វិធីសាស្ត្រដាំដំណាំខ្ជាយ


ចុះផ្សាយ៖ ថ្ងៃទី ០៥ មីនា ឆ្នាំ២០១៧ ម៉ោង ០៨:១៣នាទី

ខ្ជាយ​ជា​ដំណាំ​មើម ដែល​គេ​ត្រូវការ​វា ជំនួយ​ក្នុង​គ្រឿងផ្សំ សម្រាប់​មុខម្ហូប​មួយ​ចំនួន។ ខ្ជាយ​មាន​ការ​ជួញដូរ និង​ដាំ​ដុះ​ច្រើន នៅ​តំបន់​ជាប់មាត់​ទន្លេ ជា​តំបន់​មាន​ដី​ល្បប់​ល្អ។

ការរៀបចំដីដាំ៖
ដំណាំ​ខ្ជាយ ត្រូវ​ដាំ​ក្រោយពេល​ស្ទូង​រួច ហើយ​វា​ក៏​ជា​ប្រភេទ​ដំណាំ​ងាយ​ដាំ ងាយ​ថែទាំ ហើយ​រហ័ស​ប្រមូល​ផល។ មុន​ដាំ​ខ្ជាយ ត្រូវ​រើស​រក​កន្លែង​ដី​ស្ងួត កុំ​ឲ្យ​ដក់​ទឹក​ឬ​ជាំ​ទឹក ត្រូវ​លើកជា​រង​សម្រាប់​ដាំ។ ដី​ត្រូវ​ភ្ជួរ ឬ​កាប់​ដី ឲ្យ​បាន​ជម្រៅ ចាប់ពី​២​ទៅ​៣​តឹក រួច​បំបែក​ដី​ឲ្យ​ម៉ត់​ល្អ ពង្រាប​ដី​ឲ្យមាន​ខ្យល់​ចេញចូល ឬ​ហៅថា​ដី​ធូរ ដើម្បី​ឲ្យ​ដើមបែក​ច្រើន ហើយ​ក្នុង​ដើម​នីមួយៗ នឹង​ផ្ដល់​មើម​ច្រើន​។ ត្រូវ​លើក​ជា​រង ឲ្យ​បាន​កម្ពស់​៣​តឹក កាយ​យក​ក្បាល​រង ទទឹង​១​ម៉ែត្រ បណ្ដោយ តាម​ទំហំ​ដី ដែល​អាច​ដាំ​បាន។

វិធីក្នុងការដាំ៖
ប្រសិនបើ​យើងចង់ ទុក​ឲ្យ​វា​ផ្ដល់​ផល​បាន​យូរ​ខែ ត្រូវ​យក​មើម​ដែល​ចាស់ ទៅ​បណ្ដុះរួច​ដក​យក​កូន​ទៅ​ដាំ។ ការដាំ​ខ្ជាយ ការ​ដាំ​កូន ត្រូវ​ទុក​គម្លាត ពី​ដើម​មួយ​ទៅ​មួយ ចម្ងាយ​៣​តឹក ដើម្បី​ឲ្យ​វា​បែក​គុម្ព​ច្រើន ហើយ​វា​នឹង​ផ្ដល់​មើម​ក៏​ច្រើន​ដែរ តាម​ដើម​នីមួយៗ។

ការថែទាំ៖
ការថែទាំ​ដំណាំ​ខ្ជាយ ចាំ​បាច់​ត្រូវ​ថែម​ជី នៅ​ពេល​ដាំ​វា បាន​២​ទៅ​៣​ខែ ជា​ពេល វា​កំពុង​បែក​គុម្ព និង​ជា​ពេល​ដែល​វា​នឹង បែក​មើម​ច្រើន។ ការ​ថែទាំ​បោច​ស្មៅ និង​ជ្រំដី ហើយ​ពូន​គល់​វា ដើម្បី​ឲ្យ​ដី​ធូរ ជា​ការ​ថែទាំ​ដែល​ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​ចបជីក រុក​ទៅ​ប៉ះ​គល់ ក្រោម​ស្លឹក ព្រោះ​វា​ជា​ដំណាំ​មើម។ ការថែទាំ​មួយទៀត កុំ​ឲ្យ​ជ្រូក ឈ្មុស​រង និង គោ​ស៊ី​ស្លឹក​វា។ ខ្ជាយ​ជា​មើម ដែល​សត្វល្អិត​មិន​យាយី​ទេ វា​ក៏​ជា​វត្ថុធាតុដើម​មួយ​ប្រភេទ​សម្រាប់​ផ្សំ​ថ្នាំ​បំពុល សត្វល្អិត ដូច​ស្លឹកគ្រៃ ស្ដៅ ស្លែង បណ្ដូល​ពេជ្រ ជាដើម​ដែរ ដែល​សត្វ​ល្អិត មិន​អាច​បំផ្លាញ​វា​ឡើយ។

ការប្រមូលផល៖
ចំពោះ​ការ​ប្រមូល​ផល​ខ្ជាយ គេ​សំគាល់ នៅ​ពេល​ស្លឹក​វា​ទុំ ហើយ​ស្វិត គឺ​មើម​ខ្ជាយ​វា​ចាស់ គេ​អាច​ប្រមូល​ផល​វា​ទុក​បាន។ ខ្ជាយ​ដុះ​លូតលាស់​បាន​ប្រសើរ ក្នុង​កម្រិត​ទឹកភ្លៀងដែលល្មម។ ប៉ុន្តែ​ដំណាំ​ខ្ជាយ​ត្រូវការ​ពន្លឺ​ថ្ងៃ​ខ្លី ដើម្បី​ឲ្យ​មើម​ខ្ជាយ វា​រីក​ធំធាត់ និង​ផ្ដល់​ទម្ងន់​ធ្ងន់។ ទិន្នផល​មើម​អាច​ទាប នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ ចាំង​មក​លើ​រង មាន​រយៈពេល​យូរ​ពេក គឺ​លើស​១២​ម៉ោង​ក្នុង​មួយថ្ងៃ។ ដំណាំ​មើម​ភាគច្រើន មិនសូវ​រើស​ដី​ទេ ប៉ុន្តែ​ដី​អាច​ដាំ​បាន​ល្អ​ជាងគេ គឺ​ដីល្បាយខ្សាច់ ជា​ដី​ធូរ ហើយ​ស្រោះ​ទឹក និង​មាន​ជីរ​ជាតិ។

បើ​ដាំ​នៅ​តំបន់​ដីឥដ្ឋ ដំណាំ​មើម ពុំ​សូវ​ឲ្យ​ផល​ខ្ពស់​ទេ ព្រោះ​ដី​ដាំ​នោះ វា​ណែន​ពេក មើម មិន​អាច​រីក​ធំ​បាន​ដូច​ដី​ធូរ ឬ​ដីខ្សាច់​ឡើយ។ មើម​ខ្ជាយ​អាច​ជីក​យក​ទៅ​បរិភោគ​បាន ចាប់​តាំង​ពី​មើម​វា​នៅ​ខ្ចី រហូតដល់ មើម​វា​ចាស់។ មើម​ខ្ជាយ​នេះ បើ​គេ​មិន​ចង់​ប្រមូល​វា​ពី​ដី​ទេ គេ​អាច​កប់​វា​នៅ​ក្នុង​ដី​នេះ បាន​រយៈពេល ១​ឆ្នាំ​ក៏​វា​មិន​ខូច​ដែរ។ មើម​ខ្ជាយ លក់​បានជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​តម្លៃ​លក់​មើម​ខ្ជាយ បាន​ថ្លៃ​ខ្ពស់​ជាង​សព្វ​មួយ​ដង គឺ​នៅ​ពេល​បញ្ចប់​ខែ​ច្រូត មើម​ខ្ជាយ​ឡើងថ្លៃ ដោយសារ​តម្រូវការ វា​ច្រើន សម្រាប់​ធ្វើ​ម្ហូប បុណ្យទាន។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់