ពេលសត្វស្លាបមួយយំជាចម្រៀង, វាកំពុងប្រាប់អ្នកថាវាជាអ្វី នៅឯណា ។
សិក្សាពីសំឡេងសត្វស្លាប ហើយបើកច្រកថ្មីមួយទៀតសម្រាប់ការមើលសត្វស្លាបរបស់អ្នក ។
អ្នកអាចត្រឹមតែមើលឃើញនៅចំពីមុខ ប៉ុន្តែអ្នកអាចឮពីគ្រប់ទិសទីក្នុងពេលតែមួយ ។ ការសិក្សាពីសំឡេងសត្វស្លាបជាវិធីដ៏ល្អបំផុតក្នុងការធ្វើ អត្តសញ្ញាណកម្មសត្វស្លាបដែលលក់ខ្លួនក្នុងស្លឹកឈើក្រាស់ៗ សត្វនៅឆ្ងាយៗ សត្វនៅពេលយប់ និងសត្វដែលមានសណ្ឋានរូបរាងស្រដៀងគ្នា ។ ជាការពិតណាស់ នៅពេលអ្នកជីវសាស្ត្ររាប់សត្វស្លាបផ្ទាល់ ចំនួនប្រភេទដែលមានច្រើនបំផុតនោះគឺបានពីការស្ដាប់ច្រើនជាងមើល ឃើញ ។
ការសិក្សាពីសំឡេងហៅគ្នានិងចម្រៀងសត្វស្លាប អាចជួយអ្នកបានក្នុងវិធីពីរយ៉ាងគឺ៖ ទីមួយ អ្នកអាចធ្វើការស្ទាបស្ទង់យ៉ាងលឿនពីអ្វីដែលនៅជុំវិញខ្លួនអ្នក សូម្បីពេលចេញពីកន្លែងចតរថយន្តក៏ដោយ ។ ទីពីរ ពេលអ្នកឮអ្វីមួយអ្នកមិនស្គាល់ អ្នកអាចដឹងពីកន្លែងដែលអ្នកត្រូវចាប់អារម្មណ៍ ។
ពពួកសត្វទីទុយនិងសត្វពព្លាក់ គឺជាឧទាហរណ៍ល្អប្រសើរបំផុតនៃសារប្រយោជន៍ក្នុងការស្ដាប់ដើម្បី ធ្វើអត្តសញ្ញាណកម្ម ។ ឧទាហរណ៍មួយទៀតគឺ សត្វចាបស៊ីរុយ ដ៏ច្រឡំបល់មួយក្រុមស្ថិតក្នុងអម្បូរ Empidonax ។ សត្វស្លាបជំពូកនេះមានរូបសណ្ឋានស្រដៀងគ្នាណាស់ ហើយជួនកាលយើងមិនអាចមើលវាស្គាល់ សូម្បីវាស្ថិតក្នុងដៃពួកបក្សីសាស្ត្រិនដែលមានឧបករណ៍វាស់ស្ទង់ យ៉ាងសុក្រឹតក៏ដោយ ។ ប៉ន្តែភាពមិនច្បាស់លាស់ទាំងនេះនឹងរលាយបាត់អស់ភ្លាមៗនៅពេលដែល ពួកវាបើកមាត់យំ ។
គោលការប្រាំចំណុចសម្រាប់អ្នកទើបចាប់ផ្ដើមដំបូង
មើលនិងស្ដាប់
នៅពេលអ្នកឃើញសត្វស្លាបកំពុងច្រៀងលេង ទំនាក់ទំនងរវាងសត្វនិងចម្រៀងវាហាក់ដូចជាដិតជាប់ក្នុងអារម្មណ៍របស់អ្នក ។
សិក្សាពីអ្នកជំនាញ
ការសិក្សាសំឡេងសត្វស្លាបតាមសូរវាជជែកគ្នា ពិតជាពិបាកជាងមានដៃគូជាអ្នកមើលសត្វស្លាបប្រាប់អ្នកផ្ទាល់នោះ ។ ចូរសាកសួររកមើលសម្ព័ន្ធបក្សីសាស្ត្រិនដែលនៅក្បែរអ្នកដើម្បី ចូលរួមការចុះអនុវត្តផ្ទាល់ ។
ស្ដាប់សំឡេងដែលបានថតទុក
ចាប់ផ្ដើមដោយការស្ដាប់សំឡេងសត្វដែលអ្នកឃើញជាញឹកញាប់ ។ ចាក់វាស្ដាប់ឲ្យបានញឹកញាប់ដើម្បីឲ្យសំឡេងដិតជាប់ក្នុងអារម្មណ៍ ។ (អ្នកអាចចូលទៅស្ដាប់សំឡេងដែលមានក្នុង www.xeno-canto.org ឬអាចរកជាវសំឡេងថតទុកពីអ្នកជំនាញសត្វស្លាបសម្រាប់តំបន់របស់អ្នក ។
ប្រាប់ខ្លួនអ្នកផ្ទាល់
មានសំឡេងខ្លះស្ទើរតែដូចពាក្យមានដូចជា Barred Owl ស្រែកឮជា “Who cook for you all?”
សូរជំនួយទាំងនេះ អាចបង្កើតជាចម្រៀង សូរខ្លីៗសម្រាប់ជួយការចងចាំ ។
លម្អិត លម្អិត លម្អិត
បំបែកសូរសំឡេងជាផ្នែកខុសៗគ្នារួមទាំង ចង្វាក់ (rhythm) កម្រិតឬទម្ងន់សូរ (pitch) សំឡេង (tone) និងការផ្ទួនឬបន្ទរសំឡេង (repetition) ។ ខណៈពេលអ្នកស្ដាប់សត្វស្លាបនៅជុំវិញអ្នកនិងសិក្សាតាមសំឡេងថតទុក សូមព្យាយាមដាក់សំឡេងទាំងនោះទៅតាមផ្នែកឬជំពូករបស់វា ។
(សុំអភ័យទោស ខ្ញុំមិនអាចដាក់សំឡេងបានជាឧទាហរណ៍ទេ)
របៀបស្ដាប់សូរសៀងសត្វ
នៅពេលអ្នកស្ដាប់សំឡេងឆ្លើយឆ្លងគ្នាទៅមកនាពេលព្រហាម ការប្រជែងគ្នាយ៉ាងស្រួចស្រាវនៃសូរសៀងសត្វអាចនឹងលើសកំណត់ ។ តើគេអាចចាប់ផ្ដើមញែកសំឡេងចចេកចចាចជា ស្នូរហួច (whistle) សូរសន្ធាប់គ្នា (trill) ជាផ្នែកៗដែលកំពុងបន្លឺយ៉ាងរំពងពីព្រៃនោះដោយរបៀបណា? ពិតមែនហើយ ចម្លើយនោះគឺ យើងត្រូវផ្ចង់អារម្មណ៍ទៅលើសត្វម្ដងមួយៗ ហើយការខិតជិតនោះនឹងបាននូវការពិតនៅពេលអ្នកព្យាយាមរៀនពីសូរសៀង នីមួយៗផងដែរ ។
កុំព្យាយាមទទន្ទេញសូរសៀងទាំងមូលដែលអ្នកបានឮ ។ ផ្ទុយទៅវិញ ចូរព្យាយាមចាប់អារម្មណ៍លក្ខណៈសំឡេងម្ដងៗ ។ សត្វជាច្រើនមានសណ្ឋាន ចង្វាក់ ទម្ងន់សូរ ឬសំឡេង សម្រាប់សូរសៀងរបស់ពួកគេផ្ទាល់ ។ នៅពេលណាអ្នកចាប់ផ្ដើមដំបូងបង្អស់ អ្នកនឹងបានទទួលនូវអារម្មណ៍ល្អប្រសើរនៃអត្តសញ្ញាណសត្វស្លាប ។ នៅពេលអ្នកបញ្ចូលនូវលក្ខណៈទាំងអស់នេះចូលគ្នា អ្នកអាចបង្រួមអ្វីៗទាំងអស់បានកាន់តែប្រសើរថែមទៀត ។
នេះជាឧទាហរណ៍បន្តិចបន្តួច៖
ចង្វាក់
សូមបន្សាំខ្លួននឹងចង្វាក់យឺតឬលឿនតាមលក្ខណៈរបស់វា ។ Marsh Wren យំញាប់ ខុសពី White-throated Sparrows យំរង្វើលជាង ។
ទម្ងន់សូរ
សត្វស្លាបជាច្រើនយំតាមរបាយនៃលក្ខណៈរូបរបស់វា ដោយសត្វស្លាបតូចៗមួយចំនួនជាធម្មតាយំឮ ហើយសត្វដែលមានមាឌធំជាងនោះជាទូទៅមានសំឡេងធ្ងន់ជាង ។ សូរសៀងសត្វស្លាបជាច្រើនប្ដូរទម្ងន់សូរពីធំមកតូចពីទាមមកខ្ពស់ វិញ ។ សត្វខ្លះខុសគ្នាដោយនៅរក្សាសំឡេងនឹងដដែល ។
ការផ្ទួនឬបន្ទរសំឡេង
សត្វស្លាបខ្លះយំផ្ទួនសំឡេង ព្យាង្គ ឬឃ្លារបស់វា មុនពេលប្ដូរទៅសូរផ្សេងទៀត ។ Northern Mockingbird ធ្វើបែបនេះជាច្រើនដងជាជួរៗ ។ ប៉ុន្តែសត្វ Brown Thrashers ក៏យំស្រដៀងគ្នាដែរ វាផ្ទួនសំឡេងតែពីរដងរួចប្ដូរទៅព្យាង្គថ្មីទៀត ។
សំឡេង
សំឡេងនៃសូរសៀងសត្វស្លាបជួនកាលពិបាកនឹងពិពណ៌នាណាស់ ប៉ុន្តែវាអាចខុសគ្នាស្រឡះ ។ ជាកិច្ចចាប់ផ្ដើម ចូរចាប់អារម្មណ៍ថាតើសម្រែកសត្វនោះជា សូរហួចច្បាស់ៗ ញាប់ឬមិនច្បាស់ សូរដូចតំណក់ទឹកនិងក្លុយ (liquid and flute-like) ឬជាសូរសន្ធាប់ ។ ប្រសិនជាអ្នកអាចចងចាំលក្ខណៈនៃសម្រែករបស់សត្វស្លាប នោះវាអាចជួយប្រាប់ពីសអត្តសញ្ញាណរបស់សត្វស្លាបបាន ។ ទាំងនេះជាឧទាហរណ៍ខ្លះៗ៖
(សោកស្ដាយផង ដោយខ្ញុំគ្មានលទ្ធភាពដាក់សំឡេងជាឧទាហរណ៍ឲ្យស្ដាប់ ។ អ្នកអាចទាក់ទងរកសំឡេងឧទាហរណ៍នេះមកខ្ញុំតាមរយៈ guidejohnny@yahoo.com)
- សូរហួច Whistle
- សូររន្ថើន Harsh sound
- សូរដូចតំណក់ទឹកនិងក្លុយ Liquid and flute-like
- សូរសន្ធាប់គ្នា trill
- សូរប្រៀបធៀបនឹងសូរផ្សេង Mnemmonic