បើសិនជាអ្នកចង់ចិញ្ចឹមកំពិសពេលនោះយើងមានវិធីហើយលោកអ្នកអាចចិញ្ចឹមកំពិសបាននៅក្នុងស្រះប្លាស្ទិច។ ដើម្បីចិញ្ចឹមកំពិសក្នុងស្រះប្លាស្ទិចបានអ្នកត្រូវតែធ្វើការរៀបចំស្រះ និងឲ្យចំណីឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះគឺជាវិធីរៀបចំ និងវិធីឲ្យចំណី។
Advertisement
ការរៀបចំស្រះចិញ្ចឹម៖
- រៀបចំជីកស្រះមានជម្រៅ ៧០សង់ទីម៉ែត្រ ទទឹង ២ម៉ែត្រ និងបណ្តោយ ៨ម៉ែត្រ
- ដាក់ក្រាលផ្ទាំងប្លាស្ទិច រួចដាក់ល្បាយដីលាយភក់បាតត្រពាំងកំរាស់ប្រមាណ ៨សង់ទីម៉ែត្រ
- ដាក់បញ្ចូលទឹកទុកកម្ពស់ប្រមាណ ៨សង់ទីម៉ែត្រ ពីមាត់ស្រះ រួចទុកចោលប្រមាណ ៧-១០ថ្ងៃ
- ដាក់សារាយទឹកសាប និងស្មៅចូលប្រមាណ ៤-៥បាច់
- ដាក់ចិញ្ចឹមកំពិសមេធំៗប្រមាណ ១០កំពិស និងត្រូវលាយកំពិសឈ្មោលខ្លះផង រយៈពេល៥ថ្ងៃសិន រួចដាក់ចូលស្រះ។
ការឲ្យចំណី៖
- ស្ងោរពងទាចំនួន២គ្រាប់ រួចបំបែកវាជាបំណែកតូចៗ ហើយយកទៅក្នុងស្រះជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ។
- អាចប្រើចំណីបន្ថែមខ្លះៗដូចជាកាកសំណល់ត្រីសាច់ផ្សេងៗ។
- បន្ទាប់ពីការឲ្យចំណីបានរយៈពេល១ខែ យើងត្រូវយកពិលចាំងមើលវានៅពេលពយប់ថាវាមានពងឬនៅ។
- បច្ចេកទេសដែលអាចជួយឲ្យកំពិសឆាប់ពងគឺយើងត្រូវដាក់ឧបករណ៍ដែលអាចធ្វើឲ្យទឹកក្នុងស្រះនោះវិលចុះឡើងរយៈពេលប្រមាណ ១០-២០ នាទីក្នុង១ថ្ងៃ ព្រោះកំពិសវាចូលចិត្តទឹកដែលមានលំហូរ ដែលធ្វើឲ្យវាឆាប់កកើតពង។
- ដើម្បីឲ្យកំពិសឆាប់ធំធាត់យើងត្រូវលាយទឹក EM ២ស្លាព្រាបាយ ស្ករងូ២ស្លាព្រាបាយ លាយជាមួយទឹក១លីត្ររក្សានៅកន្លែងម្លប់ចំនួន១អាទិត្យ រួចចាក់ចូលស្រះ ដែលវាអាចជួយសម្លាប់មេរោគក្នុងស្រះនោះ ធ្វើឲ្យកំពិសឆាប់ធំធាត់លឿន។
- កំពិសត្រូវការរយៈពេលប្រមាណ ១ខែជាងទៅ២ខែសម្រាប់ការធំពេញវ័យ ហើយវាត្រូវការរយៈពេលប្រមាណ ៤ខែទើបអាចប្រមូលផលបាន។
ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត