ការបន្តពូជរបស់គោព្រៃ (Kouprey)

គោព្រៃ (ឈ្មោះបច្ចេកទេស Bos Sauveli) គឺ​ជា​គោ​ដែល​រស់​នៅ​ច្រើន​បំផុត​តាម​វាល និង​ព្រៃភ្នំ​នៅ​ភាគខាងជើង​ប្រទេសកម្ពុជា ហើយ​​គេ​​ក៏​​ជឿ​ថា​​វា​អាច​រស់នៅ ភាគ​ខាងត្បូង​ប្រទេសឡាវ ភាគ​ខាងលិច​ប្រទេស​វៀតណាម និង ភាគ​ខាងកើត​ប្រទេស​ថៃ។ វា​​ត្រូវ​​បាន​​គេ​​ប្រទះ​​ឃើញ​​ជា​លើក​​ដំបូង​នៅ​ឆ្នាំ១៩៣៧។គោព្រៃ​ គឺ​ជា​សត្វពាហនៈ​មួយ​​យ៉ាង​ធំ​ ដែល​មាន​ទំហំ​ប្រហែល​នឹង​ក្របីព្រៃ​មួយ​ដែរ។

Advertisement

គោព្រៃ​ឈ្មោល​អាច​មាន​កំពស់​ដល់​២ម៉. គិត​​ដល់​​ស្មា​របស់​​វា ហើយ​មាន​ទម្ងន់​ជា​មធ្យម​៩០០គ.ក។ បើ​តាម​ពត៌មាន​ក្រៅផ្លូវការ​បាន​បង្ហាញ​ថា មាន​​ការ​​ប្រទះ​ឃើញ​​ហ្វូងគោព្រៃ​​នៅ​​ពេល​ថ្មីៗ​នេះ​​នៅ​​វៀតណាម ដែល​អ្នកសត្វសាស្រ្ត​វៀតណាម​អះអាង​ថា​អាច​មាន​ទម្ងន់​ដល់​ទៅ​១,៧០០គ.ក។ គោព្រៃ​មាន​រាង​ខ្ពស់​តែ​ខ្លួន​​ចង្អៀត មាន​ជើង​៤​វែងៗ និង​មាន​បូក​ខ្នង។ គោព្រៃ​អាច​មាន​សម្បុរប្រផេះ ត្នោត​ចាស់ ឬ​ក៏​ខ្មៅ​តែម្តង។

ស្នែង​របស់​គោព្រៃញី​មាន​រាង​កោង​ដូច​ស្នែង​របស់ អង់តេឡុប (Antelope)។ ឯ​ស្នែង​របស់​គោព្រៃឈ្មោល​ស្ថិត​ឆ្ងាយ​ពី​មួយ​ទៅ​មួយ​ប្រវែង​ប្រហែល​៨០ស.ម៉ កោង​ទៅមុខ​និង​ងរ​ឡើងលើ ហើយ​​ចាប់ផ្តើម​​មាន​​សំណក​​នៅ​ចុង​ស្នែង​​នៅ​​អាយុ​ប្រហែល​ជា៣ឆ្នាំ។ ទាំង​ញី​ទាំង​ឈ្មោល​មាន​គន្លាក់​ច្រមុះ ហើយ​និង​មាន​​កន្ទុយ​វែង។គោព្រៃ​រស់​​នៅ​ទួលទាបៗ​ដែល​មាន​ដើមឈើ​ខ្លះ ហើយ​អាហារ​ចម្បង​របស់វា​គឺ​ស្មៅ។

គោព្រៃ​ជា​សត្វ​ចូលចិត្ត​ភាព​ងងឹត វា​​រក​ស៊ី​​តាម​​វាល​​នៅ​​ពេល​​យប់ ​ប៉ុន្តែ​នៅ​ក្រោម​ដើមឈើ​នៅ​ពេលថ្ងៃ។ ជា​ធម្មតា វា​រស់​នៅ​ជា​ហ្វូង​ប្រហែល​ជា​២០​ក្បាល ដែល​មាន​មេគោ​និង​កូនគោ ប៉ុន្តែ​​អាច​​មាន​គោ​ព្រៃ​​ឈ្មោល​​​ដែល​នៅ​រដូវ​ក្តៅ។គេ​ប៉ាន់ស្មាន​ថា គោព្រៃ​មាន​តិច​ជាង​២៥០​ក្បាល​នៅ​ទូទាំង​ពិភពលោក។ ចំនួន​ដ៏​ទាប​នេះ​គឺ​បណ្តាល​មក​ពី គ្មាន​​ការ​​ហាមឃាត់​​ក្នុង​​ការ​បរបាញ់​​របស់​​ទាហាន​និង​អ្នក​ស្រុក ការ​ឆ្លង​ជម្ងឺ​ពី​​សត្វ​ស្រុក និង​ការ​បាត់បង់​ជម្រក។

បើ​​ទោះ​ជា​យ៉ាង​ណា គ្មាន​គោព្រៃ​ណា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្រោយ​ឆ្នាំ​១៩៨៣​ទេ ហើយ​នៅ​ទសវត្ស​ចុងក្រោយ​នេះ មាន​​ការរុករក​​សត្វ​​នេះ​​ជា​ច្រើន​​ដង​តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទេ។ របាយការណ៍​របស់ IUCN នៅ​ឆ្នាំ២០០៨ បាន​ចាត់​បញ្ចូល​គោ​ព្រៃ​ថា កំពុង​រង​គ្រោះ​ធ្ងន់​ធ្ងរ (អាចផុតពូជ)។

គ្មាន​គោព្រៃ​ណា​ត្រូវ​បាន​ចាប់​ទុក​នោះ​ទេ។ គោព្រៃ​មួយក្បាល​ដែល​គេ​បាន​ចាប់​ហើយ​ផ្ងើរ​ទៅ​សូន​វ៉ាំងសែនណ៍ (Vincennes Zoo, Paris) ឯ​ក្រុង​ប៉ារីស នៅ​​ឆ្នាំ​​១៩៣៧ ​បាន​ស្លាប់​នៅ​ដើម​សង្គ្រាម​លោក​លើក​ទី២។ គោ​ព្រៃ​មួយ​ក្បាល​នោះ​ហើយ​ដែល​ត្រូវ​បាន​កំណត់​ជា គម្រូប្រភេទ (Holotype) ដោយ​​ជីវវិទូ​​បារាំង អាឈីល អ៊ៀរបាំង (Achille Urbain)។

ការបន្តពូជ

គោព្រៃ​ជា​ទូទៅ​ចាប់​ផ្តើម​បន្តពូជ​នៅ​រដូវ​ក្តៅ គោព្រៃញី​ពរពោះ​រយៈពេល​ពី​៨​ទៅ​៩​ខែ ហើយ​កើត​​កូន​ម្តង​តែ​​បាន​មួយ​ទេ។ គោព្រៃញី​​ចាកចេញ​​ពី​​ហ្វូង​​​ដើម្បី​ទៅ​បង្កើត​កូន​នៅ​ក្នុង​ព្រៃជ្រៅ ហើយ​​នៅ​ពេល​ដែល​កូនគោ​ព្រៃ​មាន​អាយុ​១​ខែ ទើប​ត្រលប់​ចូល​មក​រក​ហ្វូង​វិញ។

ទំនាក់ទំនងជាមួយអម្បូរផ្សេងទៀត

សំនេរ​អំពី​សត្វសាស្រ្ត​ដែល​បោះពុម្ព​ពី​ការ​ស្រាវជ្រាវ​ដោយ​ សាកលវិទ្យាល័យ​ណតវេស្ទើន (Northwestern University, London) នៅ​​ទីក្រុង​​ឡុង​បាន​បញ្ជាក់​ថា តាម​ការ​ប្រៀបធៀប​តម្រៀប​របស់​មីតូកុងទ្រី (Mitochondrial Sequences) បាន​បង្ហាញ​ថា គោព្រៃ​អាច​ជា អម្បូរបង្កាត់ (Hybrid) រវាង គោធំ (Zebu) និងទន្សោង (Banteng)។ ក្រោយមក អ្នកនិពន្ធ​បាន​ដក​សេចក្តីសន្និដ្ឋាន​នេះ​ចេញវិញ ដោយ​​សារ​​តែ​​ការ​រក​ឃើញ​​​សំណល់​ហ្វូស៊ីល​លលាដ៏​ក្បាល​គោព្រៃ​ដែល​មាន​ អាយុ​នៅ​ចុង​សម័យ​ផ្លេស្តូសែន (Pleistocene) ឬ​ក៏​ដើម​សម័យ​អូឡូសែន (Holocene) ដែល​អាច​ឲ្យ​គេ​សន្និដ្ឋាន​បាន​ថា គោព្រៃ​មិនមែន​ជា​អម្បូរបង្កាត់។

បើ​យោង​ទៅ​តាម​ការវិភាគ​ហ្សែន (Genetic Analysis) ជា​​ច្រើន​​ដង​ទៀត បាន​បង្ហាញ​ថា​គោព្រៃ​មិនមែន​ជា​អម្បូរបង្កាត់​ទេ។ មាន​លទ្ធភាព​ខ្លះ​ដែល​ថា អម្បូរទី២​តែ​មាន​មាឌតូច​ជាងគៅព្រៃ របស់​សណ្តាន​​​គោព្រៃ​​នៅ​រស់។

ចំនាំ៖ នេះ​ជា​អត្ថ​ដែល​អ្នកនិពន្ធ​បកប្រែ​ពី​ សព្វវចនាធិប្បាយ​សេរី​ជាភាសាអង់គ្លេស ក្នុង​គោល​បំណង​បកប្រែ​មកជា​ភាសា​ខ្មែរ​សម្រាប់​សព្វវចនាធិប្បាយ​សេរី​ជាភាសាខ្មែរ
ដកស្រង់ពី ប្លក តាម៉ាប់ យាយម៉ាប់ សូមអរគុណម្ចាស់ប្លកណាស់ដែលបានផ្តល់ឲ្យឯកសានេះ