លោក ជីវ តាក្វាន់ មាន កំណើតនៅស្រុកវ៉េងតា ខេត្តជាក់កាង ក្នុងភូមិភាគចិនខាងត្បូង ។ លោកគឺជាបេសកទូតរបស់អធិរាជចិនដែលបានមកស្នាក់នៅអង្គរពីឆ្នាំ ១២៩៦ ដល់ឆ្នាំ១២៩៧ ។ កំណត់ហេតុរបស់លោក ជីវ តាក្វាន់ គឺជាឯកសារតែមួយគត់ដែលបានផ្ដល់ព័ត៌មានលម្អិតអំពីជីវភាពរស់នៅ ប្រចាំថ្ងៃ និងទិដ្ឋភាពនៃចក្រភពអង្គរនាសម័យកាលនោះ ។
កំណត់ហេតុដែលត្រូវបានបកប្រែជាភាសា ខ្មែរដោយ លោក លី ធាមតេង បោះពុម្ពផ្សាយនៅឆ្នាំ១៩៧៣ មានកម្រាស់ ៨១ ទំព័រ ដែលក្នុងនោះ ៦១ ទំព័រជាខ្លឹមសារនៃកំណត់ហេតុសុទ្ធ និង ២០ ទំព័រជាការពន្យល់ដើមហេតុនៃការបកប្រែ និងសេចក្ដីពន្យល់ពាក្យខ្មែរដែលលោក ជីវ តាក្វាន់ កត់ត្រាតាមសំនៀងចិន ។ កំណត់ហេតុនេះបែងចែកជា ៤០ ជំពូក ដែលជំពូកខ្លះមានតែ២ ឬ៣ បន្ទាត់ និងជំពូកខ្លះមានច្រើនទំព័រ ជារួមជំពូកទាំងនេះពិពណ៌នាអំពី សាសនា ការកាត់ក្ដី ភាពជាព្រះមហាក្សត្រ កសិកម្ម សត្វស្លាប បន្លែ ប្រពៃណីនៃការងូតទឹក និងទាសាទាសី ។
ទិដ្ឋភាពផ្សេងៗនៃជីវភាពខ្មែរនៅសតវត្សទី១៣ ដែលលោក ជីវ តាក្វាន់ បានរៀបរាប់ ដូចជា ការស្លៀកពាក់ ឧបករណ៍ប្រើប្រាស់ សត្វអូសទាញ និងការជួញដូរ នៅតែឃើញមានបន្តរហូតមកដល់ទសវត្សឆ្នាំ១៩៩០ ។ ចំណែកឯទិដ្ឋភាពផ្សេងៗទៀត ដូចជា ទាសាទាសី ច្បាប់គ្រប់គ្រង និងការកាត់ក្ដីមិនផ្អែកលើហេតុផលច្បាស់លាស់ ត្រូវបានកែប្រែនៅសតវត្សទី១៩ ។ប្រពៃណីអ្នកស្រុកចេនឡា
សេចក្ដីផ្ដើម
រឿងរ៉ាវទាំងនេះ លោក ជីវ តាក្វាន់ បាននិពន្ធឡើងក្នុងសម័យរាជសន្តតិវង្ស ងន់ (ក្នុងរាជ្យព្រះបាទ ងន់ ចេង) គឺនៅស្រុកវ៉េងតា ហើយក្រោយមកលោក ហ្កូវ គង់ បានកែសម្រួលក្នុងរវាងរាជសន្តតិវង្ស ម៉េង (សតវត្សទី១៣ ១៤) ក្នុងស្រុកសេងអាន (ខេត្តហូណាន់) ។
សេចក្ដីអធិប្បាយទាំងស្រុងមានដូចតទៅ ៖
ចេនឡា ឬចាមឡា អ្នកប្រទេសនេះហៅខ្លួនឯងថា “កាន់ផៃចី” តាម កំណត់ខ្លះរបស់ពួកបស្ចិមប្រទេស បានហៅថា កាំពូចី ដែលមានសម្លេងស្រដៀងនឹង “កាំពួចេ” ដែរ ។
ខ្ញុំចាប់ធ្វើដំណើរចេញ ពីស្រុកអ៊ូជីវ (ខេត្តជាក់កាង) តាមផ្លូវទឹក តាមទន្លេស្រុកម៉ាំងគូយ និងគង់តុង កាត់សមុទ្រ “ឈិតជីវ” ទៅដល់សមុទ្រ “កាវជីវ” ក៏បានទៅដល់ទីក្រុង “ចាម” បន្តដំណើរបណ្ដោយខ្យល់ចេញពីក្រុងចាមទៅអស់រយៈពេលកន្លះខែទៀត ក៏បានទៅដល់ស្រុក ចេងផូវ (ជម្ពូ?) ដែលជាព្រំដែននៃប្រទេសនេះ ។
លុះចេញពី ចេង ផូវ ទៅ ទៀតឆ្លងសមុទ្រឃុនលុន ក៏ទៅដល់មាត់ពាម គឺបែកចេញពីមាត់សមុទ្រទៅជាដៃទន្លេច្រើនច្រកណាស់ ។ ក្នុងបណ្ដាច្រកទាំងនោះ មានតែច្រកទី៤ទេ ទើបអាចចូលទៅបាន ក្រៅពីនេះគេដឹងថា មានទឹករាក់ណាស់នាវាធំៗមិនអាចធ្វើដំណើរបានឡើយ ។ ត្រង់ពាមជាមាត់ច្រកនោះ ឃើញមានព្រៃស៊ុបទ្រុប ហើយក្រៅពីនេះមានវាលខ្សាច់ពណ៌លឿង និងមានដើមបបូស និងអំពៅព្រៃ ដុះបែកផ្កាសសំព្រូស ម៉្លោះហើយអ្នកដំណើរពិបាកចំណាំផ្លូវរកច្រកចូលទៅណាស់ ។
ចូលផុតពីមាត់ពាម ធ្វើដំណើរតាមដងទន្លេឆ្ពោះទៅទិសខាងជើងអស់រយៈដំណើរប្រមាណកន្លះ ខែទៀត ទើបបានទៅដល់ស្រុកមួយឈ្មោះ ឆេណាំ (ឆ្នាំង?) ដែលជាខេត្តមួយនៃប្រទេសនេះ ។ លុះធ្វើដំណើរពី ឆេណាំ បណ្ដោយតាមទឹកហូរទៅជើងអស់រយៈ១០ថ្ងៃទៀត កាត់ភូមិពូឡូវឈឹង (ប្រែថាភូមិកណ្ដាលផ្លូវ) ហ៊ុតឈឹង (ភូមិព្រះពុទ្ធ) ឆ្លងកាត់សមុទ្រទឹកសាប (ទន្លេសាប) ទៅទៀត ទើបបានដល់ទីក្រុងកាងពាងឈូ (កំពែងជួរ?) ។ ក្រុងនេះមានទំហំ ៥០ លី (១ លីប្រវែង ១.៨០០ ហត្ថ) បើតាមសៀវភៅពួកបស្ចិមប្រទេសសរសេរថា ប្រទេសនេះ មានទំហំដី ៧.០០០ លី និងមានព្រំប្រទល់ខាងជើងទល់នឹងក្រុងចម៉្បា គឺត្រូវធ្វើដំណើរអស់ពេលកន្លះខែ ខាងនិរតីនៅឃ្លាតពីស្រុកសៀមចម្ងាយផ្លូវកន្លះខែដែរ នៅខាងត្បូងឃ្លាតពីទីក្រុង “ហួងអ៊ូ” ចម្ងាយ ផ្លូវ១០ថ្ងៃ ឯខាងកើតប្រទេសគឺមហាសមុទ្រ ហើយដែលជាប្រទេសមួយធ្លាប់ទាក់ទង ខាងសេដ្ឋកិច្ចជាមួយស្រុកយើងតាំងពីដើមរៀងមកផង ។
នៅគ្រាដែលប្រទេសចិន (ក្នុងរាជ្យសន្តតិវង្សម៉ុងហ្គោល) បានត្រួតត្រាលើមហាសមុទ្រក្នុងទ្វីបលោកហើយ លោកចមពល (មេទ័ពធំ) ឈ្មោះ ជុន តូវ ដែលនៅឈរប្រចាំការត្រួតត្រាទីក្រុងចាម បានចាត់មន្ត្រី២នាក់ គឺលោក ហ៊ូ ប៉េកហូវ អ្នកមានប៉ានមាស១ និងលោក ឆាយ ហូវ ឲ្យទៅកាន់ប្រទេសចេនឡា តែត្រូវប្រទេសនេះចាប់ឃុំទុកមិនឲ្យមកវិញ ។ លុះមកដល់រជ្ជកាលស្ដេច ងន់ ចេង (គ.ស ១២៩២) ខែទី៦ ព្រះរាជាអង្គនេះ ទ្រង់ចាត់បេសកកម្មទូតមួយមកប្រទេសចេនឡា ហើយពេលនោះខ្លួនខ្ញុំក៏ត្រូវចាត់មកជាមួយដែរ ។ គឺនៅក្នុងខែទី២ នៃឆ្នាំបន្ទាប់មក យើងបានចាកចេញពីស្រុក ម៉េងជីវ នោះមកទៀត ។ លុះថ្ងៃ១៥ ខែទី៣ ទើបមកដល់ទីក្រុងចាម ។
នៅកណ្ដាលផ្លូវ ជួបនឹងខ្យល់បក់បញ្ច្រាសពីមុខមកវិញ ដែលជាហេតុនាំឲ្យមានការរអាក់រអួលក្នុងដំណើរ ។ ដល់មកខែ៧ដែលជាសរទរដូវទើបបានមកដល់ប្រទេសនេះ ព្រមចំណុះចុះចូលទៅ (ព្រមទទួលរាក់ទាក់បេសកជន) ។លុះដល់មករជ្ជកាលស្ដេច តាយ តេក (គ.ស ១២៩៧) ខែទី៦ ខ្ញុំជិះនាវាត្រឡប់មកវិញ ហើយដល់ថ្ងៃ១២ ខែ៨ ទើបនាវាចូលចតដល់កំពង់ផែស្រុកស៊ីម៉េង ។ចំពោះរឿងប្រពៃណី និងកិច្ចការនៃប្រទេសចេនឡានេះ ខ្ញុំមិនបានដឹងល្អិតល្អន់អស់សេចក្ដីសព្វគ្រប់មែន តែខ្ញុំបានដឹងដោយត្រួសៗ អាចនឹងជម្រាបជូនបានដែរ ។
១. បរិវេណនៃទីក្រុង
បរិវេណនៃទីក្រុងនេះ មានទំហំ ២០ លី មានទ្វារ៥ ។ ទ្វារទាំងនោះសុទ្ធតែសាងកម្រាស់ជា២ជាន់ក្នុងក្រៅ គឺនៅទិសខាងកើតមានទ្វារ២ ។ ក្រៅពីនេះ ក្នុងមួយទិសមានទ្វារតែមួយទេ ។ នៅក្រៅកំពែងក្រុង សុទ្ធតែមានប្រឡាយទឹកធំៗ ពីក្រៅប្រឡាយនោះ មានផ្លូវដើរទៅកាន់ស្ពានធំៗ ហើយនៅសងខាងស្ពាននីមួយៗ មានទេវរូបថ្ម៥៤ ដូចជារូបមេទ័ពថ្មដ៏ធំៗដូច្នេះដែរ ។ រូបទាំងនោះដូចៗគ្នានៅតាមច្រកទាំង៥ ។ បង្កាន់ដៃស្ពានទាំងនេះ គេធ្វើអំពីថ្មហើយមានឆ្លាក់ជារូបពស់ដ៏ធំ (នាគ) ដែលមានក្បាល៩ ឯរូបថ្មទាំង៥៤នោះ សុទ្ធតែយកដៃចាប់ទាញពស់នេះឯងហាក់ដូចជាមិនចង់ឲ្យស្ទុះទៅ រួច ។
នៅខាងលើខ្លោងទ្វារមានពុទ្ធរូបថ្ម៥អង្គ បែរភ័ក្ត្រទៅទិសខាងលិច ហើយមួយអង្គដែលស្ថិតនៅចំកន្ដាលគេ មានទឹកមាសល្អស្រស់ផង ។ នៅសងខាងទ្វារមានឆ្លាក់រូបដំរីថ្មទៀត ។កំពែងទីក្រុង គេធ្វើពីថ្មទាំងអស់ មានកំពស់ ២០ ហត្ថ តម្រៀបថ្មយ៉ាងជិតហើយមាំណាស់ ។ នៅពីលើគ្មានស្មៅដុះឡើយ តែនៅចន្លោះមួយដុំៗមានដាំដើមជ្រៃ ។ ឯផ្ទៃក្នុងនៃកំពែង ដែលមានចន្លោះពីគ្នាដល់ទៅជាង ១០០ ហត្ថនោះ ស្ថិតនៅជាដីជម្រាលបីដូចជម្រាលនៃភ្នំ រលីងស្អាតណាស់ ។ លើកំពែងដែលមានផ្ទៃជាដីជម្រាលនោះ មានទ្វារធំៗដែលបិទជិតនៅពេលយប់ ហើយបើកចំហនៅពេលថ្ងៃតាំងពីព្រលឹម និងមានអ្នកយាមប្រចាំការជានិច្ច ។
សត្វឆ្កែ គេមិនឲ្យចូលក្នុងទ្វារនេះទេ ។ ជនណាដែលធ្លាប់មានទោសត្រូវគេកាត់ម្រាមជើង ក៏មិនឲ្យចូលដែរ ។ កំពែងព័ទ្ធជុំវិញនោះ មានជ្រុងជ្រោយល្អណាស់ ហើយនៅត្រង់ជ្រុងនីមួយៗសឹងមានប្រាង្គថ្មមួយខ្ពស់នៅប្រចាំគ្រប់ ជ្រុង ។នៅកណ្ដាលទី ក្រុងនេះ មានប្រាសាទមាសមួយ (ប្រាសាទបាយ័ន្ត) និងនៅជិតខាងនេះមានប្រាង្គប្រសាទជាង២០ទៀត ព្រមទាំងមានបន្ទប់ថ្មចំនួនច្រើនរយបន្ទប់ផង ។ នៅប៉ែកខាងកើតមានស្ពានមាសមួយ មានរូបតោមាស២ស្ថិតនៅអមខាងឆ្វេង និងខាងស្ដាំស្ពានមាស ។ មានព្រះពុទ្ធរូបមាស៨អង្គ តម្កល់នៅតម្រៀបគ្នាចំពីក្រោមប្រាង្គសិលា ។ នៅខាងជើងប្រាសាទមាសចម្ងាយប្រមាណជាងមួយលី មានប្រាសាទស្ពាន់មួយទៀតដែលមានកំពស់ខ្ពស់ជាងប្រាសាទមាស គួរឲ្យគយគន់ណាស់ ។
ចំពីក្រោមប្រាសាទស្ពាន់នេះ ឃើញមានបន្ទប់ថ្មប្រហែលជា១០ដែរ ។ ចេញពីនេះទៅខាងជើងថែមមួយលីទៀត គឺជាព្រះរាជដំណាក់ដែលស្ដេចគង់នៅ ។ នៅក្នុងល្វែងដែលជាព្រះដំណាក់នោះ មានប្រាង្គមាសមួយទៀត ។ ទំនងជាដោយហេតុនេះហើយ ដែលពួកឈ្មួញបរទេសតែងដំណាលថា ប្រទេសចេនឡា ថ្កុំថ្កើងរុងរឿងណាស់ ។ចេញពីកំពែងតាមទ្វារខាងត្បូងទៅ ចម្ងាយប្រមាណជា ជាងកន្លះលី តាមពាក្យចចាមអារាមគេនិយាយថាមានចេតិយ លូប៊ូន (ប្រាសាទអង្គរវត្ត) សង់តែមួយយប់ ។ ផ្នូរសព ឬចេតិយ លូប៊ូន ស្ថិតនៅក្រៅកំពែងខាងត្បូងជាងកន្លះលី ហើយមានបរិវេណព័ទ្ធជុំវិញប្រមាណជាង១០លី និងមានបន្ទប់ថ្មជាច្រើនរយទៀតផង ។ នៅស្រះខាងកើតកំពែងនគរប្រមាណចម្ងាយ១០លី មានប្រាសាទថ្មីមួយទៀត (ប្រាសាទមេបុណ្យខាងលិច ដែលគេច្រឡំថាជាទិសខាងកើត)ដ៏មានបរិវេណព័ទ្ធជុំវិញប្រវែង១០០ លី ។
នៅក្នុងប្រាសាទនេះ មានព្រះពុទ្ធរូបមួយអង្គទ្រង់ផ្ទុំពីស្ពាន់ ហើយមានទឹកចេញជានិច្ចពីត្រង់ផ្ចិត ហូរធ្លាក់ទៅក្នុងស្រះធំមួយនៅពីខាងជើងប្រាសាទនេះ ។ នៅទិសខាងជើងកំពែងនគរចម្ងាយប្រមាណ៥លី មានប្រាសាទមាសរាង៤ជ្រុង (ទំនងជាប្រាសាទនាគព័ន្ធ) និងមានបន្ទប់ថ្មជាច្រើនរយ ហើយនៅក្នុងនោះ គេឃើញមានព្រះពុទ្ធរូបមាស រូបសិង្ហមាស រូបដំរី រូបគោ រូបសេះ និងវត្ថុដទៃទៀតធ្វើពីស្ពាន់ ច្រើនឥតគណនា ។
២. ដំណាក់ លំនៅឋាន
ព្រះដំណាក់ ផ្ទះនាម៉ឺនមន្ត្រី និងផ្ទះអ្នកមានទាំងអស់សុទ្ធតែបែរមុខទៅកើត ។ ព្រះរាជដំណាក់ស្ថិតនៅខាងជើងប្រាសាទមាស និងស្ពានមាស ហើយនៅជិតមាត់ទ្វារដ៏មានបន្ទាយព័ទ្ធជុំវិញប្រវែង ៥ ឬ ៦ លី ។ ក្បឿងប្រក់តួប្រាសាទកណ្ដាលធ្វើពីសំណរ ឯអគារផ្សេងទៀតសឹងប្រក់ក្បឿងធ្វើពីដីដុតពណ៌លឿង ។ សសរ និងស៊ុមទ្វារសុទ្ធតែឆ្លាក់ ឬគូររចនារូបផ្សេងៗ តែភាគច្រើនគឺរូបព្រះពុទ្ធ ។ ដំបូលទាំងនោះល្អមើលណាស់ ។ របៀងប្រាសាទ និងថែវយ៉ាងវែង អាចដើរបានជាផ្លូវខ្វាត់ខ្វែង ហើយដំបូលនោះក៏ខ្ពស់ៗសម្បើមណាស់ ។
ទីនេះជាកន្លែងព្រះរាជវាំងដែលស្ដេចទ្រង់ប្រកបកិច្ចការផែនដី មានបង្អួចមាសមួយនៅខាងស្ដាំ និងខាងឆ្វេងនៃកន្លែងស្ដេចគង់ប្រថាប់ មានសសរបួនជ្រុងតម្កល់កញ្ចក់តម្រៀបគ្នាប្រមាណជាសែសិប ឬហាសិបបន្ទះ ដាក់ដង្ហែតាមជ្រុងបង្អួចនេះ កំណល់ទ្រមានរូបរាងជាដំរី (ត្រង់នេះគឺបុស្បុកមួយ ដែលមានសសរបួន និងក្បាច់លម្អដោយកញ្ចក់ជើងទ្រធ្វើជារូបដំរី តែលោក ជីវ តាក្វាន់ សរសេរថាជាស៊ុមមួយ ព្រោះឃើញមានគែមក្របជុំវិញ) ។
ខ្ញុំឮគេនិយាយថា ទីត្រង់នេះមានរបស់ប្លែកៗច្រើនណាស់ ប៉ុន្តែបម្រាមតឹងតែងពេក មិនអាចអនុញ្ញាតឲ្យចូលមើលបាន ។ ក្នុងបណ្ដារឿងប្លែកទាំងនោះ មានការណ៍មួយថា នៅកណ្ដាលប្រាសាទ មានប្រាង្គមាសមួយ ហើយថារាល់យប់ ស្ដេចតែងឡើងទៅផ្ទុំលើប្រាង្គមាសនោះ ។
អ្នកស្រុកគេមានជំនឿហើយនាំគ្នានិយាយថា នៅក្នុងប្រាង្គមាសនោះឯងមានបិសាចមួយ មានរូបជាពស់ ក្បាលប្រាំបួន (ពស់ក្បាលប្រាំបួននេះ គឺជានាគ ព្រោះនាគខ្មែរមានខ្លួនជាពស់ ឯនាគចិនមានជើង ក្បាលតូច ឥតពពារទេ) ។ បិសាចនោះជាព្រះភូមិរក្សាព្រះនគរ ។ រាល់យប់ បិសាចតែងតំណែងខ្លួនជាមនុស្សស្ត្រី ហើយស្ដេចត្រូវរួមផ្ដេកផ្ដិតនឹងនាងនេះ សូម្បីតែមហេសី ឬស្នំស្និទ្ធព្រះអង្គ ក៏មិនហ៊ានចូលទៅក្នុងទីនោះដែរ ។ លុះដល់មជ្ឈិមយាម ទើបស្ដេចចេញមកពីនាងពស់នោះ មករួមរ័ក្សនឹងមហេសី ឬស្ត្រីស្នំដទៃទៀតបាន ។ បើបាត់ពស់នោះមិននិម្មិតមកទេ នោះថាគ្រោះថ្នាក់នឹងមកដល់អាយុស្ដេច ហើយរឿងរ៉ាវអាក្រក់នឹងកើតឡើង ។
បើស្ដេចមិនបានយាងចូលទៅទីនេះមួយយប់ណាហើយ ពេលនោះអពមង្គលនឹងពិតជាកើតឡើងភ្លាមមិនខានដែរ ។បន្ទាប់មក ដំណាក់ព្រះញាតិវង្ស ឬលំនៅនាម៉ឺន មន្ត្រីធំៗ សង់យ៉ាងធំទូលាយស្ដុកស្ដម្ភប្លែកពីផ្ទះអ្នកស្រុកសាមញ្ញ ។ ផ្ទះទាំងនោះសុទ្ធតែប្រក់ស្លឹក មានតែផ្ទះអ្នកធំ និងវិហារទេដែលប្រក់ក្បឿង ។ ហើយទំហំផ្ទះទាំងនោះត្រូវសង់ទៅតាមលំដាប់យសសក្តិនៃម្ចាស់ផ្ទះ ផង ។ចំណែកផ្ទះប្រជារាស្ត្រ វិញ សុទ្ធតែប្រក់ស្លឹក (ឬស្បូវ) គេមិនហ៊ានប្រក់ក្បឿងទេ ឯទំហំសោត សង់ទៅតាមធនធានខ្លួន តែមិនហ៊ានសង់ឲ្យដូចលំនាំអ្នកធំឡើយ ។
៣. សម្លៀកបំពាក់ និង គ្រឿងអលង្ការ
អ្នកស្រុកទាំងអស់ ចាប់តាំងពីស្ដេចចុះទៅ ទាំងស្រីទាំងប្រុសសុទ្ធតែបួងសក់ទាំងអស់ ហើយគេលែងខ្លួនទទេស្អាត មានតែសំពត់មួយផ្ទាំងតូចវ័ណ្ឌជុំវិញខ្លួន របៀបគេចងពុង ហើយបើត្រូវការចេញទៅណាមកណា គេយកកំណាត់មួយផ្ទាំងទៀតធំជាងមុន មករុំស្រោបថែមពីលើ ។ ការស្លៀកពាក់នេះ មានលក្ខខណ្ឌទៅតាមឋានៈទៀត ។ ព្រះពស្ត្ររបស់ស្ដេច មានតម្លៃជាមាសបី ឬបួនតម្លឹង គឺល្អដាច់ពីសម្លៀកបំពាក់អ្នកផងទាំងពួង ។
អ្នកស្រុកនេះ ចេះត្បាញសំពត់ប្រើហើយ តែមានប្រើសំពត់មកពីស្រុកសៀម និងចាមផងដែរ ។ សំពត់ពិសេសមកពីបស្ចិមប្រទេសដែលមានសាច់ម៉ដ្ធល្អ មានតែស្ដេចទេដែលមានប្រើ គឺជាសំពត់ផ្កាសរសៃសូត្រឆ្មារ ។ ស្ដេចពាក់មកុដមាស បើជួនកាលមិនពាក់មកុដទេ គឺពាក់កម្រងផ្កាដូចជាផ្កាម្លិះជាដើម ព័ទ្ធជុំវិញព្រះសិរ ។
នៅលើកំពូលព្រះកេស មានស្នៀតសក់ដាំត្បូងពេជ្រយ៉ាងធំទៀតផង ។ គ្រាន់តែគ្រឿងអលង្ការដែលពាក់នៅនឹងព្រះបាទ និងព្រះហស្ត មានទម្ងន់ដល់ទៅជាងបីនាឡិ ។ នៅគ្រប់តែម្រាមមានពាក់ចិញ្ចៀនដែលមានដាំពេជ្រភ្នែកឆ្មា ។ បាតព្រះហស្ត និងបាតព្រះបាទមានលាបពណ៌ក្រហម ហើយនៅពេលដែលទ្រង់យាងចេញមកម្ដងៗតែងកាន់ព្រះខ័នមាសមួយ ជានិច្ច ។ចំណែកប្រជារាស្ត្រ វិញ មានតែស្ត្រីភេទទេដែលអាចលាបថ្នាំក្រហមនៅបាតដៃបាតជើងបាន ឯប្រុសៗមិនហ៊ានលាបទេ ។ ព្រះញាតិវង្ស និងមន្ត្រីធំអាចប្រើកំណាត់ផ្ការង្វើលៗបាន ឯមន្ត្រីធម្មតាប្រើបានតែត្រឹមផ្កាចុងជាយប៉ុណ្ណោះ ចំណែករាស្ត្រសាមញ្ញ បើស្រីៗអាចប្រើសំពត់ផ្កាបានខ្លះដែរ ។
ជនជាតិចិនដែលទើបនឹងមកដល់ប្រទេស នេះថ្មីៗ ទោះបីប្រើសំពត់មានផ្កានៅជាយទាំងសងខាង ក៏គេមិនថាអីដែរ ព្រោះគេសន្មតថាជាពួកមិនទាន់ដឹងទំនៀម អ្នកស្រុកហៅថា ពួកង៉ានទីង ប៉ា ឆា (មិនដឹងភាសា?) ។
៤. អំពីមន្ត្រី
ប្រទេសនេះមាន រដ្ឋមន្ត្រី មេទ័ព និងហោរា ហើយមន្ត្រីក្រោមពីនោះ មានច្រើនឋានៈទៀត ដូចជានៅប្រទេសចិនដែរ ប្លែកគ្នាតែឈ្មោះហៅ ។ មន្ត្រីទាំងនេះភាគច្រើនជាពូជពង្សរបស់ស្ដេច បើមានអ្នកក្រៅចូលធ្វើជាមន្ត្រីផងទាល់តែអ្នកនោះយកកូនទៅថ្វាយ ឲ្យធ្វើជាស្នំស្ដេច ។ ការធ្វើដំណើរនៃមន្ត្រីទាំងនោះ គេសម្គាល់តាមគ្រឿងហែហមតាមឋានៈ ។ អ្នកធំជាងគេអង្គុយលើគ្រែស្នែងមាស មានបាំងក្លស់ដងមាសបួន ។
អ្នកបន្ទាប់មកទៀត គ្រែស្នែងមាសក្លស់ដងមាសពីរ ចុះមកទៀតមានគ្រែស្នែងមាសដែរ តែក្លស់ដងមាសមួយ ។ អ្នកតូចមកទៀតគ្រែស្នែងប្រាក់ មានក្លស់ដងមាសមួយ ។ អ្នកតូចបន្តមកចេះតែថយមកក្លស់ដងមាសតែមួយ រួចក្លស់ដងប្រាក់មួយ ឥតមានគ្រែស្នែង ។
ចំពោះមន្ត្រីដែលត្រូវជិះគ្រែស្នែង ប្រាក់ និងក្លស់ដងមាសមួយឡើងទៅ សុទ្ធតែហៅថា ប៉ាតេង (ម្រតេង) ឬ អាំតេង (អម្ដែង?) ។ អ្នកដែលមានតែក្លស់ដងប្រាក់ ហៅថា “សីឡាត់ទី” (ស្រិស្ធិន?) ។ ក្លស់នោះ គេយកសំពត់ជាតីសូត្រដែលធ្វើមកពីប្រទេសចិនពាស ហើយទម្លាក់ចុងរំភាយចុះសឹងដល់ដី ។ ឯឆ័ត្រតាំងយូរ គេយកសំពត់សូត្រពណ៌ខៀវមកពាស ហើយទម្លាក់រំភាយខ្លីបន្តិចដែរ រួចយកប្រេងមកលាបយ៉ាងរលើបទៀតផង ។
៥. អំពីលទ្ធិសាសនាបីបែប
អ្នក ចេះដឹង (ពួកព្រាហ្មណ៍?) គេហៅថា ប៉ានឃាប (ទំនងមកពីពាក្យ “បណ្ឌិត”) លោកសង្ឃគេហៅថា ជូគូ (ប្រហែល មកពីពាក្យ “ចៅគូ”) ពួកតាបសគេហៅ ប៉ាស៊ីវ៉ី (ប្រហែលមកពីពាក្យ “បស្វៈ” ឬ “បស្វិ”) ។
ដែលហៅថា ប៉ានឃាប នេះមិនដឹងជារៀនពីកន្លែងណាទេ ខ្ញុំមិនដែលឃើញសាលា ឬទីកន្លែងរៀនសោះ ខ្ញុំឃើញតែរូបពួកនេះឯងដែលស្លៀកពាក់ដូចតែជនធម្មតាដែរ ប៉ុន្តែមានប្លែកត្រង់ពាក់អំបោះសវេញមួយខ្សែនៅក ហើយអំបោះនេះ ពាក់ជាប់នឹងកអស់មួយជីវិត ។ គេតែងរើសយកពួក ប៉ានឃាប នេះ ឯង ធ្វើជាមន្ត្រី ព្រោះគេទុកជាអ្នកចេះដឹងជាន់ខ្ពស់ហើយ ។
ចំណែកលោកសង្ឃវិញ កោរព្រះកេស គ្រងចីវរពណ៌លឿងបញ្ចេញស្មារខាងស្ដាំ ហើយនិមន្តដោយជើងទទេ ឥតពាក់ស្បែកជើងឡើយ ។ ព្រះវិហារមួយ គេអនុញ្ញាតឲ្យប្រក់ក្បឿងបាន ហើយនៅកណ្ដាលព្រះវិហារនោះមានតម្កល់ព្រះពុទ្ធរូបមួយអង្គ ដែលមានភិនភាគដូចជាព្រះសក្យមុនីដែរ (តាម មហាយាន គេជឿថា មានព្រះពុទ្ធ២អង្គ គឺព្រះពុទ្ធដើមនៅឋានសួគ៌នាម “អាមិតាតៈ” និងព្រះពុទ្ធដែលត្រាស់ដឹងនៅស្ថានមនុស្សនាម “សក្យមុនី”) គេហៅថា “ពុតឡៃ” លាបលនពណ៌ក្រហម ដោយគេយកដីសមកសូនធ្វើ ហើយលាបពណ៌ផ្សេងៗ គ្មានភិនភាគអ្វីក្រៅពីនេះទេ ។ មានព្រះពុទ្ធរូបតូចៗច្រើនអង្គទៀត មានព្រះភក្ត្រមិនដូចគ្នាទេ ច្រើនតែកសាងអំពីស្ពាន់ ហើយគ្មានជួង ស្គរ រគាំង ទង់អ្វីទាំងអស់ ។ ព្រះសង្ឃឆាន់ត្រីសាច់បាន តែមិនឆាន់ស្រាទេ ហើយគេអាចរៀបម្ហូបត្រីសាច់ទាំងនេះថ្វាយព្រះផង ។ ក្នុងមួយថ្ងៃលោកនិមន្តទៅបិណ្ឌបាតពីផ្ទះបាសកតែមួយដងទេ ហើយគ្មានរៀបដណ្ដាំស្លនៅក្នុងវត្តឡើយ ។
លោកឆាន់មួយដងក្នុងមួយថ្ងៃធម៌ដែលលោកសូត្រមានច្រើនណាស់ គេចងក្រងនៅនឹងស្លឹកតាលព្រឹក្ស ដិតស្នាមអក្សរពណ៌ខ្មៅ តែមិនមែនសរសេរដោយជក់ ឬខ្មៅដុសឡើយ ។ ខ្ញុំមិនដឹងគេសរសេរដោយអ្វីទេ (ការពិតគេចារដោយដែកចារ ហើយយកធ្យូងលាយប្រេងមកលុប ទើបបានជាស្នាមខ្មៅនេះ) ។ គេមានយកគ្រែស្នែង និងក្លស់ដងមាស ឬដងប្រាក់ មកសែងមកបាំងលោកសង្ឃដែរ ព្រោះស្ដេចតែងពិគ្រោះនឹងព្រះសង្ឃ ចំពោះបញ្ហាណាដែលធំៗរបស់ស្រុកទេស ។ ប៉ុន្តែពុំឃើញមានដូនជីនៅក្នុងវត្តទាំងនោះទេ ។
រីឯពួកតាបសដែលហៅ ប៉ាស៊ីវ៉ី នេះ ស្លៀកពាក់ជាអ្នកស្រុកធម្មតាដែរ តែមានជួតក្បាលកំណាត់ពណ៌ស ឬពណ៌ក្រហម របៀបដូចពួកស្រីតារតានៃជាតិ ម៉ុងហ្គោលដែរ តែទាបជាងបន្តិច ។
ពួកនេះមានវត្តដូចព្រះសង្ឃពុទ្ធសាសនាដែរ តែមានទំហំតូចជាង ។ លទ្ធិពួកតាបសនេះ គ្មានឥទ្ធិពលខ្លាំងដូចសាសនាព្រះពុទ្ធទេ ។ ពួកគេគោរពចំពោះតែថ្មមួយដុំធំ (លិង្គ) ដូចថ្មរូបអ្នកតាព្រះស្រុកដូច្នោះដែរ ។ ប្រភពក្ដី របៀបប្រតិបត្តិនៃពួកនេះក្ដី ខ្ញុំពុំបានដឹងទេ ។ ពួកនេះមានដូនជី ហើយវិហារក៏ត្រូវអនុញ្ញាតឲ្យប្រក់ក្បឿងបានដែរ ។ ពួក ប៉ាស៊ីវ៉ី មិនបរិភោគរបស់អ្នកដទៃទេ ហើយមិនបរិភោគនៅចំពោះទីសាធារណៈផង ហើយមិនសេពសុរាជាដាច់ខាត ។ ខ្ញុំមិនដែលឃើញតាបសសូត្រធម៌ ឬក៏ធ្វើអំពើអ្វីជាប្រយោជន៍អ្នកផងច្បាស់នឹងភ្នែកម្ដងណាឡើយ ។
ចំណែកក្មេងកូនអ្នកស្រុកវិញ ដែលត្រូវការរៀនសូត្រ គេតែងយកទៅទុកដាក់រៀនជាមួយព្រះសង្ឃ ហើយបួសជាសង្ឃផង លុះដល់អាយុច្រើនក៏វិលត្រឡប់មកកាន់ជីវភាពជាជនធម្មតាវិញ ។ ឯការល្អិតល្អន់ជាងនេះទៅទៀត ខ្ញុំមិនបានដឹងឲ្យច្បាស់លាស់ឡើយ ។
៦. អំពីអ្នកស្រុក
តាមទម្លាប់របស់ពួកមនុស្សដែលមិនទាន់ ស៊ីវិល័យ ច្រើនតែមានរូបឆោមខ្មៅគម្រីងគម្រាំង មិននិយមទៅនៅលើកោះដែលសម្បូណ៌ដោយទឹកទេ ចូលចិត្តតែនៅក្នុងភូមិឆ្ងាយដាច់ស្រយាលពីគេ ។ ទម្លាប់បែបនេះជាការពិតណាស់ ។ចំណែកស្ត្រីក្នុងវាំង ឬស្ត្រីក្នុងត្រកូលថ្កុំថ្កើងវិញមានសាច់សដូចចាន ព្រោះតែគេមិនងាយប្រទះនឹងកម្ដៅថ្ងៃឡើយ ។ តាមធម្មតាទាំងស្រី ទាំងប្រុស គ្មានស្លៀកដណ្ដប់អ្វីក្រៅពីសំពត់មួយផ្ទាំងរុំព័ទ្ធភ្ជាប់នឹង ចង្កេះនោះទេ ។ គេលែងខ្លួនទុកដើមទ្រូងនៅកណ្ដាលវាល ឯសក់បួង ជើងទទេ គ្មានស្បែកជើងឡើយ ទោះជាស្ត្រីមហេសីស្ដេចក៏ដោយ ។
ព្រះមហាក្សត្រមានមហេសីប្រាំអង្គ គឺអគ្គមហេសីមួយ និងមហេសីសាមញ្ញបួនប្រចាំទិសធំទាំងបួនដែរ ។ ចុះពីនោះមក ខ្ញុំឮថាមានស្ត្រីស្នំ បួនពាន់ ឬប្រាំពាន់នាក់ ហើយមានចែកជាជាន់ថ្នាក់ និងមិនឲ្យចេញដើរទៅណាមកណាផ្ដេសផ្ដាស់ឡើយ ។ ខ្ញុំចូលទៅក្នុងវាំងពេលណា ក៏ឃើញស្ដេចខ្មែរចេញមកជាមួយអគ្គមហេសី ហើយគង់ប្រថាប់នៅក្នុង ស៊ុមមាស (បុស្បុកដែលជាទីប្រថាប់ក្នុងក្រឡាព្រះ គំនាល់) នាល្វែងកណ្ដាលធំទូលាយ ។ ចំណែកមន្ត្រី អ្នកក្នុងវាំងវិញ នាំគ្នាទៅអង្គុយក្នុងថែវព័ទ្ធជុំវិញតាមលំដាប់ថ្នាក់យសសក្តិ រៀងខ្លួន ហើយនាំគ្នាលបមើលពីក្រោមស៊ុមមាសនោះមក ។ ខ្ញុំបានចូលទៅឃើញម្ដង គឺឲ្យតែនរណាមានកូនក្រមុំល្អ ច្បាស់ជាត្រូវគេហៅឲ្យនាំចូលទៅក្នុងវាំង ។
ពួកស្រីនៅខាងក្រោយនេះ ដែលដើរច្រវាត់ចេញចូលបម្រើគេហៅថា “តាំងកេឡាង” (ស្រឹង្គារ?) ។ ពួកនេះមានចំនួនមិនតិចជាងមួយពាន់ ឬពីរពាន់នាក់ទេ តែអាចយកប្ដីរស់នៅជាមួយអ្នកធម្មតាបាន ។ ស្ត្រីទាំងនេះសុទ្ធតែកោរសក់ពីលើថ្ងាស់បន្តិច ហាក់ដូចជាពួកអ្នកបើកផ្លូវទឹកនៅស្រុកចិនខាងជើង ហើយគេលាបជាតិហិង្គុលនៅត្រង់ជើងសក់ក្បែរគុម្ពត្រចៀកទាំងសង ខាង ។ នេះហើយជាសញ្ញាសម្គាល់ពួក តាំងកេឡាង ឬ ជេនគាឡាង គឺមានតែពួកនេះហើយដែលអាចចូលក្នុងវាំងបាន ឯអ្នកថយថោកពីនេះទៀត ចូលទៅកាន់ផ្លូវខ្វែងខ្វាត់ខាងក្រោមប្រាសាទនោះមិនបានទេ ។
ស្ត្រីអ្នកភូមិធម្មតា ក៏បួងសក់ដែរ ប៉ុន្តែគ្មានសៀតស្នៀតសក់ និងតុបតែងលម្អលើសក់ក្បាល ឬលម្អមុខឡើយ ។ នៅកដៃមានពាក់កងមាសនៅនឹងម្រាមដៃ មានពាក់ចិញ្ចៀនមាស ។ ម្យ៉ាងទៀត ពួកជេនគាឡាង និងអ្នកនៅក្នុងវាំងទាំងប្រុសទាំងស្រី សុទ្ធតែលាបប្រេងក្រអូបដែលផ្សំធ្វើឡើងពីជាតិឈើក្រអូប និងក្រលៀនប្រើស ។
គ្រប់ គ្រួសារទាំងអស់សុទ្ធតែគោរពប្រណិបតន៍ព្រះពុទ្ធ ។ក្នុងប្រទេសនេះ មានមនុស្សស្រីភេទខ្លះស្អាតៗ រាល់ថ្ងៃតែងដើរជាក្រុមដប់នាក់ ឬលើសពីនេះ ទៅពាសពេញទីផ្សារជាញឹកញយណាស់មានបំណងទាក់ទងពួកចិនៗ ដូរយករបស់មានតម្លៃ ដែលជាទម្លាប់មួយមិនល្អ មិនថ្លៃថ្នូរសោះ ។
៧. អំពីស្ត្រីសម្រាលកូន
ស្រីអ្នកស្រុកនេះ ក្រោយដែលសម្រាលកូនរួចទៅ គេយកបាយក្ដៅប្រឡាក់លាយអំបិល ហើយញាត់ចូលទៅក្នុងទ្វារមាស លុះដល់បានមួយយប់មួយថ្ងៃ ទើបគេយកចេញមកវិញ ។ ការធ្វើដូច្នេះ ជាហេតុនាំឲ្យមិនសូវមានជម្ងឺ និងឲ្យបានរួមទ្វារមាសតូចដូចជាស្រីក្រមុំទៀតផង ។ កាលខ្ញុំទើបនឹងដឹងរឿងនេះដំបូង ឆ្ងល់ថា ក្រែងមិនពិតដូច្នោះទេដឹង ? ព្រោះថា បើបានជាមានប្ដី និងមានកូនទៅហើយ ចុះម៉េចខ្លាចគេដឹងរឿងនេះទៀត ? ប៉ុន្តែនៅនឹងផ្ទះដែលខ្ញុំសំណាក់នៅមានស្រីម្នាក់សម្រាលកូន ដែលជាហេតុនាំឲ្យខ្ញុំដឹងរឿងនេះច្បាស់លាស់ៈ នៅក្រោយពេលសម្រាលកូនហើយ មួយថ្ងៃទៀត ស្រីនោះពរកូនខ្ចីទៅមុជទឹកទន្លេ ដែលជាការចម្លែកមិនដែលជួបប្រទះទេ ។
នៅពេលដែលខ្ញុំទៅជួបនឹងគេម្ដងណា គេតែងពោលថា ស្រីស្រុកនេះក្រាស់ដោយកាមតណ្ហាណាស់ ។ ក្រោយពេលដែលសម្រាលកូនហើយមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះ គេក៏រួមដំណេកជាមួយប្ដីទៀតហើយ ។ បើប្ដីនោះបំពេញចំណង់ខ្លួនមិនបានទេ នឹងត្រូវគេបោះបង់ចោលដូចពួកបូយឆេង (ពួក ដែលគេទិញដាច់មិនឲ្យទៅនៅមានប្រពន្ធកូនឡើយ) មិនខាន ។ ប្រសិនប្ដីនោះមានធុរៈទៅស្រុកឆ្ងាយអស់ពេលច្រើនយប់ ចាប់ពីដប់យប់ឡើងទៅ ច្បាស់ជាត្រូវប្រពន្ធស្ដីឲ្យថា “ខ្ញុំមិនមែនស្រីខ្មោចទេ តើឲ្យខ្ញុំដេកម្នាក់ឯងម្ដេចនឹងបាន ?” ។ ខ្ញុំឮថាមានស្ត្រីច្រើនណាស់រក្សាទុកសេចក្ដីបរិសុទ្ធរបស់ខ្លួន ។ ស្រីៗច្រើនតែឆាប់ចាស់ណាស់ ពីព្រោះតែគេឆាប់មានប្ដី ឆាប់មានកូនពេក ។ មនុស្សដែលមានអាយុ ២០ ឬ ៣០ គឺប្រហែលគ្នានឹងជនជាតិចិនដែលមានអាយុ ៤០ ឬ ៥០ ឆ្នាំដូច្នោះដែរ ។
៨. អំពីស្ត្រីក្រមុំ
ពួកឪពុក ម្ដាយដែលមានកូនស្រី តែងឲ្យពរកូនថា “សូមឲ្យឯងទៅអនាគតបានជាស្រីដែលមានប្ដីរាប់រយពាន់ (ឲ្យមាន គេស្រឡាញ់ច្រើន)” ។កូនស្រី ក្នុងគ្រួសារអ្នកមាន ចាប់ពីអាយុ ៧ ទៅ ៩ ឆ្នាំ គ្រួសារអ្នកក្រខ្សត់រហូតដល់អាយុ ១១ ឆ្នាំ គេនិមន្តលោក ឬតាបសមកបើកមុខកូនស្រីហៅថា ឆឺនថាន ។ពិធីនេះ រាជការដាក់កម្រិតឲ្យធ្វើមួយឆ្នាំម្ដង នៅក្នុងខែដែលត្រូវនឹងខែទី៤របស់ចិន ដោយរើសយកថ្ងៃណាមួយធ្វើតែម្ដង ។ អ្នកមានកូនស្រីដែលត្រូវធ្វើពិធីនេះ តោងជម្រាបរាជការជាមុន ហើយអ្នករាជការ គេក៏ឲ្យទៀនធំមួយដើមមកទុកមុន និងមានគូសគំនូសមួយជាកំណត់សញ្ញាផងថាដល់ពេលយប់ធ្វើពិធីនេះ បើដុតទៀនអស់ត្រឹមគន្លាក់នោះហើយត្រូវចាប់ពិធី ឆឺនថាន ឡើង ។
នៅមុនពេលដែលធ្វើពិធី នេះមួយខែ ឬកន្លះខែ ឬដប់ថ្ងៃ ឪពុកម្ដាយត្រូវជ្រើសរើស លោក ឬតាបសណាមួយ ប្រកាន់ទុកជាមុន ទោះបីនៅវត្តណាក៏ដោយ ក៏តែងតែមានគេទៅនិមន្តដែរ ។លោក គ្រូអង្គណាដែលសំខាន់ៗជាងគេ តែងតែត្រូវពួកមន្ត្រី ឬអ្នកមានគេនិមន្តទុកអស់ហើយ ឯអ្នកក្រពុំអាចជ្រើសរើសរកលោកបានតាមចំណង់ឡើយ ។ មន្ត្រី ឬអ្នកមាន គេបូជាលោកនូវសុរា អង្ករ កំណាត់សំពត់ ស្លាម្លូ និងគ្រឿងប្រាក់យ៉ាងច្រើនរហូតដល់ទៅ ១០០ អម្រែកផង ហើយមានតម្លៃប្រមាណមិនតិចជាងសាច់ប្រាក់ចិន ២០០ ឬ ៣០០ តម្លឹងឡើយ ។ អ្នកមានរបស់របរតិច ក៏គង់ ៣០ ៤០ ឬ ១០ ២០ អម្រែកដែរ ។ ដូច្នេះ គ្រួសារអ្នកក្រត្រូវរង់ចាំដល់កូនស្រីអាយុ ១១ ឆ្នាំទើបចាប់ធ្វើពិធីនេះ មកពីពិបាករករបស់របរទាំងនេះឯង ។
មានអ្នកខ្លះ គេជួយលុយដល់កូនអ្នកក្រឲ្យធ្វើពិធីនេះដែលគេទុកជាការសាងកុសល មួយដែរ ។ ក្នុងមួយឆ្នាំ លោក ឬតាបសមួយអង្គអាចទទួលនិមន្តធ្វើពិធីនេះឲ្យក្មេងស្រីបានតែមួយ នាក់ទេ បើលោកយល់ព្រមនឹងអ្នកណាមួយហើយមិនអាចទទួលអ្នកដទៃទៀតបានទេ ។នៅពេលយប់ដែលធ្វើពិធីនេះ គេមានរៀបចំគ្រឿងស៊ីផឹក និងភ្លេងភ្លាត់ទ្រហឹងអឹងកង ។ ក្រៅពីការជួបជុំញាតិមិត្តជិតឆ្ងាយ គេមានសង់ធ្វើជារោងមួយ តម្កល់រូបមនុស្ស រូបសត្វដែលសូនធ្វើអំពីដី ។ អ្នកមានយសសក្ដិ ធ្វើរូបនេះដល់ទៅជាងដប់ ឯអ្នកហោចមក ក៏មានបី ឬបួនដែរ ។
ចំពោះអ្នកដែលទាល់ក្រខ្លាំងវិញ គ្មានធ្វើរូបនេះទេ គិតតែរៀបពិធីតែម្ដងទៅ លុះដល់គ្រប់ពេលប្រាំពីរថ្ងៃ ទើបគេរុះរោងនោះចេញ ។
នៅយប់ដែលធ្វើពិធីនោះទៀត គេយកគ្រែស្នែងទៅនិមន្តលោក ហើយបាំងក្លស់ និងលេងភ្លេងដង្ហែនាំយកមក ។ គេមានកូនតូបពីរដូចគ្រែស្នែងដែរដែលបិទបាំងលម្អដោយព្រែពណ៌ ភ្លឺព្រាល ។ តូបមួយសម្រាប់ឲ្យកូនស្រីនោះអង្គុយ ឯតូបមួយទៀត សម្រាប់លោក ឬតាបសគង់សូត្រធម៌ តែខ្ញុំមិនដឹងជាលោកសូត្រអ្វីឡើយ ។ ពេលនោះភ្លេងក៏ប្រគុំឮគឹកកងរំពងដែរ ។ ខ្ញុំឮថាយប់នេះគ្មានត្រណមអ្វីទេ គ្រាន់តែដឹងថា ដល់ពេលវេលាភ្លាម លោក ឬតាបសនោះក៏ចូលទៅក្នុងបន្ទប់ជាមួយកូនស្រី ហើយលូកដៃរបស់លោកផ្ទាល់ទៅយករបស់កូនស្រីដាក់ទៅក្នុងស្រា ។ ខ្លះថាឪពុកម្ដាយ និងញាតិមិត្ត យកទៅផ្ដិតនឹងថ្ងាស់ ឬមុខរៀងខ្លួន ។ ខ្លះទៀតថា យកមកភ្លក្សគ្រប់គ្នា ហើយខ្លះថា លោកក៏រួមរ័កជាមួយកូនស្រីក្នុងពេលនោះ តែខ្លះថា ឥតមានទេ ។
រឿងនេះ គេមិនឲ្យពួកចិនបានឃើញផ្ទាល់ទេ ហេតុនេះ ទើបខ្ញុំមិនអាចបានដឹងនូវការពិតឡើយ ។លុះដល់ពេលទៀបភ្លឺ ទើបគេដង្ហែលោកដោយគ្រែស្នែងមានភ្លេង និងបាំងក្លស់នាំយកទៅវិញ ហើយគេយករបស់ល្អៗ មានព្រែពណ៌ជាដើម ទៅធ្វើជាថ្នូរលស់យកកូនស្រីនោះមកវិញ ។ បើពុំធ្វើដូច្នេះទេ កូនស្រីនេះមិនអាចយកទៅឲ្យមានប្ដីដទៃទៀតបានឡើយ ព្រោះនៅជាកម្មសិទ្ធិរបស់លោកនៅឡើយ ។ពេលដែលខ្ញុំបានឃើញរឿងរ៉ាវនេះ គឺនៅថ្ងៃទី៦ ខែទី៤ នៃឆ្នាំ តេងអ៊ីវ ក្នុងរជ្ជកាលស្ដេច តាយតេក (គ.ស ១២៩៧) ។នៅ ពេលដែលមុនធ្វើពិធីនេះ កូនស្រីត្រូវនៅដេកក្នុងបន្ទប់ជាមួយឪពុកម្ដាយ លុះដល់ធ្វើពិធីនេះរួចហើយ កូនស្រីត្រូវបែកទៅដេកបន្ទប់ដទៃ ហើយនាងចង់ទៅដេកកន្លែងណាក៏បាន តាមចិត្តចង់ឥតមាននរណាតាមមើលគយឃ្លាំឡើយ ។
ចំពោះរឿងរៀបអាពាហ៍ពិពាហ៍វិញ ពិតមែនតែមានតម្រូវឲ្យជូនលុយកាក់ជាច្រើន ប៉ុន្តែគេមានអនុគ្រោះច្រើនដែរ ។ មានខ្លះគេអាចដេកនៅរួមរ័កនឹងគ្នាជាមុនទៅហើយ ទើបរៀបការជាក្រោយក៏បាន ។ តាមប្រពៃណីគេមិនមានចាត់ទុកការណ៍នេះជាការគួរខ្មាសអៀន ឬជាចម្លែកឡើយ ។នៅយប់ដែលធ្វើ ពិធី “ឆឺនថាន” នោះ ជួនកាលនៅតែតាមផ្លូវមួយមានដល់ទៅដប់ផ្ទះឯនោះ រៀបធ្វើពិធីនេះ ។ នៅតាមទីក្រុង អ្នកណាហ៊ានដើរកាត់ហ្វូងពិធី ពីមុខលោក ឬតាបសទាំងនេះ ច្បាស់ជាវង្វេងវង្វាន់ផ្លូវហើយ ណាមួយឮគឹកកងស័ព្ទសូរភ្លេងគ្មានចន្លោះត្រង់ណាទេ ។
៩. អំពីទាសាទាសី
គេសុទ្ធតែទិញមនុស្សព្រៃយកមកបង្ខំ ឲ្យធ្វើជា ទាសាទាសី ។ អ្នកដែលមានច្រើន គឺទាសាដល់ទៅជាងមួយរយនាក់ ឯអ្នកដែលមានតិច ក៏ត្រឹមដប់ ម្ភៃនាក់ដែរ លើកលែងតែអ្នកក្របំផុតទើបគ្មានសោះ ។
ចំណែកមនុស្សព្រៃទាំងនោះ គឺជាអ្នករស់នៅក្នុងព្រៃភ្នំមានជាវង្សត្រកូលមួយហៅថាអាចោរ “ថុង” (ជង?) ។ ពួកនេះបើមកនៅកន្លែងណាហើយ មិនហ៊ានចេញដើរទៅណាក្រៅផ្ទះឡើយ ។ ពួកអ្នកស្រុកក្រុង គេឈ្លោះគ្នា គេជេរគ្នាថា “អាថុងៗ” ដូច្នេះ គេខឹងខ្លាំងណាស់ ព្រោះទុកជាការមើលងាយយ៉ាងធ្ងន់ ។
ក្មេងៗមានកម្លាំងពេញ គេលក់បានតម្លៃមួយរយ “ប៉ូវ” (កំណាត់សំពត់) បើចាស់ៗ ខ្សោយកម្លាំងបានតែសាមសិប ឬសែសិបទេ ។ពួកនេះ គេឲ្យនៅតែក្រោមផ្ទះ លុះត្រាមានការប្រើចាំបាច់ទើបគេអនុញ្ញាតឲ្យឡើងលើផ្ទះ ហើយត្រូវឲ្យលុតជង្គង់លើកដៃសំពះគេសិន ទើបអាចដើរចូលក្នុងផ្ទះបាន ។ គេហៅម្ចាស់គេថា ប៉ាថូ (ទំនងមកពីពាក្យ ប៉ាតាវ ដែលនៅសល់ក្នុងភាសាជនជាតិដើមចារ៉ាយហៅឪពុក) ហៅម្ចាស់ស្រីថា មី (មេ ម្ដាយ) ។ ប្រសិនបើមានកំហុសត្រូវគេវាយដំវិញ ពួកនេះសុខចិត្តជ្រប់មុខបណ្ដោយឲ្យគេវាយតាមចិត្ត មិនហ៊ានរើបម្រះឡើយ ។ ពួកនេះស្រី ប្រុស គេយកតែគ្នាគេជាប្ដី ប្រពន្ធ គ្មានសិទ្ធិយកអ្នកដទៃឡើយ ។
បើមានពួកចិនទៅនៅស្រុកនោះយូរ លួចរួមរ័កជាមួយស្ត្រីពួកនោះ ដោយការស្រេកឃ្លានកាមតណ្ហា ហើយម្ចាស់គេទាន់ នោះអ្នកផងគេលែងឲ្យចិននេះអង្គុយជាមួយគេហើយ ព្រោះខ្លួនលួចលាក់ជាមួយពួកទាសៈ ។ បើពួកទាសៈទាំងនេះ ទាក់ទងលួចលាក់ជាមួយអ្នកក្រៅ រហូតដល់មានផ្ទៃពោះ កើតបានជាកូនទៅ ក៏ចៅហ្វាយនាយឥតសួររកហេតុផលឡើយ ។ បានជាគេមិនសួរមកពីគេយល់ថា បើទាសៈនោះ កាលណាបានកូនមក នឹងបានផលដល់គេ ព្រោះថ្ងៃក្រោយគេនឹងចម្រើនទាសៈឡើងទៀត ។បើទាសៈណាលួចរត់ ហើយគេតាមចាប់បានមកវិញ គេត្រូវយកមកសាក់មុខ ចំកណ្ដាលថ្ងាស់ពណ៌ខៀវ ជាគ្រឿងចំណាំ ហើយគេដាក់ឃ្នាងជាប់នឹងក ជួនដាក់ឃ្នាងជាប់ទាំងដៃជើងទៀតផង ។
១០. អំពីភាសា
ភាសាចិន មានសម្លេងប្រហាក់ប្រហែលនឹងភាសាអ្នកស្រុកនេះដែរ តែនិយាយប្រាស្រ័យស្ដាប់គ្នាមិនបានទេ ស្រុកនេះមានភាសាមួយពិសេស ទោះបីជាភាសាអ្នកជិតខាងខ្លួនដូចជា ចាម ឬសៀម ក៏មិនអាចដូចគ្នាស្ដាប់គ្នាបានឡើយ ។ ១ គេថាបួយ ២ ថាព័ក ៣ ថាបេក ៤ ថាពួន ៥ ថាពុណាំ ៦ ថាពុណាំបួយ ៧ ថាពុណាំព័ក ៨ ថាពុណាំបេក ៩ ថាពុណាំពួន ១០ ថាតាប់ ។ គេហៅឪពុកថា “ប៉ាថូ” ឪពុកធំ ឪពុកមាក៏ហៅ ប៉ាថូ ដែរ ។ ម្ដាយ គេហៅ “មី” ឯម្ដាយមីង និងស្ត្រីអ្នកជិតខាងក៏គេហៅមីដែរ ។
បងស្រី ប្រុស ហៅថា “ប៉ង” ប្អូនប្រុសស្រី ហៅថា “ផូវអ៊ូង” ។ មាខាងម្ដាយហៅថា “ងាកឡៃ” ឯប្ដីរបស់ម្ដាយមីងខាងឪពុក ហៅថា “ពូឡៃ” ។ គេប្រើពាក្យយកខាងចុងជាដើមបញ្ច្រាស់គ្នា ។ ឧបមាដូចពាក្យ “នេះ មនុស្សទាសាំ ជាប្អូន គេថាៈ ផូងអ៊ូង ទាសាំ” ពាក្យថា “នេះ មនុស្ស លីស៊ឺមាខាងឪពុក” គេថា “ងានឡៃលីស៊ឺ” ឧបមាមួយទៀត ដូចពាក្យគេហៅចិនថា “ពីស៊ី” ហៅមន្ត្រីថា “ប៉ាតេង” ហៅអ្នកប្រាជ្ញថា “ប៉ានឃាប” លុះដល់គេចង់ថា មន្ត្រីចិន ឬ អ្នកប្រាជ្ញចិន គេមិនថា ពីស៊ី ប៉ាតេង ឬ ពីស៊ីប៉ានឃាប ទេ គេទៅជាប្រើថា ប៉ាតេងពីស៊ី ឬ ប៉ានឃាប ពីស៊ី ទៅវិញ ។
ទាំង នេះ គ្រាន់តែលើកយកជាឧទាហរណ៍គោលៗទេ ។ មួយយ៉ាងទៀត គឺមន្ត្រីគេនិយាយតាមបែបមន្ត្រី អ្នកប្រាជ្ញនិយាយគ្នាតាមភាសាអ្នកប្រាជ្ញ លោកសង្ឃ ឬតាបសក៏មានពាក្យសម្ដីប្រើរបៀបខ្លួនជាសង្ឃ ជាតាបស ឯអ្នកស្រែចម្ការក៏និយាយប្លែកតាមបែបរបស់គេដែរ មិនប្លែកអ្វីពីរបៀបប្រើភាសាអ្នកស្រុកចិនទេ ។
១១. អំពីមនុស្សព្រៃ
មនុស្សព្រៃមាន ២ បែប ។ មួយពួកជាពួកចេះនិយាយភាសាអ្នកស្រុកស្ដាប់គ្នាបាន គឺពួកមនុស្សព្រៃលក់ខ្លួនជាទាសៈបម្រើគេនេះឯង ។ មួយពួកទៀត គឺពួកមនុស្សព្រៃដែលនិយាយស្ដាប់ភាសាគ្នាមិនបាន គ្មានរវល់នឹងការចម្រើន ។ ពួកនេះ គ្មាន