វិធីចិញ្ចឹមទាយកស៊ុតឲ្យបានផលច្រើន


ចុះផ្សាយ៖ ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៦:២៩នាទី

នេះគឺជាគន្លិះក្នុងការចិញ្ចឹមទាយកស៊ុតឲ្យបានផលខ្ពស់ដោយអ្នកទាំងអស់គ្នាត្រូវគិតពីមេទាជាសំខាន់។ យើងត្រូវជ្រើសរើសមេទាដែលមានសុខភាពល្អអាយុចាប់ពី៥ខែឡើងទៅ ដែលមានទម្ងន់មិនលើសពី១,៥គីឡូក្រាម បន្ទាប់ពីចិញ្ចឹមបានប្រហែល២០ថ្ងៃវានឹងចាប់ផ្តើមពងហើយ។

ការផ្តល់ចំណី៖ ក្នុងមួយថ្ងៃយើងត្រូវដាក់ចំណីឲ្យវាស៊ីចំនួន២ដង ព្រឹក និងល្ងាច ដោយកំណត់ទាមួយក្បាលត្រូវស៊ីអស់ត្រឹម១,៣ខាំ។ ចំណីធម្មជាតិសម្រាប់មេទាមានដូចជា ស្រូវលាយជាមួយនឹងកន្ទក់ ក្បាលបង្គា សត្វខ្យង និងខ្ចៅជាដើម ហើយត្រូវបន្ថែមបន្លែបៃតងឲ្យវាស៊ីដូចជាស្មៅខ្ចី ត្រកួន ស្ពៃជាដើមដែលវាជួយផ្តល់វីតាមីនដល់ទារបស់យើង។

ត្រូវសម្អាតស្នូកសម្រាប់ដាក់ចំណីឲ្យទាស៊ីជាប្រចាំ និងដាក់ចំណីឲ្យបានច្រើនកន្លែងដើម្បីជៀសវាងវាស៊ីចំណីមិនបានស្មើគ្នា។ ត្រូវធ្វើទ្រុងឲ្យបានធំទូលាយ ខ្ពស់ស្រលះ បើធ្វើដំបូលស័ង្កសីត្រូវយកស្លឹកឈើ ឬស្លឹកដូងគ្របពីលើ និងដាក់ស្បៃពីក្រោមដំបូលដើម្បីកាត់បន្ថយកម្តៅ។ ក្នុងទា១០០០ក្បាល យើងត្រូវធ្វើរោងទទឹង១០ម៉ែត្រ បណ្តោយ២០ម៉ែត្រនៅពេលដែលទាកំពុងផ្តល់ស៊ុត អ្នកចិញ្ចឹមត្រូវមានការប្រុងប្រយ័ត្នខ្ពស់ការពារកុំឲ្យវាផ្អើល ដែលបណ្តាលឲ្យវាឈប់បញ្ចេញស៊ុត ឬចំនួនស៊ុតធ្លាក់ចុះ។

ត្រូវកំណត់ឲ្យទាលេងទឹកត្រឹម៥ម៉ោងក្នុងមួយថ្ងៃដោយដាក់ឲ្យវាលេងចាប់ពីម៉ោង១០ព្រឹកទៅ។ ការចិញ្ចឹមបែបធម្មជាតិនេះធ្វើឲ្យទាមានសុខភាពល្អ ស៊ុតក្រហមធំល្អ ស៊ុតមិនសូវមានក្លិនឆ្អាប ហើយវាផ្តល់ស៊ុតបានច្រើន ហើយអ្នកប្រើប្រាស់ទទួលបានអាហារដែលមានសុវត្ថិភាពផងដែរ។ បន្ទាប់ពីចិញ្ចឹមបាន៣ឆ្នាំ យើងត្រូវលក់មេទាទាំងនោះចេញព្រោះវាចាស់ ហើយការផ្តល់ស៊ុតក៏ធ្លាក់ចុះផងដែរ។

វិធីការពារជម្ងឺ៖ ដើម្បីការពារទាកុំឲ្យមានជម្ងឺ និងពុលលាមករបស់វា ដើម្បីការពារកុំឲ្យរោងមានក្លិនមិនល្អដោយសារលាមករបស់វា ឬទឹកជាំយើងត្រូវក្រាលអង្កាមនៅក្រោមរោង ការធ្វើដូចនេះអាចជួយផ្តល់កម្តៅដល់ទា និងអាចយកអង្កាមនេះប្រើប្រាស់ជាជីបានផងដែរ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់