ភាសាខ្មែរហៅថា ពិណ ក្លាយមកពីភាសាសំស្ក្រឹត និងបាលីថា វីណា ជាឧបករណ៍ខ្សែកេះ ឬដេញដោយម្រាមដៃទាំងដប់ មានពិណ កោង ពិណកែង និងពិណស្នូក ។ ឧបករណ៍នេះប្រើប្រាស់រួមជាមួយនឹងឧបករណ៍ដទៃទៀតសំរាប់ប្រគំជូនការ រាំច្រៀងថ្វាយអាទិទេពក្នុងព្រហ្មញសាសនា ។
ដោយឧបករណ៍ពិណ ស្ថិតស្ថេរក្នុងព្រហ្មញ្ញសាសនាប្រើប្រាស់សំរាប់បូជាថ្វាយអាទិទេព មានព្រះព្រហ្ម ព្រះឥសូរ និងព្រះនារាយណ៍ ជាដើមមានគន្ធពជាប្រុសអ្នកភ្លេងដេញពិណ និងច្រៀង ឯស្រីទេពអប្សរជាស្រីរបាំ ទើបអាចសន្និដ្ឋានបានថា ឧបករណ៍ពិណនេះឆ្លងមកពីប្រទេសក្លឹង្គ តាំងពីសម័យដែលក្លឹង្គបានមករស់នៅជាមួយខ្មែរ តាំងពីសតវត្សសូន្យនៃគ្រិស្ដសករាជ ដោយនាំមកជាមួយនូវអារ្យធម៌ច្រើនបែបច្រើនយ៉ាង មានសាសនា មានអក្សរសាស្ដ្រ មានភាសា មានសិល្បៈ។ល។
អ្នកស្រីបណ្ឌិតពៅ សាវរស ជាអ្នកប្រាជ្ញខាងអក្សរសាស្ដ្រខ្មែរបានមានប្រសាសន៍ក្នុងបឋកថា មួយជាមួយសាស្ដ្រាចារ្យ និងនិស្សិត នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុង ខែកុម្ភៈ ឆ្នាំ១៩៩៤ ថា “តាមសិលាចារិកខ្មែរ ចេះធ្វើគ្រឿងភ្លេងតាំងពីសតវត្សទី៦ គឺចេះធ្វើពិណ ចាប៉ី និងស្គរគ្រប់បែប” ។
ឧបករណ៍ដ៏ចាំបាច់នេះបានត្រូវលើកយកទៅឆ្លាក់លើ ជញ្ជាំងប្រាសាទនានាដូចជា នៅលើក្បាច់ផ្ដែរនារចនាបថសម្បូរព្រៃគុក កំពង់ធំ សតវត្សទី៧ ជាពិណស្នូក លើជញ្ជាំងប្រាសាទបាយ័ន សតវត្សទី៩ ជាពិណកោង ប្រើប្រាស់ជាមួយនឹងការរាំច្រៀងច្រើនកន្លែងច្រើនធុន ដូចជាពិណមានខ្សែ២១ ពិណមាន ខ្សែ១៨ ពិណមានខ្សែ១៤ ពិណមានខ្សែ ១២ និងពិណមានខ្សែ៨ នៅលើជញ្ជាំងប្រាសាទ អង្គរវត្ដ ជាពិណកែងមានខ្សែ១១ ។
ពិណទាំងអស់នេះត្រូវបានបញ្ចប់តួនាទីរបស់ខ្លួន ពីក្នុងសង្គមខ្មែរ តាំងពីអរិយធម៌ អង្គរត្រូវបានរលាយ ព្រហ្មញសាសនាត្រូវបានរលត់មុនឆ្នាំ១៤៣១ ជាឆ្នាំដែលខ្មែរស្លាប់ស្ទើរអស់ នៅសល់តែ៩០.០០០នាក់ ត្រូវ សៀមកៀរយកទៅលត់ដំធ្វើបាបថែមទៀត ។ ឧបករណ៍ពិណនេះបានផ្ទេរឈ្មោះរបស់ខ្លួនរហូតដល់សព្វថ្ងៃឱ្យទៅជា វង់ភ្លេងមួយហៅថា វង់ភ្លេងពិណពាទ្យ គឺជាវង់ភ្លេងដែលមានឧបករណ៍ពិណដឹកមុខកាលពីសម័យបុរាណ ៕ (រៀបរៀងចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យ សិល្បៈតន្រី្ត)
ប្រវត្តិ ទ្រខ្មែរ (ទ្រខ្សែបី)
ប្រជាពលរដ្ឋកម្ពុជាតែងនាំគ្នាហៅទ្រ ប្រភេទនេះថា ទ្រខ្មែរ ឬទ្រខ្សែ៣ ។ ហៅថា ទ្រខ្មែរ ពីព្រោះតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ គេឃើញតែជនជាតិខ្មែរជាអ្នក ប្រើប្រាស់ទ្រនេះ ។ ហៅថា ទ្រខ្សែ៣ ព្រោះគេឃើញទ្រនេះមានខ្សែសំនៀង៣ ខុសពីទ្រ ដទៃទៀតនៅក្នុងកម្ពុជា ដែលមានខ្សែសំនៀងតែ២ ។
ឧបករណ៍ទ្រខ្មែរ គឺជាឧបករណ៍ដែលមានមុខងារសំខាន់បំផុតនៅក្នុងវង់ភ្លេងអារក្ស និងនៅក្នុងវង់ភ្លេងការបុរាណ ។ នៅពេលប្រគំម្ដងៗ ឧបករណ៍នេះតែងតែចេញផ្ដើមបទមុនឧបករណ៍ដទៃ ។ កាលពីសម័យដើម អ្នកកូតទ្រខ្មែរ គឺជាអ្នកច្រៀងផងកូតផង ក្រោយមកអ្នកទះស្គរ គឺជាអ្នកច្រៀង ចុងក្រោយបង្អស់នេះអ្នកច្រៀងគឺជាអ្នកគោះ ឈិង ឬជាអ្នកទំនេរគ្មានកាន់ឧបករណ៍អ្វីទេ។
តាមដឹងរបស់ដូនតាយើងច្រើនតំណរមក ហើយលោកដឹងថា ឧបករណ៍ទ្រខ្មែរនេះមានអាយុរាប់ពាន់ឆ្នាំហើយ គឺមានតាំងពីមុនគ្រិស្ដសករាជទៅទៀត នៅក្នុងតំបន់អូស្ដ្រូអាស៊ីនេះ ដែលមានជនជាតិខ្មែរ (ទ្រខ្មែរ) និងជនជាតិឥណ្ឌូណេស៊ី (Rabab) ប្រើប្រាស់វា ប៉ុន្ដែក្រោយមកជនជាតិថៃឡង់ (សោ សាម សៃ So Sam Sai) ក៏ប្រើប្រាស់ទ្រប្រភេទ នេះដែរ ។
ឧបករណ៍ទ្រខ្មែរធ្វើឡើងដោយមាន-ដងរាងមូលត្រង់ តូចក្រោមធំលើ មានក្រឡឹងក្បាច់ផ្សេងៗជាគ្រឿងលំអ ។ ដងនេះច្រើនធ្វើអំពីឈើរឹង ដូចជាឈើនាងនួន ឈើគ្រញូង ឬឈើខ្មៅ មានបញ្ចុះភ្លុកដំរី ឆ្អឹង ឬ ឈើដៃខ្លាពណ៌ស ជាកង់ៗ ដើម្បីឱ្យកាន់តែមានប្រណីតភាពឡើង ។
-ព្រលួតមាន៣ ធ្វើអំពីប្រភេទឈើរឹង ដូចដងដែរ មានទំហំ និងប្រវែងប៉ុនគ្នា ជួនកាលមានបញ្ចុះភ្លុក ឬឆ្អឹង ឬឈើសនៅចុងដើម ហើយមានក្បូរក្បាច់ជាគ្រឿងលំអទៀតផង ។-ប្រអប់សំនៀងធ្វើអំពី ត្រឡោកដូងរាង ដូចក្បាលដំរី គេយកមួយចំហៀងបញ្ឈរមកធ្វើ ។ នៅផ្នែកខាងខ្នងប្រអប់សំនៀងមានចោះរន្ធតូចៗជាក្បាច់ផ្សេងៗសំរាប់ បញ្ចេញសំនៀងមកក្រៅ ។ នៅផ្នែកខាងមុខប្រអប់ មានសន្ទះដែលគេយកស្បែកពស់មកពាស ។ នៅលើសន្ទះមានបិទដុំប្រមរមួយដុំតូចមូលប៉ុនម្រាមដៃ មានឈ្មោះហៅថាដោះ ។ដោះនេះសំរាប់ធ្វើឱ្យសំនៀងស្អកស្អាដែលជាលក្ខណៈសំនៀងរបស់ទ្រខ្មែរ ។
- ឆាកទ្រខ្មែរក៏ដូចជាឆាកទ្រដទៃទៀតដែរ ប៉ុន្ដែឆាកទ្រខ្មែរប្រើកូតនៅពីក្រៅខ្សែសំនៀង ។ នៅពេលគេត្រូវការកូតម្ដងៗ គេយកឆាកមកផ្អឹបឱ្យជាប់នឹងខ្សែសំនៀងត្រង់គែមប្រអប់ខាងលើទើបគេ រុញទាញតាមទម្លាប់ ។
- យ៉ងធ្វើអំពីឈើ ឬឫស្សីដែលមានរាងកោងសំរាប់ទ្រខ្សែសំនៀងទាំង៣ឱ្យផុតគែមប្រអប់ សំនៀង ។ គេដាក់យ៉ងខិតមកផ្នែកខាងលើនៃសន្ទះទន្ទឹមគ្នានឹងដោះ ។
- ខ្សែសំនៀងមាន៣ ខ្សែទី១ តូចឈ្មោះថា ខ្សែឯក ខ្សែទី២ ឈ្មោះថា ខ្សែភាន់ ខ្សែទី៣ ធំឈ្មោះថា ខ្សែ គ ។ ខ្សែទាំង៣នេះ ធ្វើ អំពីខ្សែលោហធាតុ ។
- ខ្សែ ក ធ្វើអំពីអំបោះឆៅស្ថិតនៅខាងក្រោមព្រលួតទាំង៣ សំរាប់ចងខ្សែសំនៀងទាំង៣ ផ្អោបទៅនឹងដង ។
នៅពេលកូតម្ដងៗ គេប្រើចុងម្រាមដៃ សំរាប់ចុចលើខ្សែមិនប្រើគល់ម្រាមដៃដូចការចុចលើខ្សែទ្រដទៃឡើយ ។
តាម ទស្សនៈរបស់តន្ដ្រីករបុរាណខ្លះៗ ដែលកាន់ព្រះពុទ្ធសាសនាបានឱ្យនិមិត្ដរូបទៅលើឧបករណ៍ទ្រខ្មែរថា ជាឧបករណ៍តំណាង ជីវិតមនុស្ស គឺតំណាងខន្ធប្រាំដែលជាខន្ធ របស់មនុស្សគ្រប់រូប ៕ - ផ្នែកខាងក្រោមប្រអប់សំនៀង (ចន្ទល់ ឬជើងទ្រ) តំណាងរូប
- គ្រប់ប្រអប់សំនៀងទាំងមូល តំណាង វេទនា
- ពី ប្រអប់សំនៀងមកពាក់កណ្ដាលដង តំណាងសញា
- ពីពាក់កណ្ដាលដងមកទល់ ព្រលួតខាង ក្រោម តំណាងសង្ខារ
- ពីព្រលួតខាងក្រោមមកដល់ក្បាលខាង លើតំណាងវិញាណ ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យ សិល្បៈតន្រ្តី)