មាតុភូមិកម្ពុជាសំបូរប្រាង្គប្រាសាទវត្ថុសិល្បៈរំលេចក្បូរក្បាច់ដ៏ល្អវិចិត្រមានតម្លៃមិនអាចកាត់ថ្លៃបានកវីនិពន្ធទេសចរជិតឆ្ងាយពេលបានទស្សនាមរតកដ៏ប្រណិតនេះហើយបានពោលសរសើរអំពីសោភ័ណនៃវត្ថុសិល្បៈ វប្បធម៌ ទាំងនេះមិនដាច់ ពីមាត់ថាជាអច្ឆរិយ វត្ថុដ៏ល្អក្នុងលោក។
១.ចាស់ទុំសឹងតែគ្រប់សម័យកាលកន្លងមកបានទូន្មានថាបញ្ហាវប្បធម៌គឺជាបញ្ហាខ្មែរគ្រប់ រូបដែលមិនគ្រាន់តែត្រូវខិតខំរក្សាការពារមរតកវប្បធម៌ជាតិឲ្យបានគង់វង្សដើម្បីបុព្វហេតុ សន្តិភាពវឌ្ឍនភាពនិងព្រលឹងប្រជា ជាតិ របស់ខ្លួន។
២.តាមនិយមន័យទូទៅវប្បធម៌គឺជាសមិទ្ធផលនៃជ័យជំនះដោយបញ្ហាពលកម្មហត្ថកម្មរបស់មនុស្សលើធម្មជាតិលើអវិជ្ជាលើភាពអន្ធការ។គោលដៅជាមូលដ្ឋានរបស់វប្បធម៌គឺមនុស្ស។កាលណាស្នាដៃវប្បធម៌កាន់តែ ខ្ពស់ គោលដៅរបស់មនុស្សកាន់តែជ្រាលជ្រៅនិងសុក្រឹត្យ។
៣.វប្បធម៌មានតួនាទីចង្អុលទិសបណ្តុះបណ្តាលអប់រំចំណេះដឹងនិងបញ្ញាស្មារតីដើម្បីសេចក្តីចម្រើនខាងផ្លូវចិត្តនិងឧត្តមគតិ ប្រសើរខ្ពង់ខ្ពស់របស់មនុស្ស។វប្បធម៌ជួយកែច្នៃមនុស្សឲ្យមានកិរិយាមារយាទល្អប្រសើរមានរបៀបរស់នៅថ្លៃថ្នូរមានច្បាប់ ទម្លាប់ត្រឹមត្រូវមានកម្រិតជីវភាពរុងរឿងមានទស្សនវិស័យជឿនលឿនមានរបៀបគ្រប់គ្រងត្រឹមត្រូវមានសច្ចៈយុត្តិធម៌និង មានសេចក្តីសុខសន្តិភាព។
៤.ប្រជាជាតិខ្មែរធ្លាប់ជាជាតិមួយមានអរិយធម៌ថ្កុំថ្កើនរុងរឿងព្រមទាំងធ្លាប់មានកិត្តិនាមល្បីល្បាញទូទាំងសកលលោកទាំង មូលព្រោះតែតម្លៃសិល្បៈវប្បធម៌ជាតិខ្លួនជាការពិតណាស់កាលណាគេទស្សនាសិល្បៈវប្បធម៌បុរាណខ្មែរដូចជារបាំក្បាច់ បុរាណវិមានប្រាសាទអង្គរ ស្ថាបត្យកម្ម គំនូរចម្លាក់ ល្ខោន តន្ត្រី គេត្រូវគិតពិចារណាទើបយល់ខ្លឹមសារពិតរបស់វា។
ដកស្រង់ពីទំព័រចំណេះដឹងវប្បធម៌ទូទៅ