ល្បែងលាក់កន្សែង


ចុះផ្សាយ៖ ថ្ងៃទី ០៧ មេសា ឆ្នាំ២០១២ ម៉ោង ១៤:៣១នាទី

ល្បែងលាក់កន្សែង ជាល្បែងមួយ យ៉ាងរបស់ក្មេងខ្មែរក្នុងបុរាណកាល តែងលេង​សម្រាប់​ជាទី​កំសាន្តសប្បាយ នៅពេលយប់ខែភ្លឺក្នុងរដូវចូលឆ្នាំ ឬនៅពេលជាចន្លោះការហត់នឿយម្តងៗ ។

មុនដំបូង ពួកក្មេងៗគេបបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅឲ្យអង្គុយ​ច្រហោងដំកង់​ជាវង់​មូល ដាក់ដៃ ទាំងពីរទៅមុខលើក្បាលជង្គង់ ក្នុងទីណាមួយដែលជាទីវាល​ស្រឡះ​រាបស្មើ​ល្អ ។ ហើយគេយកកន្សែង​ ឬក្រមាតូច មួយមករុំមូរឆ្មូលតឹងណែនល្អ ទុកជាយបន្តិចសម្រាប់​កាន់​​យួរបាន សន្មត់ហៅថា កន្សែង មានម្នាក់ក្រោកចេញ ទៅក្រៅវង់កាន់ កន្សែងនោះ ដើរព័ទ្ធ​ជុំវិញ​​យ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយបញ្ឆោត អ្នកអង្គុយមិនឲ្យដឹង ខ្លួនថា គេលាក់​កន្សែង​ក្រោយខ្នងអ្នកណា។ល្បែងនេះមានតំណមយ៉ាង តឹងរ៉ឹងមិនឲ្យអ្នកលេងងាកក្រោយ ឬលួកដៃទៅខាងក្រោយខ្នង បើ​អ្នកណា មួយហ៊ានងាក ឬលូកស្ទាបខាងក្រោងខ្នង អ្នកលាក់គេមាន​អំណាចទណ្ឌកម្ម​អ្នក​នោះ មិនឲ្យឡើងលាក់កន្សែង ឬគេឲ្យអ្នក​នោះអង្គុយធ្មេចភ្នែកក៏បាន​ ស្រេចតែគេដាក់​ទៅ​យ៉ាង​ណា​តាមចិត្តគេស្ម័គ្រ ។

អ្នកលាក់ លុះរត់ក្រឡឹង អ្នកអង្គុយ ២.៣ជុំហើយ មើលតែអ្នកណា​អង្គុយ​បែប​​ភ្លេចខ្លួន គេក៏ដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាម រួច​គេរត់ យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយដើ​ម្បី​​​ឲ្យ​ ឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ ។​ បើអ្នកដែលគេត្រួវលាក់ កន្សែង​ពី​ក្រោយ​​ខ្នង​នោះ​​មិនដឹងខ្លួន លុះអ្នកលាក់រត់ក្រឡឹងមកម្តងទៀតចាប់យកកន្សែងនោះបានមុន គេទុក​អ្នក លាក់​នោះជាអ្នកឈ្នះ ត្រូវមានអំណាចរើសយក​កន្សែងនោះ​ទៅគក់​ខ្នង​អ្នក​ដែល​អង្គុយ​នោះ ហើយ​គេយកកន្សែង លាក់តទៅទៀត។ តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែង​ចំ​ក្រោយ​ខ្នង​ខ្លួន  ហើយចាប់យកកន្សែងបានមុន អ្នកលាក់រត់មកដល់ គេទុកអ្នកអង្គុយនោះជាអ្នកឈ្នះ ត្រូវ​មាន​អំណាច​ក្រោកឡើងចាប់កន្សែងដេញគក់អ្នកលាក់ នោះវិញ តែបើអ្នក​នោះ​គេរត់ទៅ​ដល់​កន្លែង​ចន្លោះ​អង្គុយបានទៅ អ្នកកាន់កន្សែងនោះ មិនត្រូវគក់គេទេ ត្រូវរត់ ក្រឡឹងអ្នកអង្គុយ​បាន​ដំកង់ ដើម្បីនឹងលាក់តទៅទៀត គឺថា អ្នកលាក់ពីមុនត្រូវទៅអង្គុយកន្លែងអ្នកចាប់កន្សែង បាន​ក្នុងវង់ដដែល ។

គេលេងតែរបៀបនេះរហូតដល់ពេលយឈប់ ។ ជួនកាលអ្នកខ្លះមិនដែល​បាន​ឡើង​លាក់​​កន្សែងនឹងគេ ម្តងសោះក៏មាន ព្រោះគេលាក់កន្សែងក្រោយខ្នងខ្លួនមិនដឹង រវល​តែគេ​គក់ខ្នងរាល់ពេល ។ល្បែងនេះ គេលេងដើម្បីហាត់ខ្លួនឲ្យមានស្មារតីរឹងប៉ឹង ហើយរហ័សរហួន ឲ្យ​មាន​ប្រាជ្ញា​វាង​វៃ ហាត់ទម្លាប់ ខ្លួនឲ្យចេះប្រុងស្មារតីជានិច្ច ៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់