វិធីសាស្ត្រដាំដំណាំខ្នុរ

ដើម្បីដាំដំណាំខ្នុរអ្នកគួរជ្រើសរើសពូជបំបៅពីដើមព្រោះវាមានផ្លែសុទ្ធ ល្អនិងឆាប់បានផ្លែ និងរើសខ្នុរមានខ្លែបច្រើនសាច់ក្រាស់។

Advertisement

ការរៀបចំរណ្តៅ៖ ជីករណ្តៅ ៨តឹកបួនជ្រុង និងជំរៅ ៨តឹក រោយកំបោរ និងថ្នាំកណ្តៀរ (FURADAN) ប្រមាណ ២ស្លាបព្រាបាយក្នុងរណ្តៅ ត្រូវដាក់ផេះ ឬ អង្កាម, កំប្លោក, ចំបើងពុក លាមកគោ, មាន់, ជ្រូកកំរាស់ ១តឹកធ្វើយ៉ាងណាអោយពេញរណ្តៅ។ ត្រូវទុករណ្តៅរៀបចំហើយក្នុងរយៈពេល ២ទៅ៣អាទិត្យ​ចំងាយពីរណ្តៅមួយមានប្រវែង ៨ម។

ការដាំ៖ កូនកូនខ្នុរបន្ទាប់ពីផ្សាំបានត្រូវរក្សាទុក ១អាទិត្យមុនដាំ ផ្អាកស្រោចទឹក ២ថ្ងៃមុនដាំដើម្បីកុំអោយបែកដី និងឬស។ មុនដាំត្រូជញ្ជូនកូនខ្នុរដាក់ក្បែររណ្តៅទាំងអស់រួចបកថង់ចេញធ្វើយ៉ាងណាកុំអោយបែកដី ហើយកប់កូនខ្នុរក្នុងរណ្តៅដោយធ្វើយ៉ាងណាអោយដីកន្ទោងខ្នុរស្មើមាត់រណ្តៅរួចយកមែកឈើដោតក្បែររណ្តៅចងទុកជាមួយកូនខ្នុរ រួចលប់ដីបន្តិចម្តងៗដោយសង្កត់ថ្នមៗហាមសង្កត់លើដីរួចយកមែកឈើដោតក្បែររណ្តៅចងទប់ជាមួយកូនខ្នុរ។

ការថែទាំនិងដាក់ជី៖ កាត់ថង់បំបៅចេញក្រោយដាំ ១ខែ ខែវស្សាត្រូវពូនគល់ការពារទឹកលិច ហើយនៅដើមរដូវវស្សាគួរដាក់ជីបំប៉នដោយប្រើជី ១៥-១៥-១៥ (៣ខាំ)លាយជាមួយជី លាមកមាន់, គោ, ជ្រូក (៣បង្គី), អង្កាម, ចំបើងរួចកាយកប់ក្នុងដីធ្វើជាកំពែង ប្រសិនបើកូនខ្នុរមានសត្វល្អិតស៊ីត្រួយប្រើថ្នាំសម្លាប់សត្វល្អិត S85 (កាបារីល) សំរាប់ជួយស្លឹកនិងដើមលូតលាស់ល្អ។

ការស្រោចទឹក៖ កូនខ្នុរអាយុតិចជាង ១ឆ្នាំត្រូវស្រោចទឹក ២ដងក្នុង ១អាទិត្យ នូវរដូវប្រាំង និងនៅពេលវាកំពុងចេញផ្កា ដើម្បីការពារជ្រុះក្តឹប។

ការតាក់តែងមែក៖ ត្រូវកាត់ត្រួយចុងចេញនៅឆ្នាំទី ១ និងកាត់មែកមិនសូវល្អចេញរៀងរាល់ឆ្នាំដោយទុកតាមប្រព័ន្ធ ១.៣.៦.១៨ (ដើម១​ មែកធំ៣ ខ្នែងធំ៦ និងខ្នែងធំ១៨) បើអាចធ្វើបានជាការល្អប្រសើរ។

ការប្រមូលផល៖ មិនត្រូវបេះខ្នុរទំលាក់លើដីទេ គួរឡើងបេះ និងដាក់ក្នុងសង្រែកចុះក្រោម។ បើអាចធ្វើបាន គួរកាត់ផ្លែខ្នុរអោយមានជាប់ទងជាការប្រស់រ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត