ការពិត​ ៧​យ៉ាងរ​បស់​ទារក​ទើបនឹង​កើត​ដែល​អ្នក​មិនដែល​បាន​ដឹង


ចុះផ្សាយ៖ ថ្ងៃទី ២០ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៥:២២នាទី

យើង​នឹងមាន​ស្នាមញញឹម​ នៅពេល​បានឃើញ​កូន​ទើបនឹង​កើត​ចេញមក​។​ ទារក​មាន​ស្បែកទន់ល្មើយ​ និង​បរិសុទ្ធចិត្ត​ អាច​ធ្វើឱ្យ​មនុស្សម្នាក់​ចង់​ឱប​គេ​ពេញ​មួយថ្ងៃ​។​ ឪពុកម្តាយ​ធ្វើ​គ្រប់បែបយ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅបាន​ ដើម្បី​ឱ្យ​ប្រាកដថា​ កូន​ទទួលបាន​ការ​មើលថែ​យ៉ាងល្អបំផុត​។​ឪពុកម្តាយ​អនុវត្តតាម​ការទូន្មាន​ពី​អ្នកជំនាញ​ និង​ចាស់ៗ​ ពួកគាត់​ទិញ​សៀវភៅណែនាំ​ដែលអាច​ជួយ​បង្រៀន​ពី​ការមើលថែទាំ​កូន​ឱ្យបាន​ប្រសើរ​។

ភាពប្រុងប្រយ័ត្ន​ និង​ការយកចិត្តទុកដាក់បំផុត​ ជា​រឿង​មួយ​សំខាន់​ណាស់​ នៅពេល​មើលថែ​ទារក​ទើបនឹង​កើត​ ព្រោះ​ទារក​ងាយនឹង​រងគ្រោះ​ ហើយ​សរីរាង្គ​របស់គេ​ពុំទាន់បាន​លូតលាស់​ពេញលេញ​នៅឡើយ​។​ លើសពីនេះទៀត​ ប្រព័ន្ធភាពស៊ាំ​របស់​ទារក​នៅខ្សោយ​ ធ្វើឱ្យ​គេ​ងាយនឹង​កើត​ជំងឺ​ផ្សេងៗ​។

ដូច្នេះ​ នាមជា​ឪពុកម្តាយ​ យើង​ត្រូវតែ​ដឹង​គ្រប់យ៉ាង​តាម​ដែលអាច​ ពី​វិធី​មើលថែទាំ​កូន​ឱ្យ​បានល្អ​។​ សូម្បីតែ​កំហុសឆ្គង​តិចតួច​ ក្នុងពេល​មើលថែ​ទារក​ក៏​អាច​បណ្តាលឱ្យ​គេ​ជួបនឹង​ផលវិបាក​ដល់​ស្លាប់​ដែរ​។ តើ​អ្នក​ធ្លាប់​បានដឹង​ទេថា​ មាន​រឿង​ចម្លែក​មួយចំនួន​ ការពិត​ដែល​គួរឱ្យ​ចាប់អារម្មណ៍​អំពី​ទារក​ ដែល​វេជ្ជបណ្ឌិត​មិនដែល​ប្រាប់​ដល់​អ្នក​?

ការពិត​ទី​ ១៖ នៅពេល​ទារក​​ទើបនឹងកើត​យំ​ ពួកគេ​មិន​សម្រក់​ទឹកភ្នែក​ទេ​។​ នេះ​ដោយសារតែ​ពួកគេ​មិនទាន់​មាន​បំពង់​បង្ហូរ​ទឹកភ្នែក​ ទាល់តែ​ពួកគេ​មាន​អាយុ​ ១២​សប្តាហ៍​ទើបមាន​។

ការពិត​ទី​ ២៖ ទារក​ទើបនឹង​កើត​មាន​ញាណ​រសជាតិ​យ៉ាងល្អ​ ពួកគេ​អាច​ដឹងពី​រសជាតិ​ផ្អែម​ ចត់​ និង​សូម្បីតែ​អាហារហិល​ លើកលែង​តែ​ប្រៃ​។​

ការពិត​ទី​ ៣៖ ទារក​ទើបនឹង​កើត​មិនទាន់​មាន​ក្បាលជង្គង់​ ឬ​ឆ្អឹងខ្ចី​ជុំវិញ​ក្បាលជង្គង់​ទេ​ ព្រោះ​តាមធម្មតា​ ឆ្អឹងខ្ចី​នឹង​កើតឡើង​ នៅពេល​ទារក​បាន​អាយុ​ ១​ខួប​។

ការពិត​ទី​ ៤៖ ទារក​ទើបនឹង​កើត​មាន​ឆ្អឹង​ប្រហែល​ ៣០០​ក្នុង​រាងកាយ​របស់​គេ​ ស្របពេល​ដែល​មនុស្ស​ពេញវ័យ​មាន​ត្រឹមតែ​ ២០៦​ប៉ុណ្ណោះ​។​ នៅពេល​ទារក​ធំឡើង​ ឆ្អឹង​ជាច្រើន​នឹង​រលាយ​ចូលគ្នា​ ធ្វើឱ្យ​ចំនួន​ឆ្អឹង​ត្រូវ​ថយចុះ​។​

ការពិត​ទី​ ៥៖ លើ​ដងខ្លួន​ទារក​ពេញ​ទៅដោយ​ស្រទាប់​រោម​សរសៃឆ្មា​តូចៗ​ជាច្រើន​ ដែលជា​ក្តីព្រួយបារម្ភ​របស់​ឪពុកម្តាយ​។​ តែទោះបីជាយ៉ាងណា​ ស្រទាប់រោម​នេះ​ជា​រឿង​មួយ​ធម្មតា​ កើតឡើង​តាំងពី​ពេល​ទារក​នៅក្នុង​ស្បូន​មកម្ល៉េះ​ ដើម្បី​ជួយ​ទប់ទល់​នឹង​សីតុណ្ហភាព​។​

ការពិត​ទី​ ៦៖ ទារក​ភេទស្រី​មួយចំនួន​មករដូវ​។​ ទារក​ទើបនឹង​កើត​ប៉ះនឹង​កម្រិត​អរម៉ូន​អឺសស្ត្រូសែន​ខ្ពស់​ ពេល​នៅក្នុង​ស្បូន​ បណ្តាល​ឱ្យគេ​មាន​លំហូរឈាម​ដំបូង​ ២-៣ដំណក់​ក្នុង​ខោទឹកនោម​ ដែលជា​រឿង​មួយ​ធម្មតា​។​

ការពិត​ទី​ ៧៖ ទារក​ទើបនឹង​កើត​មាន​ទឹកដោះ​ ជា​ករណី​មួយ​ដ៏កម្រ​ ព្រោះ​ពួកគេ​ត្រូវនឹង​អរម៉ូន​ច្រើន​ពេល​នៅក្នុង​ស្បូន​ ធ្វើឱ្យ​ពួកគេ​ផលិត​ទឹកដោះ​បាន​តិចតួច​ ហើយ​បញ្ហា​នេះ​អាច​កើត​ចំពោះ​ទាំង​ក្មេងប្រុស​ និង​ក្មេងស្រី​។​ តែទោះជាយ៉ាងណា​ វា​ជា​រឿងមួយ​ទូទៅ​ បើសិនជា​វា​បាត់​ទៅវិញ​ក្នុង​រយៈពេល​ ២-៣​ថ្ងៃ​ក្រោយពេល​កើត​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់