អំពីល្បែងឈូងកម្លោះក្រមុំ ឬមនុស្ស​ចំណាស់ៗតែងតែលេងនៅយប់ខែ ភ្លឺ

ល្បែងឈូង ជាល្បែងមួយយ៉ាង របស់មនុស្សកម្លោះក្រមុំ ឬមនុស្ស​ចំណាស់ៗ ប្រុស ស្រី ទូ​ទាំង​កម្ពុជ​​រដ្ឋ គេ​តែង​លេង​នៅ​វេលាយប់ ខែភ្លឺ ក្នុង​រដូវ​ចូលឆ្នាំថ្មី (ខែចេត្រ-ពិសាខ) ។ គេចែកគ្នា ២​ពួក​ប្រុស ១​ពួក ស្រី ១​ពួក ។ ក្នុង ១ ពួកៗមានគ្នាចំនួនពី ១០នាក់ ឬ ២០នាក់ ឡើងទៅ ឈរ​ត្រៀម​​​​ជា​​២​ជួរ ទល់​មុខ​គ្នា ឃ្លាតពីគ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ ។ គេយកក្រមា​ ឬ​កន្សែង​មក​ឆ្មូល​ឲ្យ​មូល​ ចង​រឹត​ឲ្យ​តឹង​ណែន​ល្អ ទុកឲ្យ​មាន​កន្ទុយ​បន្តិច​ហៅ​ថា “ឈូង” សម្រាប់កាន់បោះ ឬ​ចោល​ទៅ​មក​រក​គ្នា ។

Advertisement

ឈូងមាន ២បែប៖

      ១- ឈូងច្រៀងរាំ

       ២- ឈូងលោះខ្ញុំ
១- ឈូងច្រៀងរាំ មុនដំបូង ពូកខាងប្រុសបោះ​ឈូងទៅ​ឲ្យពួក​ខាង​ស្រី ពូកខាង​ស្រី​ប្រុង​ចាប់​កុំ​ឲ្យ​ធ្លាក់​ដល់​ដី បើធ្លាក់ដល់ដី គេចាត់ជាស្អុយ ហើយ​គេ​ផ្តើម​បោះទៅឲ្យខាងប្រុសវិញ ពួកខាង​ប្រុស​​ប្រុង​​ចាប់​​កុំ​​ឲ្យ​​ធ្លាក់​​ដល់​​ដី ។ កាលចាប់បានហើយ  ចោលសំដៅទៅពូកខាងស្រី គឺសំដៅ​នាង​​ណា​​​ដែល​ខ្លួន​ស្ម័គ្រ​ បើចោលខុសគេចាត់ទុក ស្អុយ រួចគេ​ផ្តើមបោះ​ជាថ្មី​ទៀត បើ​ចោល​ត្រូវ​ស្រី​ណា​ហើយ ស្រី​នោះ​​ច្រៀង​​រាំយក​ឈូង​ទៅ​ជូន​ខាង​ប្រុស ហៅថា ច្រៀងរាំជូនឈូង។ របៀប​ច្រៀង​រាំ​នោះ ម្នាក់​កាន់​ឈូង​នាំ​មុខ ម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា ៖

ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងប្រុសស្ងួន ទទួលឈូងទៅ” ។

ពូកស្រីៗក្រៅពីនោះគ្រប់គ្នាទទួលថា ៖

ឱណាកែវ កែវពិអា ឱណាកែវអឺយ អឺអឺងអឺយ!

រួចហើយហុចឈូងនោះទៅខាងប្រុសៗ ទទួលយក ហើយក៏ផ្តើម បោះ​ឈូង​នោះ​ទៅ​ឲ្យ​ខាង​ពួក​ស្រីៗ​ចាប់វិញ។បើពូកស្រីៗចាប់ឈូងបានក៏ចោលសំដៅទៅពូកខាងប្រុស បើ​ចោល​​ត្រូវប្រុសណា ប្រុស​នោះ​ត្រូវ​រាំ​នាំ ឈូងទៅជូនខាងពូកស្រីៗ ដោយ​ច្រៀងជាទំនុកថា៖   “ បងចាប់ឈូងបាន បងបី​ត្រកង ព្រលឹងមាសបង ទទួល ឈូង ទៅ” ។ ពូកប្រុសៗ គ្រប់គ្នាទទូលបន្ទរថា៖ “ ឱណាកែវ កែវ​ពិអា ឱណាកែវអឺយ អឺអឺងអឺយ !” ហើយហុច ឈូងនោះទៅខាងស្រីៗ ទទួលយក ទើបផ្តើមបោះតទៅទៀត ។

២- ឈូងលោះខ្ញុំ ដើមដំបូង ខាងប្រុសគេផ្តើមច្រៀង ១ទំនុកជាមុខ ។ ឯទំនុក​ច្រៀង​ឈូង​មាន​ច្រើន​បែប ប្លែក​ទៅ​តាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង​និង​តាមស្រុក ។ ទីនេះស្រង់យកតែទំនុកធម្មតា ដែលអ្នកលេងឈូងគ្រប់ ស្រុកគេតែងច្រៀងគ្រប់គ្នាថា៖ “​ បងបោះឈូងទៅ អូនអើយ កំពស់​ចុង​ដូង (ស្ទូន) ក្រមុំឈរច្រូង អូនអើយទទួលឈូងបង” ឬថា “បងបោះឈូងទៅ ឈូង​បែក​​ជាបួន ស្រីណាមានខ្លូន ទទួលឈូងបង” ។ល។  ច្រៀង​ហើយ​គេ​ស្រែក ប្រាប់ថា “ឈូង​អើយ​ឈូង!” ហើយអ្នកផ្តើមទំនុក​ក៏បោះ​ឈូង​ទៅ​លើ​ពួក​ស្រីៗ ឲ្យពួកស្រីៗចាប់  ។ ខាងស្រី​ចាប់​ឈូង បាន គេចោល​សំដៅ​ទៅ​រក​ប្រុស​ណាដែលគេត្រូវចិត្ត បើចោលទៅត្រូវប្រុសណា គេ​ទៅ​​ចាប់​​យក​ប្រុស​នោះមកទុក ខាងពូកគេ។ បើចោលមិនត្រូវទេ ខាង​ប្រុស​នោះ​ចាប់​ឈូង​នោះ ចោល​សំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាង ប្រុស​ចោល​មកត្រូវខាងស្រីហើយ ប្រុស​ម្នាក់​ដែល​ត្រូវ​ចាប់​យក​ទៅ​ទុក​មុន​នោះ ត្រូវបាន​មក​រូចខ្លួន បើប្រុសចោល មិនត្រូវស្រីវិញទេ ប្រុស​ម្នាក់នោះ​ត្រូវនៅ​ខាង​ស្រីដដែល ។ បើខាងណាប៉ុនប្រសប់ចោលយកខាងម្ខាងទាល់តែអស់ កាល​​ណា​អស់​គ្នាហើយគេផ្តើម លេងសាជាថ្មី ដោយឲ្យ​ខាងស្រី​បោះ​ឈូង​ទៅ​ឲ្យ​ប្រុស គេស្រែក​ច្រៀង​ថា៖ “អូនបោឈូងទៅ បងអើយ កំពស់ចុងស្លា ប្រុសឈរប្រៀបត្រា បងអើយ​ទទួល​ឈូង​អូន” ។ល។ ច្រៀងហើយគេ ស្រែក​​ថា៖ “ឈូងអើយ ឈូងអើយ” ហើយគេបោះឈូងទៅ​លើពូក​ប្រុសៗ។

ឯខាង​ប្រុសបើគេចាប់បានឈូងខាងស្រីបានហើយ គេចោល​ឈូង​នោះ​សំដៅខាងស្រីៗ កាល​ត្រូវលើស្រី ណាម្នាក់ គេចាប់ស្រីនោះ​មក​ទុក​ខាង​គេ។ បើខាងណាអស់មនុស្ស គេចែ​គ្នាលេង​សា​រ​ជាថ្មី។

មនុស្សដែលគេចាប់បាននោះ ជូនកាលគេចងទុកឲ្យជិត លេងឲ្យរត់​ទៅកាន់​ទីផ្សេងៗ ជា​ការ​កំសាន្ត សប្បាយ ។របៀបលេងបែបទី២ នេះ ជូនកាលអ្នកលេង គេច្រូតកាត់មិនបាច់​ច្រៀង ស្រាប់តែ​ចោល​តែម្តង​ក៏​មាន។ល្បែងនេះ រាប់ចូលក្នុងពួកការហាត់ភ្នែកឲ្យវៃ ហាត់ដៃឲ្យត្រង់ផង ជាការកំសាន្តសប្បាយ ដោយ​មាន​ការ រាំច្រៀងលាយជាមួយផង៕