ដំណាំចេកជាដំណាំដែលមានការដាំដុះច្រើនហើយបើនិយាយពីចេកនោះយើងនឹងដឹងថាវាមានផលប្រយោជន៍ជាច្រើនមិនថាស្លឹក ផ្លែ និងដើមនោះទេគឺមានប្រយោជន៌ច្រើនណាស់។ ពេលនេះយើងនឹងនិយាយរៀបរាប់នូវដំណាក់កាលមួយៗនេះការដាំដំណាំចេកដែលមានដូចខាងក្រោម។
ការរៀបចំដី៖
- ភ្ជួរដីលើកទី១ដើម្បីសំលាប់ស្មៅ ១០ថ្ងៃក្រោយត្រូវភ្ជួរម្តងទៀត។
ការរៀបចំដាំ៖
- ទុកចន្លោះពីរងនីមួយៗចម្ងាយ ២ម៉ែត្រ
- ជីករណ្តៅទំហំ ៣តឹកx៣តឹកx៣តឹក
- ដាក់ជីកំប៉ុស្ត៍ ៥គីឡូក្រាមក្នុង១រណ្តៅ
- យកកូនចេកដែលមានកម្ពស់ប្រមាណ៣តឹក ដែលមានដុះស្លឹកប្រមាណ៣ធាងសម្រាប់ការដាំ
- ដាក់ដាំកូនចេកនៅចន្លោះកណ្តាលនៃរណ្តៅរួចលប់ដីបំពេញ ហើយត្រូវដាំកូនចេកទាំងអស់បែរទៅទិសតែមួយ (មើលតាមស្លឹកធាងដំបូង) ដើម្បីងាយស្រួលប្រមូលផល។
- ពេលដាំរួចដាក់ចំបើងគ្របជុំវិញគល់របស់វារួចស្រោចទឹក។
ការថែទាំ និងដាក់ជី៖
- ត្រូចធ្វើការស្រោចទឹកជាប្រចាំនៅពេលដែលដីនៅជុំវិញគល់របស់វាស្ងួត។
- នៅពេលវាអាយុបាន ១-៣ខែ ដាក់ជី 20-10-10 ឬ 15-15-15 ១២៥-២៥០ក្រាម ក្នុងមួយដើម រាល់មួយខែម្តង។
- នៅពេលវាអាយុបាន ៥-៧ខែ ដាក់ជី 13-13-21 ១២៥-២៥០ក្រាម ក្នុងមួយដើម។
- ដាក់ជីកំប៉ុស្ត៍រាល់៣ខែម្តង និងត្រូវធ្វើការសម្ងាតស្មៅជាប្រចាំ។
- ត្រូវកាត់ស្លឹកណាដែលរាងទុំលឿងចេញ ដើម្បីឲ្យវាមានសារធាតុគ្រប់គ្រាន់សម្រាប់ចិញ្ចឹមដើម និងផ្លែ។
- រយៈពេល ៥ខែបន្ទាប់ពីការដាំត្រូវចងបង្គោលសម្រាប់ទប់ដើមចេកការពារការបាក់ដើមនៅពេលវាផ្លែ។
- យកថង់ប្លាស្ទិច ឬការុងពណ៌ខៀវចងស្រោបត្រយោងចេក១៥ថ្ងៃ មុននឹងធ្វើការកាត់ប្រមូលផលដើម្បីឲ្យវាមានពណ៌ស្រស់ស្អាត និងការពារពីសត្វផ្សេងៗផងដែរដោយទុកចំហរផ្នែកចុងខាងក្រោមបន្តិច។
- កាត់ចុងត្រយោងចេកចោលនៅពេលដែលវាចេញផ្លែដែលផ្លោសល្អអស់ហើយ។
ការប្រមូលផល៖
- រយៈពេលប្រមាណ ១០ខែយើងអាចចាប់ផ្តើមប្រមូលផលបាន។
- នៅពេលដែលប្រមូលផលពីដើមចេកណាមួយហើយយើងត្រូវកាត់ដើមនោះចោលដោយទុកកម្ពស់ប្រមាណ ១,៥ម៉ែត្រពីដីដើម្បីកុំឲ្យវាដណ្តើមជីវជាតិពីដើមដ៏ទៃ។
- ការតាត់បែបនេះដើម្បីឲ្យចេកចេញកូនពន្លកថ្មីៗច្រើនបន្ថែមទៀតដែលអាចឲ្យយើងជីកយកកូនរបស់វាដាំបន្តទៀត។
- បន្ទាប់ពីប្រមូលផលអស់ហើយយើងត្រូវដាំចេកដោយជីករណ្តៅថ្មីផ្សេងពីរណ្តៅចាស់ ហើយគល់ចេកនៅរណ្តៅចាស់វារលួយក្លាយជាជីសម្រាប់ចេកថ្មីបានផងដែរ។
ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត