តើគម្ពីរ​ស្លឹករឹតគឺជាអ្វីទៅ?


ចុះផ្សាយ៖ ថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៨:១២នាទី

របៀប​ធ្វើ​គម្ពីរ​ស្លឹករឹត

គម្ពីរ​នេះ កើត​មាន​នៅ​ប្រទេស​កម្ពុជា អស់​កាល​យូរ​លង់​ហើយ ។ តាំង​ពី​មាន​ព្រះ​ពុទ្ធសាសនា ផ្សាយ​ចូល​មក​ដល់​ប្រទេស​កម្ពុជា​កាល​ណា គេ​ឃើញ​មាន​គម្ពីរ​ស្លឹករឹត តាំង​ពី​ពេល​នោះ​មក ។ ក្នុង​សម័យ​ដើម, ព្រះ​ពុទ្ធ​វចនៈ ទាំង​ព្រះ​វិន័យ ព្រះ​អភិធម្ម ទាំង​បាលី សម្រាយ​ក្ដី ក្បួន​ហោរាស្ត្រ តម្រា សម្រាប់​ទស្សន៍ទាយ​ក្ដី ច្បាប់​ផ្សេង ៗ សម្រាប់​គ្រប់គ្រង​ប្រទេស មាន​ច្បាប់ “ ជ័យជេដ្ឋា” ជាដើម​ក្ដី នៅ​ក្នុង​ប្រទេស​កម្ពុជា សុទ្ធ​តែ​គេ​ចារ​ចុះ​លើ​ស្លឹករឹត ឬ ក្រាំង​ទាំងអស់ ដោយ​គេ​និយម​ថា​ជា​ថា​វរ​វត្ថុ​ជាប់​រឹងមាំ តម្កល់​ទុក​បាន​យូរ​អង្វែង ។ឯ​របៀប​ដែល​ធ្វើ​ស្លឹករឹត​អោយ​បាន​ចារ​ជា​ អក្សរ កើត​មាន​ដូច​តទៅ​នេះ

ក- មុន​ដំបូង​ស្វែង​រក​ដើម​ស្លឹករឹត

ស្លឹក​រឹត ជា​រុក្ខជាតិ​ព្រៃ ដុះ​នៅ​លាយឡំ​ជា​មួយ​នឹង​ឫស្សី និង​រុក្ខជាតិ​ផ្សេង ៗ ជា​រុក្ខជាតិ​មាន​តែ​ដើម ធាង ស្លឹក ដុះ​ចេញ​មក​ជា​កំពូល​ប៉ុណ្ណោះ គ្មាន​មែក​ទេ (សម្បូរ​ជាង​គេ​នៅ​ខេត្ត​ក្រចេះ) ។ កាល​ណា​គេ​ត្រូវ​ការ​ប្រើប្រាស់ គេ​កាប់​យក​តែ​កំពូល​របស់​វា មក​កាត់​ជា​បី​កំណាត់
– កំណាត់​ខាង​គល់ គេ​យក​ទ្រនុង​ចេញ, ទ្រនុង​យក​ទៅ​ធ្វើ​ជា​ខ្នួច ឬ​ចំណង​ផ្សេង ៗ រី​ស្លឹក គេ​យក​ទ្រនុង​របស់​វា​មក​ដេរ​ភ្ជាប់​ធ្វើ​ជា​រនាំង សម្រាប់​បាំង ឬ ប្រក់ ។
– កំណាត់​ខាង​កណ្ដាល ធ្វើ​ជា​ស្លឹក​រឹត សម្រាប់​ចារ ឬ​សរសេរ​អក្សរ​ជា​គម្ពីរ ឬ​ក្បួន​ច្បាប់​ផ្សេង ៗ ពីព្រោះ​វា​ស្មើ មិន​រៀវ មិន​ក្រាស់ – ស្ដើង ។
– កំណាត់​ខាង​ចុង គេ​ដេរ​ភ្ជាប់​ដោយ​ទ្រនុង​របស់​វា​ធ្វើ​ជា​ភ្ជល់ ។
ចំពោះ​ស្លឹករឹត ដែល​គេ​យក​មក​ចារ​ជា​អក្សរ ចារឹក​ជា​គម្ពីរ ឬ​ក្បួន​ច្បាប់​ផ្សេង ៗ, មុន​ដំបូង គេ​ត្រូវ​យក​ស្លឹករឹត​ទៅ​សក សក​អោយ​អស់​ទ្រនុង ចៀរ​អោយ​ស្មើ យក​ទៅ​ហាល​ថ្ងៃ​អោយ​ស្ងួត រួច​ហើយ​យក​ទៅ​ហាល​សន្សើម​ពេល​យប់ ដើម្បី​អោយ​វា​លាក​ត្រង់​មក​វិញ ។ រួច​គេ​ធ្វើ​ប្រដាប់​សម្រាប់​ចោះ​ប្រហោង ២ លែ​ជា ៣ ភាគ ចម្ងាយ​ពី​គ្នា ២០ សង្ទីម៉ែត្រ ចោះ​ប្រហោង ២ ចម្ងាយ​ពី​គ្នា​ដូច​ស្លឹករឹត​ដែរ យក​ឆ្អឹង​ឆត្រ ១ គូ សម្រួច​អោយ​ត្រង់ ដោត​នៅ​ប្រហោង​ក្រប​ខាង​ក្រោម រួច​យក​ស្លឹករឹត​ដែល​ចោះ​ប្រហោង ២ ហើយ ទៅ​ចុះ​ស៊ក​ចំ​ដែក​ស្រួច​ទាំង ២ ។ លុះ​ស៊ក​បាន ចំនួន ២០០ សន្លឹក​ហើយ ត្រូវ​យក​ក្រប​មួយ​ទៀត ទៅ​ដាក់​ពី​លើ ស៊ក​អោយ​ចំ​ប្រហោង​ទាំង​ពីរ រួច​បញ្ចូល​ទៅ​ក្នុង​ផ្នោះ – ឃ្នាប ។ ផ្នោះ​នោះ គេ​ធ្វើ​ដោយ​ឈើ​មាន​ខ្លឹម រឹង មាន​ប្រហោង​ទាំង​ពីរ​ខាង ទំហំ​ល្មម​ដាក់​ស្លឹករឹត​ចូល បណ្ដោយ​ក៏​ប្រវែង​ស្លឹករឹត​ដែរ ។ លុះ​បញ្ចូល​ទាំង​ស្លឹករឹត ទាំង​ក្រប​ហើយ គេ​រឹត​ដោយ​ដែក​អង្គំ ឬ ស្នៀត​អោយ​ណែន​រឹង​ដូច​ឈើ រួច​ហើយ​ផ្ដេក​ផ្នោះ​ច្រឹប​ស្លឹករឹត​ដែល​លើស​ចោល​ទុក​ត្រឹម​តែ​ប្រវែង ៥៥ សង់ទីម៉ែត្រ រួច​យក​ដែល​ឈូស​ដ៏​មុត ឈូស​អោយ​ស្មើ​បណ្ដោះ​អាសន្ន​ទើប​ដោះ​ចេញ​ពី​ផ្នោះ យក​ខ្សែ​ទ្រនុង​រឹត​មក​ចង​បណ្ដោះ​អាសន្ន​រួច​យក​ទៅ ឆ្អើរ​ភ្លើង ឆ្អើរ​ល្មម​ហើយ​ទើប​បក​ពង្រាយ​យក​ទៅ​វាយ​បន្ទាត់ ជា ៥ ឬ តាម​តែ​លៃលក ។

ខ- របៀប​វាយ​បន្ទាត់

មុន​នឹង​ចារ គេ​ត្រូវ​វាយ​បន្ទាត់​លើ​ស្លឹករឹត​ជា​មុន​សិន ទើប​ចារ​ទៅ​វា​ត្រង់ ។ ឯ​របៀប​វាយ​បន្ទាត់ ដូច​ខាង​ក្រោម​នេះ៖
គេ​យក​ឈើ​បន្ទះ​ទំហំ​ ទោល ២ សង់ទីម៉ែត្រ បន្ទារ ៣ សង់ទីម៉ែត្រ ឈូស​អោយ​ស្អាត យក​មក​វាយ​ជា​ផ្នោះ​រាង​បួន​ជ្រុង​ទ្រវែង បណ្ដោយ​ប្រវែង ៧០ សង់ទីម៉ែត្រ ទទឹង​ប្រវែង ២០ សង់ទីម៉ែត្រ អោយ​រឹងមាំ រួច​អារ – ក្រិត ៦ គំនូស​ឃ្លាត​ពី​គ្នា ១ សង់ទីម៉ែត្រ ។ នៅ​ចុង​សងខាង​ផ្នោះ ត្រូវ​ចោះ​ប្រហោង​ទាំង ២ ខាង​អោយ​ធំ ខាង​ដើម​មាន ៦ ខាង​ចុង​មាន​តែ ១ យក​ឫស្សី​បិត​អោយ​មូល​ស្អាត ធ្វើ​របួត​ស៊ក​ចូល​ក្នុង​ប្រហោង​នៅ​ចុង​សងខាង​ផ្នោះ​នោះ រួច​យក​ខ្សែ​អំបោះ​ដែល​គេ​វេញ​អោយ​រឹងមាំ អោយ​ឆ្មារ​ល្មម​ធ្វើ បន្ទាត់​បាន ទៅ​ចង​របួត​ម្ខាង​ដែល​មាន​តែ ១ រួច​យក​ចុង​ខ្សែ​ម្ខាង​ទៀត​ទៅ​ចង​នឹង របួត​ទាំង ៦ ដែល​នៅ​ចុង​ផ្នោះ​ម្ខាង​ទៀត ។ គេ​ចង​របៀប​នេះ ដើម្បី​ងាយ​រឹត​ខ្សែ​ទាំង ៦ អោយ​តឹង​ស្មើ​គ្នា ។ បើ​ខ្សែ​ណា​មួយ​ធូរ គេ​រឹត​តែ​របួត​ដែល​ចង​ខ្សែ​នោះ ។ គេ​ដាក់​ខ្សែ​នីមួយ ៗ អោយ​ចំ​កម្រិត​ដែល​អារ​អង្កន់​ជា​ស្នាម រួច​យក​ធ្យូង​យ៉ាង​ខ្មៅ មក​បុក​អោយ​ម៉ដ្ឋ​លាយ​ជា​មួយ​ទឹក​អោយ​ខាប់ យក​ស្រកី​ដូង​ដំ​អោយ​ទក់​ជ្រលក់​ទៅ​នឹង​ទឹក​ធ្យូង រួច​លាប​ខ្សែ​បន្ទាត់​ទាំង ៦ កូត​ទៅ​កូត​មក អោយ​សព្វ រួច​យក​ស្លឹករឹត ទៅ​ដាក់​តម្រៀប​លើ​ក្ដារ​ស្មើ រៀប​អោយ​ត្រឹម​លើ​ខ្សែ​បន្ទាត់ ទាំង​ផ្នោះ​ដាក់​ទទឹង​ស្លឹករឹត​ខាង​ដើម​ខាង​ចុង លៃ​ទុក ៤ សង់ទីម៉ែត្រ វាយ​បន្ទាត់ ១ ទុក​ជា​ខ្នាត​សិន រួច​ហើយ​ទើប​ចាប់​វាយ​បណ្ដោយ​ស្លឹករឹត ៥ បន្ទាត់ ឬ ៦ បន្ទាត់ តាម​តែ​ពេញ​ចិត្ត ។

គ- របៀប​ចារ​អក្សរ

មុន​នឹង​ចារ ត្រូវ​មាន​ឧបករណ៍ ៣ គឺ​
១- ឈើ​ទ្រនាប់ ឈើ​ទ្រនាប់​សំប៉ែត​ប្រវែង ៣០ សង់ទីម៉ែត្រ បន្ទារ​ប៉ុន​ស្លឹករឹត ឈូស​អោយ​ស្អាត យក​សាច់​សំពត់​ដេរ​ស្រោប​ពី​ក្រៅ ដើម្បី​ចារ​ទៅ​ទន់​ផង ទប់​កុំ​អោយ​រអិល​ផង ។
២- ស្នាប់​ដៃ ស្នាប់​ដៃ​ធ្វើ​ដោយ​ស្លឹករឹត ១ សន្លឹក រង្វង់​ប៉ុន​ឈើ​ទ្រនាប់​សម្រាប់​ស្រោប​ពី​លើ​ឈើ​ទ្រនាប់ រួច​ច្រក​ស្លឹករឹត​ចូល​ក្នុង​ស្នាប់​ដៃ ដើម្បី​ចារ​ទៅ​កុំ​អោយ​រអិល ។
៣- ដែក​ចារ ដែល​ចារ​ដង​ឈើ​មូល ស្រួច​ដើម​ស្រួច​ចុង គេ​បង្កប់​ដែក​ទាំង​ពីរ​ខាង សំលៀង​នឹង​ថ្ម​អោយ​មូល – មុត ។ (គេ​ច្រើន​យក​ម្ជុល​ដេរ​យន្ត​ខាង​គល់ ពីព្រោះ វា​រឹង​មុត​ស្អាត​ល្អ) ។
ចាប់​ផ្ដើម​ចារ ត្រូវ​យក​ស្លឹករឹត​មួយ​សន្លឹក​ម្ដង បញ្ចូល​ក្នុង​ស្នាប់​ដៃ​ដាក់​ស្នាប់​ដៃ​នៅ​ខាង​លើ​បង្គាប​មេ​ដៃ​ខាង​ឆ្វេង យក​ដែក​ចារ​កាន់​ដៃ​ខាង​ស្ដាំ ដាក់​សង្កត់​លើ មៃ​ដៃ ខាង​ឆ្វេង​លៃ​អោយ​ល្មម​ទើប​ចាប់​ផ្ដើម​ចារ​តទៅ ចារ​ម្ខាង​អស់​ហើយ ត្រឡប់ ចារ​ម្ខាង​ទៀត ។ ចុះ​លេខ​រៀង​នៅ​ដើម​សន្លឹក​ជួន​កាល​គេ​ប្រើ​ជា​អក្សរ ។

ឃ- របៀប​លុប​អក្សរ

កាល​ណា​គេ​ចារ​អក្សរ​ឡើង​ស្លឹករឹត​ហើយ គេ​លែង​ហៅ​ថា ស្លឹករឹត​ទៀត​ហើយ គឺ​ហៅ​ថា “ សាស្ត្រា” វិញ ។ ចារ​ហើយ​ត្រូវ​លុប​អក្សរ​ទៀត ទើប​មើល​បាន ។

លុះ​អក្សរ គឺ​ធ្វើ​អក្សរ​អោយ​មើល​ឃើញ​ច្បាស់ ។ គេ​ត្រូវ​រក​ធ្យូង​ម្រែង​ភ្លើង​យ៉ាង​ខ្មៅ លាយ​ជា​មួយ​ជ័រ​ទឹក​យ៉ាង ថ្លា​កូរ​អោយ​ចូល​គ្នា​សព្វ រួច​យក​សាច់​ក្រណាត់​មក​ចង​ជា​កញ្ចប់​ជ្រលក់​ក្នុង​ទឹក​ខ្មៅ យក​ជូត​អក្សរ​លើ​ស្លឹករឹត ជូត​អោយ​ពេញ​ទាំងអស់ ទោះ​ជា​ស្លឹករឹត​ទទេ​ក៏​ដោយ ។ ជូត​សព្វ​ហើយ ត្រូវ​យក​ដី​ខ្សាច់​ល្អិត​ម៉ត់​ស្អាត ទៅ​បាច​លើ​ស្លឹករឹត រួច​យក​ក្រណាត់​ទៅ​ជូត ដៃ​ម្ខាង​ទ្រាប់​ក្រណាត់​ទាញ​ស្លឹក​សាស្ត្រា ដៃ​ម្ខាង​ទៀត​ទ្រាប់​ក្រណាត់​ទប់ ។ ធ្វើ​ដូច្នេះ ទាល់​តែ​អស់​ជ័រ​ទឹក​ស្អាត​រលីង រួច​យក​ទៅ​ហាល​ថ្ងៃ​អោយ​ស្ងួត​ស្រួល ទើប​ប្រមូល​យក​មក​តម្រៀប​ស្លឹក​តាម​លេខ​ទំព័រ មួយ​កណ្ឌ​ម្ដង ៗ ដរាប​ដល់​ចប់ ១ គម្ពីរ រួច​ហើយ រៀបចំ​ឈូស​ដុស​ខាត់ អោយ​ស្អាត ដើម្បី​ទឹប​មាស ។

ង- របៀប​ឈូស​សម្អាត

លុះ​ដល់​អក្សរ​មើល​ឃើញ​ច្បាស់​ហើយ គេ​ត្រូវ​ឈូស ដុស​ខាត់​អោយ​ស្អាត​សម្រេច ដើម្បី​ទឹប​មាស ។ មុន​ដំបូង គេ​ត្រូវ​ឈូស​ឈើ​ធ្វើ​ក្រប ២ ទៀត សម្រេច​មាន​ទំហំ​ ប្រវែង ៥៥ សង់ទីម៉ែត្រ បន្ទារ ៥,៥ សង់ទីម៉ែត្រ ទោល ២ សង់ទីម៉ែត្រ ២ បន្ទះ ចោះ​ប្រហោង ២ ដូច​មុន រួច​យក​ទ្រនុង​រឹត​យ៉ាង​រឹងមាំ ១ គូ បិត​អោយ​មូល​ស្អាត សម្រួច​ចុង​ដោត​ក្នុង​ប្រហោង​ក្រប​ខាង​ក្រោម​បញ្ឈរ​ឡើង​រួច​យក​ស្លឹក​ទទេ​ ពីរ​សន្លឹក​សិន ទើប​ស៊ក​ស្លឹក​ដែល​មាន​អក្សរ​ជា​បន្ត​បន្ទាប់​ដល់​ចប់ លុះ​ចប់​ហើយ ត្រូវ​ស៊ក​សន្លឹក​ទទេ ២ សន្លឹក​ទៀត រួច​ទើប​បញ្ចូល​ទៅ​ក្នុង​ផ្នោះ រឹត​អោយ​ណែន​រឹង​ដូច​ឈើ សំលៀង​ដែក​ឈូស​អោយ​មុត​ស្មើ ឈូស​អោយ​ស្មើ​នឹង​ក្រប​ទាំង​ពីរ​ខាង យក​ក្រដាស​ខាត់​សាច់​ល្អិត ខាត់​អោយ​ឡើង​រលោង រួច​ហើយ​ទើប​យក​ទឹក​ម្រ័ក្សណ៍​យ៉ាង​ថ្លា លាប​ពេញ​ទាំងអស់ យក​ទៅ​ហាល​ថ្ងៃ​មួយ​ស្របក់​ធំ រួច​យក​ជាតិ​ហិង្គុល​ពណ៌​ក្រហម បុក​អោយ​ម៉ដ្ឋ លាយ​ដោយ​ម្រ័ក្សណ៍ លាប​ពី​លើ​ម្រ័ក្សណ៍​ទៀត ទុក​អោយ​ស្ងួត​ល្អ ទើប​ចាប់​ផ្ដើម​ទឹបមាស ។

ច- រៀប​ទឹបមាស

មុន​ដំបូង គេ​វាស់​ចែក​សាស្ត្រា​ជា​បី​ភាគ​ស្មើ​គ្នា ភាគ​ខាង​ដើម និង​ខាង​ចុង​គេ​ទឹបមាស ភាគ​កណ្ដាល គេ​ទុក​នៅ​ជា​ជាតិ​ហិង្គុល​ក្រហម​ដដែល ។ មុន​នឹង​ទឹប គេ​យក​មើម​ខ្ទឹម​ស ទៅ​មុខ​អោយ​ល្អិត​ម៉ដ្ឋ​ខៃ យក​ស្បៃ​មុង​ទៅ​ខ្ចប់ រួច​ជូត​អោយ​សព្វ ទើប​យក​មាស​សន្លឹក​សុទ្ធ ទៅ​បិទ​ពី​លើ​អោយ​រាប​ស្មើ​ល្អ មួយ​សន្លឹក​ម្ដង ៗ រួច​ហើយ​គ្រប​អោយ​ជិត​ចំនួន ៧ ទៅ ១០ ថ្ងៃ ទើប​បក​រំគាយ​សន្លឹក​ចេញ រៀបចំ​ស៊ក​ខ្សែ​មួយ​កណ្ឌ​ម្ដង ៗ ។

ឆ- របៀប​ធ្វើ​ខ្សែ​សាស្ត្រា

ខ្សែ​សាស្ត្រា គេ​ធញវើ​ដោយ​អំបោះ​ស្លាត់ ដែល​មាន​ជាតិ​រលោង – ទន់ គេ​យក​ទៅ​ជ្រលក់​អោយ​មាន​ពណ៌​ផ្សេង ៗ រួច​ក្រង​ចាក់​ជា​កន្ទុយ​កណ្ដុរ ៤ ឬ ៥ ធ្លុង រឹត​អោយ​ណែន ម្ខាង​ទៀត​ទុក​អោយ​មាន​កន្ទុយ​រំភាយ ។ រួច​ហើយ​យក​ខ្សែ​ទៅ​ដោត​នៅ​ប្រហោង​ស្លឹក​សាស្ត្រា​ខាង​ឆ្វេង​តែ​មួយ​ទេ ប្រហោង​ខាង​ស្ដាំ​ទុក​ចោល ។ មុន​ដំបូង ត្រូវ​ដោត​ស្លឹក​ចំណង​ជើង បន្ទាប់​មក ស្លឹក​ទទេ ២ សន្លឹក​ទៀត ស្លឹក​ដែល​មាន​អក្សរ ខាង​ចុង​បំផុត ស្លឹក​ទទេ ២ សន្លឹក​ទៀត រួច​បញ្ចូល​កន្ទុយ​ខ្សែ​ក្នុង​កន្លះ រឹត​អោយ​ស្មើ​គ្រប់​កណ្ឌ ។ លុះ​ចប់​មួយ​គម្ពីរ​ហើយ ត្រូវ​តម្រៀប​ពី​កណ្ឌ​ទី ១ ដល់​ចប់ រួច​យក​ក្រប​ទាំង​ពីរ ដាក់​គាប​គ្នា យក​ខ្សែ​អំបោះ​វេញ​អោយ​តឹង ២ ខ្សែ ដែល​ម្ខាង​មាន​កន្លុះ​ស៊ក​កន្ទុយ​ខ្សែ​ក្នុង​កន្លុះ ទាំង​ពីរ​ឆ្វេង​ស្ដាំ ព័ទ្ធ ២ – ៣ ជុំ រឹត​អោយ​ណែន​ស្មើ​គ្នា​ចង​អោយ​ជាប់ រួច​ហើយ​យក​សំបក​គម្ពីរ​មក​រុំ ។

ជ- របៀប​ធ្វើ​សំបក​គម្ពីរ

សំបក​គម្ពីរ ជា​គ្រឿង​ប្រដាប់​ខាង​ក្រៅ គេ​ធ្វើ​សម្រាប់​រុំ​ការពារ​គម្ពីរ​ខាង​ក្នុង​អោយ​ល្អ​ស្អាត ស្ថិតស្ថេរ​បាន​យូរ ។ គ្រឿង​ប្រដាប់​នេះ គេ​ថ្វើ​ដោយ
– ដំបូង គេ​យក​ទ្រនុង​រឹត​រើស​យក​តែ​រឹង ៗ មក​កាត់​ប្រវែង​គម្ពីរ បិត​អោយ​ស្មើ​ស្អាត យក​អំបោះ​មក​វេញ​ធ្វើ​ខ្សែ​កម្រង ក្រង​អោយ​ញឹក អោយ​បាន​ទំហំ​ធំ​ជាង​គម្ពីរ ៣ ដង ។
– យក​សាច់​ក្រណាត់​ស​ស្ងាត ទៅ​ដេរ​ស្រោប​កម្រង​ទ្រនុង រឹត​ទុក​ជាយ​ទាំង​ពីរ​ខាង ប្រវែង​ល្មម​បត់​មក​ទល់​គ្នា ឬ លើស​បន្តិច​ក៏​បាន ។
– យក​សាច់​សំពត់​ល្អ​មាន​ពណ៌​ផ្សេង ៗ ឬ ហូល ។ល។ ស្រេះ​អង្កាំ​ខ្លះ​ផង​ក៏​មាន រុំ​ពី​ខាង​ក្រៅ​ទៀត ។
– មាន​ខ្សែ​ដែល​ដេរ​ដោយ​សាច់​សំពត់​ល្អ – សំប៉ែត​ប្រហែល​ជា ១ សង់ទី​ម៉ែត្រ ប្រវែ​ជាង ១ ម៉ែត្រ ដេរ​ភ្ជាប់​ទៅ​នឹង​សាច់​សំពត់​ខាង​ក្រៅ សម្រាប់​រុំ កុំ​អោយ​រាត់រាយ ។

ថ្ងៃ​ទី ៣១ ខែ ឧសភា ឆ្នាំ១៩៩៤
រៀបរៀង​ដោយ៖​ សម្ដេច​ព្រះ​មង្គល​ទេពាចារ្យ អ៊ុម ស៊ុម​ អគ្គាធិការ​នៃ​ពុទ្ធិក​សិក្សា ចៅអធិការ​វត្ត​មហាមន្ត្រី រាជធានី ភ្នំពេញ

Loading…


ចំណាត់ក្រុម៖
មតិយោបល់