គោព្រៃ (ឈ្មោះបច្ចេកទេស Bos Sauveli) គឺជាគោដែលរស់នៅច្រើនបំផុតតាមវាល និងព្រៃភ្នំនៅភាគខាងជើងប្រទេសកម្ពុជា ហើយគេក៏ជឿថាវាអាចរស់នៅ ភាគខាងត្បូងប្រទេសឡាវ ភាគខាងលិចប្រទេសវៀតណាម និង ភាគខាងកើតប្រទេសថៃ។ វាត្រូវបានគេប្រទះឃើញជាលើកដំបូងនៅឆ្នាំ១៩៣៧។គោព្រៃ គឺជាសត្វពាហនៈមួយយ៉ាងធំ ដែលមានទំហំប្រហែលនឹងក្របីព្រៃមួយដែរ។
គោព្រៃឈ្មោលអាចមានកំពស់ដល់២ម៉. គិតដល់ស្មារបស់វា ហើយមានទម្ងន់ជាមធ្យម៩០០គ.ក។ បើតាមពត៌មានក្រៅផ្លូវការបានបង្ហាញថា មានការប្រទះឃើញហ្វូងគោព្រៃនៅពេលថ្មីៗនេះនៅវៀតណាម ដែលអ្នកសត្វសាស្រ្តវៀតណាមអះអាងថាអាចមានទម្ងន់ដល់ទៅ១,៧០០គ.ក។ គោព្រៃមានរាងខ្ពស់តែខ្លួនចង្អៀត មានជើង៤វែងៗ និងមានបូកខ្នង។ គោព្រៃអាចមានសម្បុរប្រផេះ ត្នោតចាស់ ឬក៏ខ្មៅតែម្តង។
ស្នែងរបស់គោព្រៃញីមានរាងកោងដូចស្នែងរបស់ អង់តេឡុប (Antelope)។ ឯស្នែងរបស់គោព្រៃឈ្មោលស្ថិតឆ្ងាយពីមួយទៅមួយប្រវែងប្រហែល៨០ស.ម៉ កោងទៅមុខនិងងរឡើងលើ ហើយចាប់ផ្តើមមានសំណកនៅចុងស្នែងនៅអាយុប្រហែលជា៣ឆ្នាំ។ ទាំងញីទាំងឈ្មោលមានគន្លាក់ច្រមុះ ហើយនិងមានកន្ទុយវែង។គោព្រៃរស់នៅទួលទាបៗដែលមានដើមឈើខ្លះ ហើយអាហារចម្បងរបស់វាគឺស្មៅ។
គោព្រៃជាសត្វចូលចិត្តភាពងងឹត វារកស៊ីតាមវាលនៅពេលយប់ ប៉ុន្តែនៅក្រោមដើមឈើនៅពេលថ្ងៃ។ ជាធម្មតា វារស់នៅជាហ្វូងប្រហែលជា២០ក្បាល ដែលមានមេគោនិងកូនគោ ប៉ុន្តែអាចមានគោព្រៃឈ្មោលដែលនៅរដូវក្តៅ។គេប៉ាន់ស្មានថា គោព្រៃមានតិចជាង២៥០ក្បាលនៅទូទាំងពិភពលោក។ ចំនួនដ៏ទាបនេះគឺបណ្តាលមកពី គ្មានការហាមឃាត់ក្នុងការបរបាញ់របស់ទាហាននិងអ្នកស្រុក ការឆ្លងជម្ងឺពីសត្វស្រុក និងការបាត់បង់ជម្រក។
បើទោះជាយ៉ាងណា គ្មានគោព្រៃណាត្រូវបានគេប្រទះឃើញក្រោយឆ្នាំ១៩៨៣ទេ ហើយនៅទសវត្សចុងក្រោយនេះ មានការរុករកសត្វនេះជាច្រើនដងតែមិនទទួលបានលទ្ធផលអ្វីទេ។ របាយការណ៍របស់ IUCN នៅឆ្នាំ២០០៨ បានចាត់បញ្ចូលគោព្រៃថា កំពុងរងគ្រោះធ្ងន់ធ្ងរ (អាចផុតពូជ)។
គ្មានគោព្រៃណាត្រូវបានចាប់ទុកនោះទេ។ គោព្រៃមួយក្បាលដែលគេបានចាប់ហើយផ្ងើរទៅសូនវ៉ាំងសែនណ៍ (Vincennes Zoo, Paris) ឯក្រុងប៉ារីស នៅឆ្នាំ១៩៣៧ បានស្លាប់នៅដើមសង្គ្រាមលោកលើកទី២។ គោព្រៃមួយក្បាលនោះហើយដែលត្រូវបានកំណត់ជា គម្រូប្រភេទ (Holotype) ដោយជីវវិទូបារាំង អាឈីល អ៊ៀរបាំង (Achille Urbain)។
ការបន្តពូជ
គោព្រៃជាទូទៅចាប់ផ្តើមបន្តពូជនៅរដូវក្តៅ គោព្រៃញីពរពោះរយៈពេលពី៨ទៅ៩ខែ ហើយកើតកូនម្តងតែបានមួយទេ។ គោព្រៃញីចាកចេញពីហ្វូងដើម្បីទៅបង្កើតកូននៅក្នុងព្រៃជ្រៅ ហើយនៅពេលដែលកូនគោព្រៃមានអាយុ១ខែ ទើបត្រលប់ចូលមករកហ្វូងវិញ។
ទំនាក់ទំនងជាមួយអម្បូរផ្សេងទៀត
សំនេរអំពីសត្វសាស្រ្តដែលបោះពុម្ពពីការស្រាវជ្រាវដោយ សាកលវិទ្យាល័យណតវេស្ទើន (Northwestern University, London) នៅទីក្រុងឡុងបានបញ្ជាក់ថា តាមការប្រៀបធៀបតម្រៀបរបស់មីតូកុងទ្រី (Mitochondrial Sequences) បានបង្ហាញថា គោព្រៃអាចជា អម្បូរបង្កាត់ (Hybrid) រវាង គោធំ (Zebu) និងទន្សោង (Banteng)។ ក្រោយមក អ្នកនិពន្ធបានដកសេចក្តីសន្និដ្ឋាននេះចេញវិញ ដោយសារតែការរកឃើញសំណល់ហ្វូស៊ីលលលាដ៏ក្បាលគោព្រៃដែលមាន អាយុនៅចុងសម័យផ្លេស្តូសែន (Pleistocene) ឬក៏ដើមសម័យអូឡូសែន (Holocene) ដែលអាចឲ្យគេសន្និដ្ឋានបានថា គោព្រៃមិនមែនជាអម្បូរបង្កាត់។
បើយោងទៅតាមការវិភាគហ្សែន (Genetic Analysis) ជាច្រើនដងទៀត បានបង្ហាញថាគោព្រៃមិនមែនជាអម្បូរបង្កាត់ទេ។ មានលទ្ធភាពខ្លះដែលថា អម្បូរទី២តែមានមាឌតូចជាងគៅព្រៃ របស់សណ្តានគោព្រៃនៅរស់។
ចំនាំ៖ នេះជាអត្ថដែលអ្នកនិពន្ធបកប្រែពី សព្វវចនាធិប្បាយសេរីជាភាសាអង់គ្លេស ក្នុងគោលបំណងបកប្រែមកជាភាសាខ្មែរសម្រាប់សព្វវចនាធិប្បាយសេរីជាភាសាខ្មែរ។
ដកស្រង់ពី ប្លក តាម៉ាប់ យាយម៉ាប់ សូមអរគុណម្ចាស់ប្លកណាស់ដែលបានផ្តល់ឲ្យឯកសានេះ