វាល ពិឃាដជើងឯក មានចម្ងាយប្រមាណ ១៥គីឡូម៉ែត្រនៅប៉ែក និរតីនៃរាជធានីភ្នំពេញ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។ តំបន់វាលពិឃាដនេះ ជាកន្លែងទទួលសម្លាប់មនុស្សដែលគេបញ្ជូនមកពីគុកទួលស្លែង ឬមន្ទីរស.២១ ហើយក៏ជាកន្លែងសម្រេចផែនការសម្លាប់មនុស្សដែលពួកខ្មែរក្រហមចោទថា ជាខ្មាំងប្រឆាំងនឹងអង្គការដែរ។តាមឯកសារជនរងគ្រោះដែលគេបានយកមក សម្លាប់នៅជើងឯកនេះ មានចំនួនប្រមាណជិត២ម៉ឺននាក់។ នៅវាលពិឃាដជើងឯក គេបានរកឃើញរណ្ដៅសាកសពរួម មានប្រមាណ ១២៩រណ្ដៅ ដែលគេជីកកាយតាមមាត់ស្រះបឹងជើងឯក នៅឆ្នាំ១៩៨០។ ប៉ុន្តែកាលនោះគេគាស់កកាយបានតែ ៨៦ រណ្ដៅប៉ុណ្ណោះ ដែលមានសាកសពចំនួនប្រមាណ ៨.៩៨៥នាក់។
ក្នុងនោះដែរគេឃើញរណ្ដៅកប់សាកសពរួមធំមួយដែលមានចំនួន ៤៥០នាក់។ ក្រៅពីនេះមានរណ្ដៅសាកសពសម្រាប់ស្ត្រី និងកុមារចំនួន ១០០នាក់ ស្ថិតនៅជាប់នឹងដើមអំពិលបារាំង ឬដើមច័នគិរី ប៉ែកខាងក្រោយមណ្ឌលពិឃាដមនុស្សជើងឯក ដែលសាកសពក្មេងៗទាំងនោះ ពេជ្ឈឃាដសម្លាប់ដោយបោកនឹងគល់ឈើ។សូមនាំគ្នាមកទស្សនាវាលពិឃាដជើងឯកដើម្បីដឹងកាន់តែច្បាស់ពីរឿងរាវនៃវាលពិឃាដជើងឯក។