មូលហេតុ ៤យ៉ាងដែលធ្វើឲ្យទារក​មិនព្រម​ដុះធ្មេញ

នៅ​ក្នុង​ជីវិត​របស់​ក្មេង​មាន​ដំណាក់​កាល​ផ្សេង​ៗ​គ្នា ហើយ​ដំណាក់​កាល​នីមួយ​ៗ​ពិត​ជា​សំខាន់​ណាស់​។ អ្នក​ត្រូវ​មើល​ថែ​គេ​តាំង​ពី​ពេល​លូត​លាស់​រហូត​ដល់​គេ​ធំ​ពេញ​វ័យ​។ គ្មាន​កូន​ណា​ម្នាក់​ដូច​គ្នា​ឡើយ ការ​លូត​លាស់​របស់​ពួក​គេ​មាន​ភាព​ខុស​គ្នា​។ ឪពុក​ម្តាយ​ទាំង​អស់​ត្រូវ​ស្គាល់​ពី​ដំណាក់​កាល​ទាំង​អស់​របស់​កូន​ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ផ្លូវ​អារម្មណ៍​។

Advertisement

ពេល​ដុះ​ធ្មេញ ជា​ដំណាក់​កាល​ដ៏​សំ​ខាន់​បំ​ផុត​របស់​ទា​រក​។ អញ្ចាញ​ធ្មេញ​នឹង​កាន់​តែ​រឹង​មាំ​មុន​គេ បន្ទាប់​មក​ធ្មេញ​តូច​ៗ​នឹង​ដុះ​ឡើង​មក​។ ទា​រក​ដុះ​ធ្មេញ​ឡើង​នៅ​អា​យុ​ ៩​-​១២​ខែ ហើយ​ក្នុង​ករណី​ខ្លះ​អាច​យូរ​ជាង​នេះ​។

អ្នក​នឹង​បាន​ដឹង​ថា ក្នុង​ដំ​ណាក់​កាល​ពេល​កំពុង​ដុះ​ធ្មេញ​ចេញ​មក គេ​មាន​រោគ​សញ្ញា​ដូច​ជា លែង​ចាប់​អារម្មណ៍​លើ​អាហារ​រឹង​, ញី​ត្រចៀក​, ឆាប់​មួម៉ៅ​, ជញ្ជក់​ដៃ និង​គេង​មិន​សូវ​បាន។ តែ​មាន​ករណីជា​ច្រើន​ពេល​ដែល​ទារក​ដុះ​ធ្មេញ​យឺត។

មូល​ហេតុ​មួយ​ចំនួន​ធ្វើ​ឱ្យ​ទារក​មាន​បញ្ហា​ដុះ​ធ្មេញ​។ អ្នក​ត្រូវ​ផ្តល់​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​កូនរបស់​អ្នក ប្រសិន​បើ​គេ​នៅ​តែ​មិន​ទាន់​ដុះ​ធ្មេញ​ទៀត អ្នក​ត្រូវ​ទៅ​ជួប​នឹង​ទន្ត​ពេទ្យ ដើម្បី​បាន​ដឹង​ពី​មូល​ហេតុ​មិន​ដុះ​ធ្មេញ​នេះ។

ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​ហេតុ​ផល​មួយ​ចំនួន​ធ្វើ​ឱ្យ​ក្មេង​មិន​ដុះ​ធ្មេញ​៖

តំណរពូជ

ហេតុ​ផល​ចម្បង​ធ្វើ​ឱ្យ​ទា​រក​មិន​ព្រម​ដុះ​ធ្មេញ​គឺ ហ្សែន។ កូន​របស់​អ្នក​កាត់​ទៅ​រក​អ្នក ដូច្នេះ​រំ​លឹក​ប្រវត្តិ​គ្រួសារ ក្រែង​មាន​អ្នក​ណា​កាល​នៅ​ក្មេង​ជួប​បញ្ហា​មិន​ដុះ​ធ្មេញ​ដូច​នេះ​ដែរ​។

ខ្សោយ​សារធាតុ​ចិញ្ចឹម

ខ្សោយ​សារធាតុ​ចិញ្ចឹម​ធ្វើ​ឱ្យ​កូន​ប្រឈម​នឹង​បញ្ហា​មិន​ដុះ​ធ្មេញ​។ កូន​របស់​អ្នក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ជា​ចាំ​បាច់​។ នេះ​ជា​ហេតុ​ផល​មួយ​ដែល​អ្នក​គួរ​ឱ្យ​កូន​បៅ​ដោះតាម​តម្រូវ​ការ​របស់​គេ​។ កង្វះ​វីតាមីន D និង​ជាតិ​កាល់​ស្យូម​ក៏​អាច​បណ្តាល​ឱ្យ​ទារក​មិន​ដុះ​ធ្មេញដែរ​។

បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត

នេះ​អាច​ជា​បញ្ហា​បណ្តាល​ឱ្យ​ទារក​មិន​ដុះ​ធ្មេញ​។ បញ្ហា​លូត​លាស់​មួយ​នេះ​ អ្នក​ត្រូវ​ប្រញាប់​ទៅ​ប្រឹក្សាជា​មួយ​វេជ្ជបណ្ឌិត​។ បញ្ហា​នេះ​ក៏​អាច​ធ្វើ​ឱ្យ​ទារក​ក្រ​ដើរ និយាយ និង​ឡើង​គីឡូ​។

កង្វះ​វីតាមីន​ D

វីតាមីន​ D ជា​អ្នក​បញ្ជា​ឱ្យ​រាងកាយ​ប្រើ​ជាតិ​កាល់ស្យូម ដើម្បី​បង្កើត​សុខភាព​ឆ្អឹង និង​ធ្មេញ​រឹង​មាំ​។ ដូច្នេះ​ កង្វះ​វីតាមីន​ Dជា​ហេតុ​ធ្វើ​ឱ្យ​ទារក​មិន​ដុះ​ធ្មេញ​។ ប្រភព​ពិត​ប្រាកដ​នៃ​វីតាមីន​ Dគឺ​ ពន្លឺ​ព្រះអាទិត្យ។ កង្វះ​វីតាមីន​ Dអាច​កើត​ឡើង​ពី​កំណើត​ ប្រសិន​បើ​ទារក​កើត​មិន​គ្រប់​ខែ​។

ត្រូវ​ការ​ជំនួយ​ពី​វេជ្ជសាស្ត្រ

ប្រសិន​បើ​អ្នក​ឃើញ​ថា​ កូន​របស់​អ្នក​មាន​បញ្ហា​មិន​ដុះ​ធ្មេញ​ ក្រោយ​ពេល​គេ​មាន​អាយុ​ ១៣​ខែ​ យល់​ល្អ​គួរ​ទៅ​ជួប​នឹង​វេជ្ជបណ្ឌិត​។ គាត់​អាច​ធ្វើ​តេស្ត​រក​មើល​បញ្ហា​ផ្សេងៗ។​ ករណី​ភាគ​ច្រើន​ វា​គ្មាន​បញ្ហា​អ្វី​ឡើយ​ គ្រប់​យ៉ាង​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ អត់​ធ្មត់​រង់​ចាំ​។

ផ្ដល់សិទ្ធដោយ៖ មង្គលការ