលបានការមើលថែយ៉ាងល្អបំផុត។ឪពុកម្តាយអនុវត្តតាមការទូន្មានពីអ្នកជំនាញ និងចាស់ៗ ពួកគាត់ទិញសៀវភៅណែនាំដែលអាចជួយបង្រៀនពីការមើលថែទាំកូនឱ្យបានប្រសើរ។
ភាពប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់បំផុត ជារឿងមួយសំខាន់ណាស់ នៅពេលមើលថែទារកទើបនឹងកើត ព្រោះទារកងាយនឹងរងគ្រោះ ហើយសរីរាង្គរបស់គេពុំទាន់បានលូតលាស់ពេញលេញនៅឡើយ។ លើសពីនេះទៀត ប្រព័ន្ធភាពស៊ាំរបស់ទារកនៅខ្សោយ ធ្វើឱ្យគេងាយនឹងកើតជំងឺផ្សេងៗ។
ដូច្នេះ នាមជាឪពុកម្តាយ យើងត្រូវតែដឹងគ្រប់យ៉ាងតាមដែលអាច ពីវិធីមើលថែទាំកូនឱ្យបានល្អ។ សូម្បីតែកំហុសឆ្គងតិចតួច ក្នុងពេលមើលថែទារកក៏អាចបណ្តាលឱ្យគេជួបនឹងផលវិបាកដល់ស្លាប់ដែរ។ តើអ្នកធ្លាប់បានដឹងទេថា មានរឿងចម្លែកមួយចំនួន ការពិតដែលគួរឱ្យចាប់អារម្មណ៍អំពីទារក ដែលវេជ្ជបណ្ឌិតមិនដែលប្រាប់ដល់អ្នក?
ការពិតទី ១៖ នៅពេលទារកទើបនឹងកើតយំ ពួកគេមិនសម្រក់ទឹកភ្នែកទេ។ នេះដោយសារតែពួកគេមិនទាន់មានបំពង់បង្ហូរទឹកភ្នែក ទាល់តែពួកគេមានអាយុ ១២សប្តាហ៍ទើបមាន។
ការពិតទី ២៖ ទារកទើបនឹងកើតមានញាណរសជាតិយ៉ាងល្អ ពួកគេអាចដឹងពីរសជាតិផ្អែម ចត់ និងសូម្បីតែអាហារហិល លើកលែងតែប្រៃ។
ការពិតទី ៣៖ ទារកទើបនឹងកើតមិនទាន់មានក្បាលជង្គង់ ឬឆ្អឹងខ្ចីជុំវិញក្បាលជង្គង់ទេ ព្រោះតាមធម្មតា ឆ្អឹងខ្ចីនឹងកើតឡើង នៅពេលទារកបានអាយុ ១ខួប។
ការពិតទី ៤៖ ទារកទើបនឹងកើតមានឆ្អឹងប្រហែល ៣០០ក្នុងរាងកាយរបស់គេ ស្របពេលដែលមនុស្សពេញវ័យមានត្រឹមតែ ២០៦ប៉ុណ្ណោះ។ នៅពេលទារកធំឡើង ឆ្អឹងជាច្រើននឹងរលាយចូលគ្នា ធ្វើឱ្យចំនួនឆ្អឹងត្រូវថយចុះ។
ការពិតទី ៥៖ លើដងខ្លួនទារកពេញទៅដោយស្រទាប់រោមសរសៃឆ្មាតូចៗជាច្រើន ដែលជាក្តីព្រួយបារម្ភរបស់ឪពុកម្តាយ។ តែទោះបីជាយ៉ាងណា ស្រទាប់រោមនេះជារឿងមួយធម្មតា កើតឡើងតាំងពីពេលទារកនៅក្នុងស្បូនមកម្ល៉េះ ដើម្បីជួយទប់ទល់នឹងសីតុណ្ហភាព។
ការពិតទី ៦៖ ទារកភេទស្រីមួយចំនួនមករដូវ។ ទារកទើបនឹងកើតប៉ះនឹងកម្រិតអរម៉ូនអឺសស្ត្រូសែនខ្ពស់ ពេលនៅក្នុងស្បូន បណ្តាលឱ្យគេមានលំហូរឈាមដំបូង ២-៣ដំណក់ក្នុងខោទឹកនោម ដែលជារឿងមួយធម្មតា។
ការពិតទី ៧៖ ទារកទើបនឹងកើតមានទឹកដោះ ជាករណីមួយដ៏កម្រ ព្រោះពួកគេត្រូវនឹងអរម៉ូនច្រើនពេលនៅក្នុងស្បូន ធ្វើឱ្យពួកគេផលិតទឹកដោះបានតិចតួច ហើយបញ្ហានេះអាចកើតចំពោះទាំងក្មេងប្រុស និងក្មេងស្រី។ តែទោះជាយ៉ាងណា វាជារឿងមួយទូទៅ បើសិនជាវាបាត់ទៅវិញក្នុងរយៈពេល ២-៣ថ្ងៃក្រោយពេលកើត។
ផ្តល់សិទ្ធដោយ៖ មង្គលការ