ពិធីចូលម្លប់របស់ស្ត្រីខ្មែរ

ពិធីចូលម្លប់

ខណៈដែលកូនប្រុសមានឱកាស់ចូលបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា និង ខណៈពេលដែលកូនស្រីត្រូវនៅរៀនសូត្រក្នុងផ្ទះ។

ពិធីចូលម្លប់ គឺជាពិធីប្រពៃណីទំនៀមទម្លាប់មួយដែលខ្មែរបានប្រារព្ធធ្វើឡើងដើម្បីបំពេញលក្ខណ៍ឲ្យកូនស្រីនៅពេលពេញវ័យ។ ពិធីនេះមានតាំងពីយូរណាស់មកហើយ ប៉ុន្តែគេមិនបានដឹងច្បាស់ថាពិធីនេះមានតាំងពីពេលណាមកនោះទេ។ តាមការស្រាវជ្រាវបានឲ្យដឹងថា ពិធីឆ្លងវ័យមួយនេះត្រូវបានប្រជាជនខ្មែរនិយមប្រតិបត្តិយ៉ាងខ្ចាប់ខ្ជួន រហូតមកដល់ចុងរជ្ជកាលព្រះបាតសីុសុវត្ថិមុនីវង្ស គឺប្រហែលនៅរវាងឆ្នាំ ១៩៣០-១៩៤០ទើបគេពុំសូវឃើញមានការប្រារព្ធពិធី​​ នៅប្រទេសកម្ពុជាដូចកាលពីមុនទៀត។

ពិធីនេះគឺធ្វើឡើងនៅពេលកូនក្រមុំខ្មែរចាប់ផ្តើមពេញវ័យ គឺរាប់តាំងពីពេលមានរដូវដំបូង ដោយមិនមានដេញវេលាល្អអាក្រក់ដូចពិធីកោេជុក ពិធីអាពាហ៍ពិពាហ៍ និងពិធីមួយចំនួនទៀតឡើយ។ ឪពុកម្តាយត្រូវរៀប ចំពិធីចូលម្លប់ឲ្យកូនស្រីរបស់ខ្លួន ដែលយ៉ាងហោចណាស់ត្រូវធ្វើឲ្យកូនស្រីច្បងនៃគ្រួសារដែរ។

គោលបំណងពិធីចូលម្លប់

ពិធីឆ្លងវ័យនេះមានគោលបំណងសំខាន់ៗមួយចំនួន ៖ ប្រកាស់ភាពពេញក្រមុំនៃកូនស្រី បន្ទុំសម្បុរ និងអប់រំរូបរាងកាយឲ្យកូនស្រី បំពេញលក្ខណៈ ចរិយាសម្បត្តិ វិជ្ជាមេផ្ទះ និងវិជ្ជាជីវៈឲ្យកូនស្រី ( ច្បាប់ស្រី ដេរប៉ាក់ ត្បាញរវៃ….) ដើម្បីទាក់ទាញអារម្មណ៍ញាត្តិមិត្តតាមរយៈរូបរាងកាយ ចរិយា និងវិជ្ជា ។

ទំនៀមទំលាប់ពិធីចូលម្លប់

ជាទូទៅ ការចូលម្លលប់ស្ថិតនៅក្នុងការចូលម្លប់មានរយៈពេលចាប់ពី ៣ទៅ ៦ខែ ឬអាចលើសពីនេះតាមលទ្ធភាពគ្រួសារនីមួយៗ។ យុវតីដែលស្ថិតនៅក្នុងម្លប់ ត្រូវរៀន និងអនុវត្តភារកិច្ចជាច្រើនតាមទំនៀមទំលាប់ ដែលមានកំណត់ទុកតៗគ្នា ហើយត្រូវប្រកាន់ត្រណមួយចំនួន ជាពិសេសត្រូរក្សាខ្លួនឲ្យនៅក្នុងម្លប់ដោយមិនប្រាស្រ័យទាក់ទងជាមួយបុរសក្នុងផ្ទះ និងក្រៅផ្ទះ ទោះបីជាឪពុក ឬបងប្អូនបង្កើតក៏ដោយ។ ម្យ៉ាងទៀតពិធីនេះមានដំណាក់កាលសំខាន់ៗពីរគឺ ៖ ការចូលម្លប់ និង ការចេញពីម្លប់ដែលជាពិធីចុងក្រោយធ្វើឡើងយ៉ាង អធិកអធមដើម្បីប្រកាសឲ្យញាតិមិត្តជិតខាងបានដឹងលឺ និងទទួលស្គាល់នារីដែលបានឆ្លងកាត់ពិធីនេះ។

ពិធីចេញម្លប់

តាមទំនៀមទំលាប់ខ្មែរពិធីចេញម្លប់មានរយៈពេល ២ថ្ងៃ និង១យប់ ដោយគិតពីថ្ងៃចូលពិធី និងថ្ងៃឆ្លងពិធី ឬថ្ងៃបង្ហើយ។ នៅក្នុងពិធីចេញម្លប់នេះមានពិធីតូចៗមួយចំនួនទៀតដូចជា ៖ ពិធីកាត់ស្លឹក ពិធីបុកល័ខ ពិធីធ្វើធ្មេញបំពេញលក្ខណ៍ ពិធីជីកខ្ញែ ពិធីចូលខ្មោចបំរីសារ។

នៅសព្វថ្ងៃនេះ ទោះជាគេពុំសូវប្រទះឃើញមានការប្រារព្វពិធីនេះក្តី ក៏នៅមានតំបន់ខ្លះក្នុងស្រុកនិគមបទនៃ ប្រទេសខ្មែរ នៅតែមានធ្វើពិធីនេះឡើង តែស្ទើតែបាត់បង់ពីប្រពៃណីខ្មែរទៅហើយ។ មានតំបន់មួយចំនួនដែលនូវតែអនុវត្តន៍ពិធីនេះនៅឡើយ ដែលតំបន់ទាំងនោះរួមមានភូមិមួយចំនួននៅស្រុកស្រែអំបិល(ខេត្តកោះកុង) ភូមិមួយចំនួននៅស្រុកបាធាយ(ខេត្តកំពង់ចាម) និងភូមិខ្លះទៀតនៅស្រុកសូត្រនិគម(ខេត្តសៀមរាប)។ ចំណែកនៅតំបន់ដ៏ទៃទៀត បើទោះជាមានធ្វើពិធីប្រពៃណីនេះ ក៏ជាករណីដែលកម្រមានដែរ។