តើកូនរបស់អ្នកនៅមិនស្រណុក និងមិនចង់ញ៉ាំ ឬផឹកអ្វីទាំងអស់មែនទេ? មូលហេតុអាចមានច្រើន។ តែទោះបីជាយ៉ាងណា មូលហេតុភាគច្រើនបណ្តាលមកពីអាការៈឈឺចាប់ក្នុងពោះ។ អាការៈឈឺពោះ ជាជំងឺទូទៅរបស់ក្មេងៗ ជាពិសេសក្មេងចាប់ពីអាយុ ៤-៨ឆ្នាំ តែងតែជួបនឹងបញ្ហានេះ។ អាការៈឈឺពោះអាចបណ្តាលមកពីមូលហេតុមួយចំនួនដូចជា ពុលអាហារ ទល់លាមក ឆ្លងមេរោគក្នុងក្រពះ…។ មិនថាក្មេងឈឺពោះដោយសារអ្វីទេ រឿងទី ១ដែលអ្នកគួររកគឺ ឱសថធម្មជាតិនៅក្នុងផ្ទះ ដែលងាយស្រួលរកបំផុត។
ឱសថធម្មជាតិនេះគួរតែត្រូវបានត្រៀមរួចជាស្រេច ហើយអ្នកអាចសាកល្បងប្រើវា ដើម្បីបំបាត់អាការៈរបស់ក្មេងដោយមិនចាំបាច់ស្ទាក់ស្ទ័រ។ ខាងក្រោមជាកំពូលឱសថ ដែលអ្នកអាចប្រើវាសម្រាប់បំបាត់អាការៈក្មេងឈឺពោះបានយ៉ាងមានប្រសិទ្ធិភាព៖
ខ្ញី៖ ខ្ញីផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយកម្ចាត់ធាតុវិទ្យុសកម្ម។ ខ្ញីក៏អាចជួយបំបាត់អាការៈចង់ក្អួត និងមិនស្រួលខ្លួនផងដែរ។ លើសពីនេះទៀត សារធាតុប្រឆាំងនឹងការរលាកក្នុងខ្ញីជួយបង្កើនទឹកប្រម៉ាត់ និងរារាំងអាស៊ីតក្រពះ។ សាកល្បងធ្វើតែខ្ញីឱ្យកូនអ្នកញ៉ាំ ពេលគេឈឺពោះ។
ស្អំកម្តៅ៖ ដាក់ក្រណាត់ក្តៅ ឬកញ្ចប់ទឹកក្តៅស្អំលើពោះកូនអ្នក ពេលគេកំពុងគេង ឬអង្គុយលើគ្រែ វានឹងជួយបន្ធូរអាការៈឈឺចាប់បានច្រើន។ នៅពេលអ្នកស្អំកម្តៅ វាជួយបង្កើនចលនាលំហូរឈាមលើស្បែក កាត់បន្ថយអារម្មណ៍ឈឺចាប់ពីពោះ។
ឱ្យអាហារសាបញ៉ាំ៖ ប្រសិនបើកូនអ្នកឈឺពោះដោយសារតែភាពស្រេកឃ្លាន អ្នកអាចឱ្យគេញ៉ាំអាហារសាបៗតិចតួចដូចជា ទឹកដោះគោជូរ នំប៉័ងអាំង បាយ ម្សៅអាវ័ន…។ អាហារសាបមិនធ្វើឱ្យកើតអាការៈក្អួត មិនរំខានដល់ក្រពះ និងអាចងាយស្រួលរំលាយ។ មិនតែប៉ុណ្ណោះ អាហារសាបជួយសម្រួលដល់មុខងារក្រពះពោះវៀនឱ្យត្រលប់មកធម្មតាវិញបានយ៉ាងឆាប់រហ័ស។
សកម្មភាពរាងកាយ៖ អ្នកត្រូវលើកទឹកចិត្តកូនឱ្យចេញមកខាងក្រៅលេង ប្រសិនបើគេនៅតែគេងលើគ្រែ ព្រោះវានឹងមិនអាចជួយកាត់បន្ថយអាការៈឈឺពោះបានឡើយ។ ការសិក្សាបាននិយាយថា សកម្មភាពរាងកាយជួយដល់ចលនាបំពង់ក្រពះពោះវៀន ស្របពេលដែលការគេងតែលើគ្រែអាចបណ្តាលឱ្យកើតជំងឺទល់លាមក។ ចេញទៅលេងខាងក្រៅ រត់ ដើរ…អាចជួយបាន។
ទឹកដោះគោជូរ៖ ទឹកដោះគោជូរត្រូវបានចាត់ទុកថា ជាឱសថព្យាបាលបញ្ហាប្រព័ន្ធរំលាយអាហារ។ មានទម្លាប់មួយឱ្យកូនអ្នកញ៉ាំទឹកដោះគោជូរ ១ចានជាប្រចាំ។ ទឹកដោះគោជូរផ្តល់បាក់តេរីល្អៗដល់ពោះវៀន ជួយដល់ការរំលាយអាហារ។
តែជីអង្កាម៖ តែស្លឹកជីអង្កាមអាចជួយបំបាត់អាការៈឈឺពោះក្មេងបាន។ ការសិក្សាជាច្រើនបានបង្ហាញថា ស្លឹកជីអង្កាមមានប្រសិទ្ធិភាពជួយបំបាត់អាការៈឈឺសាច់ដុំពោះ។ ជីអង្កាមមានសមត្ថភាពជួយបង្កើនលំហូរនៃទឹកប្រម៉ាត់ ងាយស្រួលដល់ការរំលាយអាហារ។
ផ្តល់សិទ្ធដោយ៖ មង្គលការ