មិនថា ជាប្រេងដូង ដូងខ្ចី ដូងទុំ ទឹកដូងទេ សុទ្ធតែមានប្រយោជន៍ខ្លាំងបំផុតចំពោះស្ត្រីមានផ្ទៃពោះ។ ស្ត្រីអាចទទួលទានដូងក្នុងកំឡុងរយៈពេល ៩ខែពេញ។ ដូងសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ ជាតម្រូវការដ៏សំខាន់បំផុតសម្រាប់ស្ត្រីមានគភ៌។ វាជួយរក្សាទាំងសុខភាពម្តាយ និងទារក។ វត្តមាននៃអាស៊ីតខ្លាញ់ក្នុងប្រេងដូង ជួយដល់ការលូតលាស់របស់ទារក។ អាស៊ីតឡូរិច (Lauric) ក្នុងដូងអាចជួយការពារស្ត្រីពីអាការៈឈឺសន្លាក់។
ខាងក្រោមនេះជាមូលហេតុដែលស្ត្រីពពោះគួរពិសារទឹកដូង៖
បំបាត់អាការៈចាញ់កូន៖ វត្តមាននៃប្រេងដូងក្នុងផ្លែដូង ជួយបំបាត់អាការៈចង់ក្អួត ក្អួតចង្អោរ ឡើងជាតិអាស៊ីត ឆ្អល់ក្តៅចុងដង្ហើមរបស់ស្ត្រីពពោះ។ អ្នកគួរញ៉ាំខ្ទះដូង ឬទឹកដូងជារៀងរាល់ព្រឹក ដើម្បីបំបាត់អាការៈចាញ់កូន។
កម្ចាត់ស្នាមសង្វារ ការពារពីកន្ទួលរមាស់លើក្បាលពោះ៖ ការប្រើប្រេងដូងជូតលើក្បាលពោះរបស់អ្នក អាចជួយការពារពីការកើតស្នាមសង្វារ។ ប្រេងដូងនឹងផ្តល់ជាតិសំណើម សារធាតុចិញ្ចឹមដល់ស្បែក ការពារពីកន្ទួលរមាស់។
ជួយដល់ការផលិតទឹកដោះ៖ ប្រសិនបើអ្នកញ៉ាំដូងបានទៀងទាត់ក្នុងកំឡុងពេលមានផ្ទៃពោះ អ្នកនឹងសម្បូរទឹកដោះឱ្យកូនបៅ។ ប្រេងដូងផ្ទុកអាស៊ីតឡូរិច ជួយដល់ការផលិតទឹកដោះ។
បង្កើនចរាចរណ៍ឈាម៖ ក្នុងរយៈពេលពពោះ កម្រិតឈាមអាចកើនឡើង ៥០% ដែលបណ្តាលឱ្យហើមជើង។ ប្រសិនបើខ្សោយចរាចរណ៍ឈាម វានឹងធ្វើឱ្យស្ត្រីឈឺ និងហើមជើង។ ការទទួលទានដូងអាចបង្កើនចរាចរណ៍ឈាម មិនឱ្យជើងឈឺ និងហើម។
ការពារពីការឆ្លងមេរោគក្នុងតម្រងនោម៖ ទឹកដូងជួយបង្កើនទឹកនោម ជួយកម្ចាត់បាក់តេរីតាមរយៈការបញ្ចេញចោលតាមទឹកនោម។
ការពារពីជំងឺខ្វះឈាម៖ ការទទួលទានខ្ទះដូងក្នុងកំឡុងពេលមានផ្ទៃពោះអាចការពារពីជំងឺខ្វះឈាម ជាជំងឺទូទៅច្រើនកើតចំពោះស្ត្រីដែលមិនបានទទួលទានអាហារមានជាតិដែក។ ខ្ទះដូងសម្បូរជាតិដែក។
ការពារពីជំងឺទល់លាមក ជួយរំលាយអាហារ៖ ការផឹកដូងទុំនឹងជួយការពារស្ត្រីពីជំងឺទល់លាមក ព្រោះដូងទុំ ជាថ្នាំបញ្ចុះលាមក៕
ផ្តល់សិទ្ធដោយ៖ មង្គលការ