ប្រាសាទភ្នំបាក់ខែង


ចុះផ្សាយ៖ ថ្ងៃទី ០២ មីនា ឆ្នាំ២០១២ ម៉ោង ០៧:៥១នាទី

ប្រាសាទភ្នំបាខែងជា​ប្រភេទ​ប្រាសាទបុរាណ​ខ្មែរបែប​ហិណ្ឌូកសាង​ឡើង​នៅ​ចុង​សតវត្ស​ទី៩ ក្នុង​រជ្ជកាល​ព្រះបាទ​យ​សោ​វរ្ម័ន​(៨៨៩-៩១០) សម្រាប់​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវ។ ប្រាសាទ​នេះ​ឋិត​នៅលើ​កំពូលភ្នំ​បាខែង​នៅ​ពី​ខាងឆ្វេង​ដៃ ផ្លូវ​ទៅកាន់​ក្រុង​អង្គរធំ ដែល​ព្រះបាទ​យ​សោ​វរ្ម័ន​ទ្រង់​បាន​កសាង​នៅ​ទីនោះ​សម្រាប់​តម្កល់​សិវលិង្គ​ យ​សោធ​រេ​ស្វរៈដោយ​សន្មត​ថា​ជា​ភ្នំ​ព្រះ​សុមេរុ​លំនៅ​របស់​អាទិទេព។ ភ្នំ​បាខែង​ឬ​ភ្នំ​កណ្ដាល​ជា​រាជធានី​អង្គរ​ទី១(យ​សោធ​បុ​រៈ)បច្ចុប្បន្ន ​ជាទី​មនោ​រម្យ​ក្រៃលែង​សម្រាប់​ទេសចរ​នានា​ទាំង​បរទេស និង​ជន ជាតិខ្មែរ​ក្នុង ការ​គយគន់​ទេសភាព​ដ៏​ប្រណីត​នៃ​សូរិយា​រៀប​អស្តង្គត   និង​ប្រាសាទអង្គរវត្ត ដែលឋិត​នៅ​កណ្ដាល​ព្រៃ ​ចម្ងាយ​ប្រមាណ១.៥គីឡូម៉ែត្រ។

ប្រាសាទ​នេះ​ត្រូវបាន​អ្នកប្រវត្តិសាស្ត្រ​ចាត់ទុកថា​ជា​មូលដ្ឋាន​ក្នុងការ​ កសាង​ប្រាសាទផ្សេងៗ ទៀត​នៅក្នុង​តំបន់​អង្គរ ក្រោយ​ពេលដែល​ព្រះបាទ​យ​សោ​វរ្ម័ន​ទ្រង់​បាន​ចូលមក​តាំងរាជធានី​នៅទីនេះ បន្ទាប់ពី​រាជធានី​ហរិ​ហ​រា​ល័យ ឬ​ហៅថា​រលួស។ សិលាចារឹក ​ស្តុក​កក់ធំ​ចុះ​កាលបរិច្ឆេទ១០៥២ នៃ​គ្រិស្តសករាជ​បានសរសេរថា​នៅពេលដែល​ព្រះបាទ​ស្រី​យ​សោ​វ​ធ៌​ន​ឡើង​គ្រង​ រាជសម្បត្តិ ហើយ​បាន​ប្ដូរ​ឈ្មោះ​ទៅជា​ព្រះបាទ​យ​សោ​វរ្ម័ន​វិញ​នោះ ព្រះគ្រូ​វា​មសិ​វៈ​នៅតែ​ជា​ព្រះរាជ​គ្រូ​របស់​ព្រះអង្គ​ដដែល។ ហើយ​ព្រាហ្មណ៍​នេះហើយ​ដែល​បានរៀបចំ​ទុកដាក់​លិង្គ​របស់​ព្រះ​សិវ​នៅលើ​ កំពូលភ្នំ​យ​សោធរ​គិរី គឺ​សំដៅ​ដល់​ភ្នំ​បាខែង​នេះហើយ។

ប្រាសាទភ្នំបាខែង​មាន​រាង​ជា​ពីរ៉ាមីដ បែរមុខ​ទៅ​ទិសខាងកើត មាន​ទំហំ៧៦ម៉ែត្រការ៉េ មាន​កម្ពស់៤៥ម៉ែត្រ មាន​កំពូល១០៩  និង ​មាន៧ជាន់ គឺ​ជាន់​ក្រោម ថ្នាក់​ទាំង៥ និង​ជាន់​ខាងលើ ដែល​តំណាងឱ្យ​ឋានសួគ៌​ទាំង៧ជាន់​របស់​ព្រះឥន្ទ​នៅក្នុង​ទេវ​កថា​របស់​ ព្រហ្មញ្ញសាសនា។ កំពូល​ទាំង១០៨មាន​លក្ខណៈ​តំរៀបស្មើៗគ្នា គឺមាន១២នៅតាម​ថ្នាក់​ទាំង៥ និង៤៤ប្រាង្គ​នៅ​ជាន់​ខាងក្រោម រីឯ​នៅ​កំពូល​ខាងលើ​មាន​ប្រាង្គ៤តំរៀប​តាម​ទិស​នីមួយ ហើយ​ប្រាង្គ​ដែល​ធំជាងគេ​មួយ​នៅ​ចំ​កណ្ដាល​កំពូល​ខាងលើ។ ប្រាង្គ​ទាំងអស់​មាន​សភាព​ទ្រុឌទ្រោម ដួលរលំ​អស់​មួយចំនួនធំ​ហើយ ជាពិសេស​ប្រាង្គ​កណ្ដាល​ដែល​ធំជាងគេ បាន​បាក់​នៅសល់​តែមួយ​កំណាត់​ប៉ុណ្ណោះ។

ប្រាង្គ​ទាំង១២នៅតាម​ថ្នាក់​ទាំង៥តំណាងឱ្យ​សត្វ​ទាំង១២នៃ​វដ្ត​ឆ្នាំ ហើយ​ប្រាង្គ​ទាំង១០៨ ជា​និម្មិត​រូប​នៃ​ចន្លោះពេល​ច័ន្ទ​គតិ​ទាំង៤ ដែល​រយៈពេលនីមួយៗមាន២៧ថ្ងៃ។ ហើយ​នៅតាម​ទិសនីមួយៗគេ​អាច​មើលឃើញ​ប្រាសាទភ្នំបាខែង​នេះ​មាន​កំពូល​ តែ៣៣ប៉ុណ្ណោះ ដែល​តំណាងឱ្យ​ទេព្តា​ទាំង៣៣អង្គ​នៅក្នុង​លទ្ធិព្រាហ្មណ៍។ ភ្នំ​នេះ​នៅក្នុង​សិលាចារឹក​ឈ្មោះថា​ជា​ភ្នំ​កណ្ដាល​ទំនង​ដោយ សារ​តែ​ភ្នំ​នេះ​ឋិត​នៅ​ចំ​កណ្ដាល​ទីក្រុង​យ​សោធ​បុ​រៈ និង​ឋិត​នៅ​ចំ​កណ្ដាល បើ​ធៀប​ទៅនឹង​ប្រាសាទភ្នំ​ពីរ​ទៀត​គឺ​ភ្នំ​ក្រោម និង​ភ្នំ​បូក​ដែលជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ទ្រង់​យ​សោ​វរ្ម័ន​ដូចគ្នា។ ជណ្ដើរ​ឡើងទៅ​លើ​នៃ​ប្រាសាទ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ប្រមាណ ៧០អង្សា​សេ ដែល​នៅតាម​ថ្នាក់នីមួយៗមាន​សត្វ​តោ​ឈរ​យាមផ្លូវ។

ប្រាសាទ​មាន​កំពែង​ធ្វើ​ពី​ថ្មបាយក្រៀម​ព័ទ្ធជុំវិញ​ដែលមាន​គោ​បុ​រៈ ក្រៅពីនេះ​នៅមាន​កូន​ប្រាសាទ​នៅ​ពី​ខាងជើង​តម្កល់​លិង្គ​ពីរ និង​មាន​បណ្ណាល័យ​ពីរ​ផងដែរ។សូមបញ្ជាក់ថា ​កាលដើមឡើយ​នៅ​ប្រាង្គ​កណ្ដាល​ដែល​ខ្ពស់​ជាងគេ​មាន​ខ្លោងទ្វារ​ទាំង៤ទិស​មាន ​តម្កល់​សិវលិង្គ ហើយ​មាន​សិលាចារឹក​នៅលើ​មេ​ទ្វារ​ខាងជើង។ រីឯ​នៅតាម​តួ​ប៉ម​ប្រាង្គ​ទាំង៤ខាងលើ​វិញ​ក៏មាន​តម្កល់​សិវលិង្គ​ដូចគ្នា​ ផងដែរ ប៉ុន្តែ​ប្រាង្គទាំង​នោះ​​មាន​ទ្វារ​តែ២នោះទេ៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់