លោក អួង វន ប្រធានអភិរក្សដ្ឋានអង្គរខេត្តសៀមរាបបានបង្ហាញនូវថ្មចម្លាក់ដល់ រូបខ្ញុំ(សម្តីម្ចាស់ប្លក) ដែលថ្មនោះមានរាងសំប៉ែត ហើយវែងដូចបន្ទះក្ដារ តែនៅខាងចុងថ្មមានចោះរន្ធមួយយ៉ាងធំ ។ ប៉ុន្ដែ អ្វីគួរឲ្យសោកស្ដាយនាពេលនោះយើងទាំងពីរនាក់ មិនទាន់បានស្គាល់ថា តើវត្ថុនោះត្រូវបានគេប្រើសម្រាប់មូលហេតុអ្វីឲ្យបាន ច្បាស់លាស់នៅឡើយ ។
ក្រោយពីបានធ្វើទស្សនកិច្ច នៅប្រទេសស្រីលង្កា ជា ពិសេសនៅមជ្ឈមណ្ឌល អនុរាធបុរៈ ទើបយើងដឹងថា ‹បន្ទះថ្ម› នៅអភិរក្សដ្ឋានអង្គរខាងលើនេះ គឺជាថ្មបង្គន់អនាម័យនាសម័យអង្គរ ។ វត្តមានវត្ថុបែបនេះ ដែលមានប្រភពចេញពីភូមិភាគខាង ត្បូងនៃប្រទេសឥណ្ឌា ដូចនៅស្រីលង្កាជាដើម នាំឲ្យយើងយល់ដឹងបន្ថែមទៀតពីវប្បធម៌ខ្មែរ នាសម័យបាយ័ន ក្នុងរាជ្យរបស់ព្រះបាទជយវរ្ម័នទី៧ ក្នុងអំឡុងចុងសតវត្សរ៍ទី១២ នៃគ្រឹស្ដសករាជ ។ តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺជនជាតិថៃនៅខេត្តសុខោទ័យ បានចម្លងប្រពៃណីប្រើប្រាស់បង្គន់នេះពីខ្មែរ។
ជាធម្មតាការ បន្ទោបង់របស់ជនជាតិខ្មែរ ក៏ដូចជាកុលសម្ព័ន្ធមន-ខ្មែរផ្សេងទៀតដែរ គឺធ្វើឡើងដោយធម្មជាតិ តាមដុប តាមព្រៃ ឬក៏នៅក្រោយលំនៅស្ថានរបស់ខ្លួនតែប៉ុណ្ណោះ ឬក៏គេជីករណ្ដៅមួយក្នុងដីនឹងចប ហើយក្រោយពីជុះរួចគេកាយដីកប់វាចោល ។ ក៏ប៉ុន្ដែការពោលដូចខាងលើនេះ ត្រូវបកស្រាយថ្មីថា ’តាំងតែពីសម័យអង្គរមក ខ្មែរយើង ជាពិសេសព្រះរាជវង្សានុវង្ស ឬក៏ពួកអភិជនបានស្គាល់បង្គន់អនាម័យ ដែលមានរន្ធដូចសម័យទំនើបអ៊ីចឹងដែរ សម្រាប់បង្ហូរទឹកសម្អាតលាមក ។ ម្យ៉ាងវិញទៀតដើម្បីកុំឲ្យមានក្លិនអសោចិ៍ជះចេញពីរណ្ដៅមកក្រៅ គេជីករណ្ដៅមួយទៀតក្នុងជម្រៅពីមួយម៉ែត្រកន្លះទៅពីរម៉ែត្រ” ។
តាម ការស្រាវជ្រាវ យើងក៏បានដឹងទៀតថា ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រថៃដំបូងនៅសុខោទ័យបាននិយមប្រើប្រាស់បង្គន់ ដូចគ្នា នេះដែរ ។ ក្នុងបរិវេណនៃព្រះបរមរាជ វាំងចាស់សុខោទ័យ បង្គន់ថ្មចំនួនពីរត្រូវបានគេរកឃើញ ហើយសព្វថ្ងៃត្រូវបានគេតម្កល់នៅសារមន្ទីរជាតិ នៃខេត្តសុខោទ័យអតីតទឹកដីខ្មែរ ។
ទោះបីជាយើងមិនអាចដឹងនៅឡើយថា ថ្មបង្គន់មួយណាជារបស់ខ្មែរ ហើយមួយ ណាទៀតជារបស់ថៃក៏ដោយ ក៏ប៉ុន្ដែថ្មបង្គន់ទាំងនោះ មានលក្ខណៈសមស្របជាង ព្រោះមានចង្អូរសម្រាប់ទឹកនោម និងរន្ធសម្រាប់បញ្ចុះលាមករួមជាមួយ ។ ការសិក្សានេះ គ្រាន់តែជាការបំពេញបន្ថែមទៅលើភាពខ្វះចន្លោះមួយចំនួន នៃចំណេះដឹងស្ដីពីវប្បធម៌អង្គរ ដែលគេមិនសូវយកចិត្តទុកដាក់ប៉ុន្មានតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា វត្តមាននៃបន្ទះថ្មបង្គន់បែបនេះ ដែលមានកន្លែងអង្គុយចោងហោង ក៏ជាភស្ដុតាងជាប្រយោលមួយ ចង្អុលបង្ហាញលោកអ្នកឲ្យដឹងថា នាសម័យនោះជាទូទៅក៏មានការប្រើបង្គន់ធ្វើអំពីបន្ទះក្ដារដែរ ថ្វីត្បិតតែមិនអាចនៅគង់វង្សរហូតដល់សព្វថ្ងៃក៏ដោយ ៕
ដកស្រង់ទាំងស្រុងពី ប្លក ខេមរបក្សីសាស្ត្រិន (ដៃគួសហការ)