ល្បែងលាក់កន្សែង ជាល្បែងមួយ យ៉ាងរបស់ក្មេងខ្មែរក្នុងបុរាណកាល តែងលេងសម្រាប់ជាទីកំសាន្តសប្បាយ នៅពេលយប់ខែភ្លឺក្នុងរដូវចូលឆ្នាំ ឬនៅពេលជាចន្លោះការហត់នឿយម្តងៗ ។
មុនដំបូង ពួកក្មេងៗគេបបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅឲ្យអង្គុយច្រហោងដំកង់ជាវង់មូល ដាក់ដៃ ទាំងពីរទៅមុខលើក្បាលជង្គង់ ក្នុងទីណាមួយដែលជាទីវាលស្រឡះរាបស្មើល្អ ។ ហើយគេយកកន្សែង ឬក្រមាតូច មួយមករុំមូរឆ្មូលតឹងណែនល្អ ទុកជាយបន្តិចសម្រាប់កាន់យួរបាន សន្មត់ហៅថា កន្សែង មានម្នាក់ក្រោកចេញ ទៅក្រៅវង់កាន់ កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយបញ្ឆោត អ្នកអង្គុយមិនឲ្យដឹង ខ្លួនថា គេលាក់កន្សែងក្រោយខ្នងអ្នកណា។ល្បែងនេះមានតំណមយ៉ាង តឹងរ៉ឹងមិនឲ្យអ្នកលេងងាកក្រោយ ឬលួកដៃទៅខាងក្រោយខ្នង បើអ្នកណា មួយហ៊ានងាក ឬលូកស្ទាបខាងក្រោងខ្នង អ្នកលាក់គេមានអំណាចទណ្ឌកម្មអ្នកនោះ មិនឲ្យឡើងលាក់កន្សែង ឬគេឲ្យអ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទៅយ៉ាងណាតាមចិត្តគេស្ម័គ្រ ។
អ្នកលាក់ លុះរត់ក្រឡឹង អ្នកអង្គុយ ២.៣ជុំហើយ មើលតែអ្នកណាអង្គុយបែបភ្លេចខ្លួន គេក៏ដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាម រួចគេរត់ យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយដើម្បីឲ្យ ឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ ។ បើអ្នកដែលគេត្រួវលាក់ កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួន លុះអ្នកលាក់រត់ក្រឡឹងមកម្តងទៀតចាប់យកកន្សែងនោះបានមុន គេទុកអ្នក លាក់នោះជាអ្នកឈ្នះ ត្រូវមានអំណាចរើសយកកន្សែងនោះទៅគក់ខ្នងអ្នកដែលអង្គុយនោះ ហើយគេយកកន្សែង លាក់តទៅទៀត។ តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែងចំក្រោយខ្នងខ្លួន ហើយចាប់យកកន្សែងបានមុន អ្នកលាក់រត់មកដល់ គេទុកអ្នកអង្គុយនោះជាអ្នកឈ្នះ ត្រូវមានអំណាចក្រោកឡើងចាប់កន្សែងដេញគក់អ្នកលាក់ នោះវិញ តែបើអ្នកនោះគេរត់ទៅដល់កន្លែងចន្លោះអង្គុយបានទៅ អ្នកកាន់កន្សែងនោះ មិនត្រូវគក់គេទេ ត្រូវរត់ ក្រឡឹងអ្នកអង្គុយបានដំកង់ ដើម្បីនឹងលាក់តទៅទៀត គឺថា អ្នកលាក់ពីមុនត្រូវទៅអង្គុយកន្លែងអ្នកចាប់កន្សែង បានក្នុងវង់ដដែល ។
គេលេងតែរបៀបនេះរហូតដល់ពេលយឈប់ ។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលាក់កន្សែងនឹងគេ ម្តងសោះក៏មាន ព្រោះគេលាក់កន្សែងក្រោយខ្នងខ្លួនមិនដឹង រវលតែគេគក់ខ្នងរាល់ពេល ។ល្បែងនេះ គេលេងដើម្បីហាត់ខ្លួនឲ្យមានស្មារតីរឹងប៉ឹង ហើយរហ័សរហួន ឲ្យមានប្រាជ្ញាវាងវៃ ហាត់ទម្លាប់ ខ្លួនឲ្យចេះប្រុងស្មារតីជានិច្ច ៕