ប្រពៃណី និង​ទំនៀម​ទម្លាប់​ខ្មែរ​អំពី​ការ​បូល​ក្មេង


ចុះផ្សាយ៖ ថ្ងៃទី ១៩ មិថុនា ឆ្នាំ២០១៥ ម៉ោង ២០:២៤នាទី

កាល​ណា​នៅ​ក្នុង​គ្រួសារ មាន​សមាជិក​ម្នាក់ ចេញ​ដំណើរ​ទៅ​ឆ្ងាយ​ពី​ភូមិ​ស្រុក ឬ​មាន​ទីលំនៅ​ផ្សេង​ពី​ស្រុក​កំណើត ហើយ​បើ​កាល​ណា​គេ​ចង់​ដឹង​ថា តើ​សាច់​ញាតិ​ដែល​នៅ​ស្រុក​ភូមិ​ឆ្ងាយ​នោះ មក​លេង​ជា​មួយ​នឹង​បង​ប្អូន​នៅ​ស្រុក​កំណើត​នេះ នៅ​ថ្ងៃ​ណា? ពេល​ណា? អ្នក​ស្រុក​ខ្លះ​នៃ​ខេត្ត​កំពង់ធំ ពិសេស​បង​ស្រី​ដែល​ទទួល​បន្ទុក​ពរ​ប្អូន, លួង ឬ​នាំ​ប្អូន​លេង​ជំនួស​ដៃ​ឪពុក​ម្ដាយ​នោះ តែង​តែ​បូល​ដោយ យក​ក្មេង​ចេះ​ក្រឡាប់ ចេះ​អង្គុយ ឬ​ចេះ​ឈរ​តិចៗ ធ្វើ​ជា​តួ​សម្រាប់​បូល។

*** របៀប​បូល​ក្មេង ៖

ផ្អែក​តាម​មូល​ហេតុ​ដែល​បាន​ពណ៌នា​ខាង​លើ គេ​យក​ក្មេង (ទោះ​ប្រុស ឬ​ស្រី​ក្ដី​ដែល​មាន​វ័យ​ចាប់​ពី ៦​ខែ ទៅ​១ខួប) ដាក់​ផ្ដេក​លើ​ក្ដារ​ក្រាល ឬ​លើ​កន្ទេល… ឲ្យ​វា​ដេក​ផ្ងា ហើយ​គេ​ពោល​ពាក្យ​បង្អូសៗ​វែងៗ បែប​រាប់​បន្តិច ធ្វើ​បទ​បែប​បន្តិច ដូច្នេះ​ថា៖ “បូល​ពែក ភ្នែក​មើល ជើង​ដើរ ត្រចៀក​ស្ដាប់ ក្រឡឺត​ក្រឡាប់ បើ… (ថា​ឈ្មោះ​សាច់​ញាត់​ដែល​នៅ ឬ​ទៅ​ស្រុក​ឆ្ងាយ​នោះ) មក​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក សូម​មើល​មុខ​បង​ឲ្យ​ត្រង់ (ចំ)។” ថា​ដូច្នោះ​រួច​ហើយ បង​ស្រី​ចាប់​ដៃ​ប្អូន​ទាំង​២​ទាញ​ឲ្យ​ក្រោក ហើយ​សម្លឹង​មើល​មុខ​វា ប្រសិន​បើ​ក្មេង​នោះ​មើល​មុខ​បង​វា​ចំ​ត្រង់ ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ទៅ​ស្ដាំ​នោះ គេ​សន្មត​ថា​បង​ប្អូន​ឈ្មោះ… នោះ​នឹង​មក​ក្នុង​ថ្ងៃ​នេះ ឬ​ក្នុង​ពេល​ឆាប់​នេះ​ហើយ។ ប្រសិន​បើ​ការ​បូល​ក្មេង​នេះ ទទួល​បាន​លទ្ធផល​ល្អ​ដូច​គេ​ចង់​បាន​នោះ បង​ស្រី​បូល​តែ​ម្ដង​ប៉ុណ្ណោះ ក៏​យក​ជា​ការ​បាន​ហើយ។ ប៉ុន្តែ​បើ​ក្មេង​ចេះ​តែ​រើ​បម្រះ ក្រឡេក​ភ្នែក ជួន​មើល​ទៅ​ឆ្វេង ជួន​មើល​ទៅ​ស្ដាំ (មើល​មិន​ចំ​មុខ​របស់​បង​វា) ជា​គម្រប់​២ដង ឬ​៣ដង នោះ​គេ​សន្មត​ថា បង​ប្អូន​សាច់​ញាតិ​នោះ នឹង​មិន​ទាន់​វិល​មក​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។

ដកស្រង់​ចេញ​ពី  “កម្រង​ឯកសារ​ស្ដី​ពី ប្រពៃ​ណី និង​ទំនៀម​ទម្លាប់​ខ្មែរ”(ភាគ​ទី៣)

Loading…


ចំណាត់ក្រុម៖
មតិយោបល់