ដំណើរផ្សងព្រេងដ៏ធំធេង ពេញទៅដោយការលំបាកនេះ រមែងតែងតែភ្ជាប់ជាមួយនូវលក្ខខណ្ឌផ្សេងៗ ស្របទៅតាមទំនៀម ជាក្បួន ដែលគេធ្លាប់ធ្វើតៗគ្នា ជារៀងដរាបមក ដូចបានចែងខាងក្រោមនេះ ៖
សម្រាប់ប្រពន្ធទម័កដែលនៅផ្ទះ ៖
- តមកុំវាយកូន វាយចៅ
- តមកុំបោសកន្ទេលដំណេក
- តមកុំទាស់ទែង ឈ្លោះប្រកែកគ្នារវាងមនុស្សនៅក្នុងគ្រួសារ
ត្រណមទាំងប៉ុន្មាននេះ សុទ្ធតែមានន័យច្បាស់លាស់ ដែលគេអាចបកស្រាយបានដូចតទៅ ៖
- តមមិនឲ្យវាយកូនចៅ ៖ បានន័យថា ប្រពន្ធតាំងចិត្តជាអ្នកមានមេត្តា អាណិតអាសូរដល់កូនចៅ ក៏ហាក់បីដូចជាធ្វើឲ្យដំរីអាណិតទម័ក មិនបង្កឲ្យមានគ្រោះថ្នាក់ដល់ទម័ក។
- តមមិនឲ្យបោសកន្ទេល ៖ គឺមិនត្រូវធ្វើឲ្យមានអ្វីខ្ទាតខ្ចាត់ខ្ចាយ ចេញពីកន្លែងដើមរបស់វា ឬធ្វើអ្វីៗឲ្យបែកបាក់ សូម្បីតែធូលី ឬសំរាមក៏មិនត្រូវប៉ះពាល់ដែរ បានន័យថា បើទាក់ដំរីបានមក ដំរីនោះក៏គង់វង្ស មិនរត់បាត់ទៅវិញ មិនដាច់ ឬបូតខ្សែពួរ។ គេយល់ថា បើអ្នកផ្ទះបោសសំរាម វាហាក់បីដូចជាការឧបកិច្ចដេញដំរីដែលទាក់បាន ឬកំពុងទាក់នោះឲ្យរត់ចេញទៅវិញដែរ។
- តមមិនឈ្លោះប្រកែកគ្នា ជាមួយមនុស្សនៅក្នុងផ្ទះ ៖ ចង់ឲ្យន័យថា បើអ្នកផ្ទះចេះអត់ធន់ មិនចេះទាស់ទែងគ្នា មិនតបទៅ តបមក រវាងគ្នានឹងគ្នា ក្នុងគ្រួសារ ដំរី ក៏វាមិនតបត រើបម្រះ ប្រទូស្តតបមករកយើងវិញដែរ ពោលគឺវានឹងបណ្ដោយឲ្យទម័កទាក់វាបានដោយស្រួល។
(ប៉ុន្តែ ការបកស្រាយទាំងប៉ុន្មានខាងលើនេះ គ្រាន់តែជាការយល់ឃើញតាមការប្រៀបធៀបប៉ុណ្ណោះ។ តាមការពិត ដែលតែងតែកើតមានឡើងមកពីការកាន់ត្រណមមិនបាន ទោះបីខុសត្រណមណាមួយក៏ដោយ គឺក្រៅពីការខាតលាភ ក្នុងការទាក់ដំរី ទម័កយើងនឹងត្រូវជួបបញ្ហាផ្សេងៗទៀត មានទាំងគ្រោះថ្នាក់ដល់ជីវិតទៀតផង។ តាមធម្មតា ប្ដីអាចរងគ្រោះដោយសារដំរីជាន់ ឬដោយសារម្រេញគង្វាលលង។ ក្នុងការលងនោះ ម្រេញគង្វាលច្រើនធ្វើជាប្រពន្ធមកស្រែកហៅប្ដីឲ្យទៅផ្ទះវិញ ត្បិតអីកូនមានគ្រោះថ្នាក់ ឬមានជម្ងឺជាទម្ងន់ ហើយតម្រូវឲ្យប្ដីត្រឡប់ទៅផ្ទះវិញ។ សម្រែកនោះស្ដាប់ទៅដូចសម្លេងប្រពន្ធបេះបិទ ដែលធ្វើឲ្យប្ដីលង់ក្នុងសម្រែកថ្ងួចថ្ងូរ ដង្ហោយហៅនោះ។ បើប្ដីធ្វើតាម គ្រោះថ្នាក់ក៏កើតមាននៅពេលនោះឯង។ ឧប្បត្តិហេតុនេះ អ្នកទាក់ដំរីតែងដឹងគ្រប់គ្នា ហើយតែមានការប្រុងប្រយ័ត្នដែរ។ ប៉ុន្តែការកាន់ត្រណម ជាករណីយកិច្ចមួយធំណាស់ តែកាលណាខុសត្រណមហើយ រឿងស៊យនឹងត្រូវហើយមាន ដោយពិបាកនឹងចៀសឲ្យផុតណាស់។ គេធ្លាប់ចំណាំថា បើអ្នកនៅផ្ទះមានធ្វើអ្វីមួយខុសត្រណម ទម័កនឹងដឹងភ្លាម ព្រោះមានកើតព្រឹត្តិការណ៍អ្វីមួយមិនល្អចំពោះខ្លួនគេ)។
ដកស្រង់ចេញពី កម្រងឯកសារស្ដីពី
ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ភាគ៣ (មៀច ប៉ុណ្ណ)