យល់ដឹងអំពី៖ រមណីយដ្ឋានធម្មជាតិ បឹងយក្សឡោម

បឹងយក្សឡោម​ ជាបឹងមួយស្ថិតនៅចំកណ្តាលភ្នំក្នុងឃុំយក្សឡោម ស្រុកបានលុង ខេត្តរតនៈគិរី។ បឹងយក្សឡោមជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលគ្មានពីរក្នុងប្រទេសកម្ពុជា ដែលបានកើតឡើង ដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់ រយឆ្នាំមុនមកម៉េ្លះ។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញ បឹងដែលជាម្លប់សម្រាប់កម្សាន្ត រីឯផៃ្ទទឹកមានពណ៌‌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះឡើយ។

រមណីយដ្ឋានបឹងយក្សឡោមមានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីទីក្រុងបានលុងដែល ជាបេះដូងនៃខេត្តរតនៈគិរី។ បឹងនេះមានទំហំប្រមាណជា ២៦១២ម៉ែត្រ ដែលមានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ​៥០ម៉ែត្រ។

ដោយសារតែខេត្តនេះជាខេត្តមួយសម្បូរទៅដោយសម្បត្តិធម្មជាតិបែបនេះ បានជាធ្វើឲ្យបណ្តាប្រជាជន ដែលរស់នៅជុំវិញខេត្តនេះនាំគ្នាប្តូវទីលំនៅទៅរស់នៅទីនោះ ហើយទើបគេឃើញឥឡូវនេះបឹងយក្សឡោម ខេត្តរតនគីរី កាន់តែមានសភាព អ៊ូអរហើយបានធ្វើអោយប្រជាជនដែលរស់នៅទីនោះមានជីវភាពធូរធារ ដែលបានមកពីភ្ញៀវទេសចរណ៍ដែលបានមកកម្សាន្តផងដែរ។ ពេលដែលយើងធ្វើដំណើរទៅដល់បឹងយក្សឡោម គឺនៅចំពីមុខផ្លូវចូល គេដាក់កុងត្រូលសម្រាប់អោយបង់ប្រាក់មុននឹងចូលទៅកម្សាន្តនៅទីនោះ។ សំបុត្រចូលទស្សនា​​ សម្រាប់ប្រជាជនខែ្មរ តម្លៃ៣០០រៀល បរទេស ១ដុល្លារ ម៉ូតូ​៥០០រៀល រថយន្តតូច​១៥០០រៀល រថយន្ត ធំ ២០០០រៀល និងកង់ ៣០០រៀល។ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរទៅកម្សាន្តនៅទីនោះ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខែ្មរគឺមានសភាពអូអរខ្លាំងស្ទើរតែរកកនែ្លងចតម៉ូតូ រថយន្តគ្មាន។ បន្ទាប់មកយើងធ្វើដំណើរចុះពីលើជណ្តើរ ដើម្បីឆ្ពោះទៅ បឹងយក្សឡោមប៉ុនែ្តអ្វីដែលមិនគួរឲ្យជឿដូចពាក្យគេ និយាយថា បានឭមួយពាន់ដងមិនស្មើនឹងបានឃើញម្តងនោះទេ ពីព្រោះតែនៅលើផៃ្ទទឹកមានពណ៌‌ខៀវ ស្រងាត់មើលទៅដាច់កន្ទុយភែ្នកហើយ មានព្រៃព្រឹក្សាដុះអមជុំវិញសងខាងគួរជាទីគយគន់។

ភ្ញៀវទេសចរណ៍ម្នាក់ៗ នៅពេលដែលទៅដល់បឹងនេះភ្លាម ពួកគេប្រញាប់ប្រញាល់ផ្លាស់ប្តូរសំលៀកបំពាក់ និងទាញម៉ាស៊ីនថតដើម្បីទៅហែលទឹក និងថតរូបទុកជាអនុស្សាវរីយ៍។ ភ្ញៀវទេសចរណ៍គ្រប់ៗគ្នា ដែលទៅទស្សនានៅបឹងយក្សឡោមបានសរសើរមិនដាច់ពីមាត់ឡើយថា បឹងនេះមានទេសភាពស្អាត ទឹកបឹងមានពណ៌‌ខៀវស្រងាត់ បើមុជទៅជ្រៅកាន់តែត្រជាក់ទៅៗ ដែលធ្វើឲ្យអ្នកដែលបានទៅកម្សាន្តនៅទីនោះមិនចង់ត្រឡប់មកវិញឡើយ យើងក្រេឡកមើល ទៅខាងឆេ្វងដៃមុននឹងចូលទៅ បឹងយក្សឡោម យើងនឹងឃើញខ្ទមជនជាតិព្នងពីរដែលគេសង់ឡើង ដើម្បីឲ្យភ្ញៀវទេសចរណ៍ឃើញថា នោះជាខ្ទមតំណាងឲ្យកូនស្រី និងកូនប្រុស ហើយភ្ញៀវទេសចរណ៍អាចថតរូប និងឡើងចុះបានដោយសេរី។ ភ្ញៀវទេសចរណ៍ខ្លះដែលមិនទាន់ចុះមុជទឹកគឺពួកគេនាំគ្នាដើរជុំវិញបឹងនេះ ដើម្បីគយគន់ទេសភាព ភាគច្រើនអ្នកដែលទៅទស្សនា និងទៅងូតទឹកនៅទីនោះគឺនៅពេលរសៀលម៉ោង២ ឬម៉ោង ៣ ពីព្រោះពេលព្រឹក គេនាំគ្នាទៅកម្សាន្ត នៅទឹកជ្រោះផេ្សងៗ៕