ល្បែងឈូង ជាល្បែងមួយយ៉ាង របស់មនុស្សកម្លោះក្រមុំ ឬមនុស្សចំណាស់ៗ ប្រុស ស្រី ទូទាំងកម្ពុជរដ្ឋ គេតែងលេងនៅវេលាយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ-ពិសាខ) ។ គេចែកគ្នា ២ពួកប្រុស ១ពួក ស្រី ១ពួក ។ ក្នុង ១ ពួកៗមានគ្នាចំនួនពី ១០នាក់ ឬ ២០នាក់ ឡើងទៅ ឈរត្រៀមជា២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ ។ គេយកក្រមា ឬកន្សែងមកឆ្មូលឲ្យមូល ចងរឹតឲ្យតឹងណែនល្អ ទុកឲ្យមានកន្ទុយបន្តិចហៅថា “ឈូង” សម្រាប់កាន់បោះ ឬចោលទៅមករកគ្នា ។
ឈូងមាន ២បែប៖
១- ឈូងច្រៀងរាំ
២- ឈូងលោះខ្ញុំ
១- ឈូងច្រៀងរាំ មុនដំបូង ពូកខាងប្រុសបោះឈូងទៅឲ្យពួកខាងស្រី ពូកខាងស្រីប្រុងចាប់កុំឲ្យធ្លាក់ដល់ដី បើធ្លាក់ដល់ដី គេចាត់ជាស្អុយ ហើយគេផ្តើមបោះទៅឲ្យខាងប្រុសវិញ ពួកខាងប្រុសប្រុងចាប់កុំឲ្យធ្លាក់ដល់ដី ។ កាលចាប់បានហើយ ចោលសំដៅទៅពូកខាងស្រី គឺសំដៅនាងណាដែលខ្លួនស្ម័គ្រ បើចោលខុសគេចាត់ទុក ស្អុយ រួចគេផ្តើមបោះជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំយកឈូងទៅជូនខាងប្រុស ហៅថា ច្រៀងរាំជូនឈូង។ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា ៖
“ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងប្រុសស្ងួន ទទួលឈូងទៅ” ។
ពូកស្រីៗក្រៅពីនោះគ្រប់គ្នាទទួលថា ៖
“ឱណាកែវ កែវពិអា ឱណាកែវអឺយ អឺអឺងអឺយ! ”
រួចហើយហុចឈូងនោះទៅខាងប្រុសៗ ទទួលយក ហើយក៏ផ្តើម បោះឈូងនោះទៅឲ្យខាងពួកស្រីៗចាប់វិញ។បើពូកស្រីៗចាប់ឈូងបានក៏ចោលសំដៅទៅពូកខាងប្រុស បើចោលត្រូវប្រុសណា ប្រុសនោះត្រូវរាំនាំ ឈូងទៅជូនខាងពូកស្រីៗ ដោយច្រៀងជាទំនុកថា៖ “ បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួល ឈូង ទៅ” ។ ពូកប្រុសៗ គ្រប់គ្នាទទូលបន្ទរថា៖ “ ឱណាកែវ កែវពិអា ឱណាកែវអឺយ អឺអឺងអឺយ !” ហើយហុច ឈូងនោះទៅខាងស្រីៗ ទទួលយក ទើបផ្តើមបោះតទៅទៀត ។
២- ឈូងលោះខ្ញុំ ដើមដំបូង ខាងប្រុសគេផ្តើមច្រៀង ១ទំនុកជាមុខ ។ ឯទំនុកច្រៀងឈូងមានច្រើនបែប ប្លែកទៅតាមប្រាជ្ញារបស់អ្នកនាំច្រៀងនិងតាមស្រុក ។ ទីនេះស្រង់យកតែទំនុកធម្មតា ដែលអ្នកលេងឈូងគ្រប់ ស្រុកគេតែងច្រៀងគ្រប់គ្នាថា៖ “ បងបោះឈូងទៅ អូនអើយ កំពស់ចុងដូង (ស្ទូន) ក្រមុំឈរច្រូង អូនអើយទទួលឈូងបង” ឬថា “បងបោះឈូងទៅ ឈូងបែកជាបួន ស្រីណាមានខ្លូន ទទួលឈូងបង” ។ល។ ច្រៀងហើយគេស្រែក ប្រាប់ថា “ឈូងអើយឈូង!” ហើយអ្នកផ្តើមទំនុកក៏បោះឈូងទៅលើពួកស្រីៗ ឲ្យពួកស្រីៗចាប់ ។ ខាងស្រីចាប់ឈូង បាន គេចោលសំដៅទៅរកប្រុសណាដែលគេត្រូវចិត្ត បើចោលទៅត្រូវប្រុសណា គេទៅចាប់យកប្រុសនោះមកទុក ខាងពូកគេ។ បើចោលមិនត្រូវទេ ខាងប្រុសនោះចាប់ឈូងនោះ ចោលសំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាង ប្រុសចោលមកត្រូវខាងស្រីហើយ ប្រុសម្នាក់ដែលត្រូវចាប់យកទៅទុកមុននោះ ត្រូវបានមករូចខ្លួន បើប្រុសចោល មិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវនៅខាងស្រីដដែល ។ បើខាងណាប៉ុនប្រសប់ចោលយកខាងម្ខាងទាល់តែអស់ កាលណាអស់គ្នាហើយគេផ្តើម លេងសាជាថ្មី ដោយឲ្យខាងស្រីបោះឈូងទៅឲ្យប្រុស គេស្រែកច្រៀងថា៖ “អូនបោឈូងទៅ បងអើយ កំពស់ចុងស្លា ប្រុសឈរប្រៀបត្រា បងអើយទទួលឈូងអូន” ។ល។ ច្រៀងហើយគេ ស្រែកថា៖ “ឈូងអើយ ឈូងអើយ” ហើយគេបោះឈូងទៅលើពូកប្រុសៗ។
ឯខាងប្រុសបើគេចាប់បានឈូងខាងស្រីបានហើយ គេចោលឈូងនោះសំដៅខាងស្រីៗ កាលត្រូវលើស្រី ណាម្នាក់ គេចាប់ស្រីនោះមកទុកខាងគេ។ បើខាងណាអស់មនុស្ស គេចែគ្នាលេងសារជាថ្មី។
មនុស្សដែលគេចាប់បាននោះ ជូនកាលគេចងទុកឲ្យជិត លេងឲ្យរត់ទៅកាន់ទីផ្សេងៗ ជាការកំសាន្ត សប្បាយ ។របៀបលេងបែបទី២ នេះ ជូនកាលអ្នកលេង គេច្រូតកាត់មិនបាច់ច្រៀង ស្រាប់តែចោលតែម្តងក៏មាន។ល្បែងនេះ រាប់ចូលក្នុងពួកការហាត់ភ្នែកឲ្យវៃ ហាត់ដៃឲ្យត្រង់ផង ជាការកំសាន្តសប្បាយ ដោយមានការ រាំច្រៀងលាយជាមួយផង៕