វិធីផ្សាំពូជស្វាយថ្មីនៅលើដើមស្វាយចាស់

ត្បិតតែអ្នកកាប់ដើមស្វាយចាស់ចោលមែនតែអ្នកនៅតែអាចបង្កើតពូជស្វាយថ្មីបានដោយប្រើវិធីផ្សាំនៅលើដើមស្វាយចាស់នោះ។ តើការផ្សាំនោះត្រូវការអ្វីខ្លះ? ហើយធ្វើរបៀបណា? ខាងក្រោមនេះគឺជាវិធី និងសម្ភារៈមួយចំនួនដែលអ្នកត្រូវការមុននឹងចាំផ្តើមផ្សាំពូជស្វាយថ្មីនៅលើដើមស្វាយចាស់។

Advertisement

សម្ភារៈត្រូវមាន៖

  • កូនកាំបិតមុតល្អ
  • កូនពូជជ្រើសរើសពីចុងមែកដែលខ្ចីល្មម និងធ្លាប់មានផ្លែផ្កា
  • ថ្នាំដែលប្រើសម្រាប់លាបនៅពេលគេកាប់មែកឈើ (អាចសាកសួររកនៅកន្លែងលក់កូនឈើ)
  • ខ្សែសម្រាប់ចងរុំ និងថង់សម្រាប់ចងគ្រប

វិធីធ្វើ៖

  • ជ្រើសរើសយកកូនពូជជ្រើសរើសពីចុងមែកដែលខ្ចីល្មម ប្រវែងប្រមាណ១,៥តឹក។
  • យកកាំបិតចិតផ្នែកគល់វាបញ្ឆិតប្រវែងប្រមាណកន្លះតឹក ហើយត្រូវចិតបញ្ឆិតបន្តិចនៅផ្នែកម្ខាងទៀត។
  • កាត់មែកដើមស្វាយចាស់ដែលធំល្មម កាត់ឲ្យមានផ្ទៃរាបស្មើល្អ។
  • យកកាំបិតឆូតសំបកនៅលើដើមនោះឲ្យដល់សាច់ក្នុងយកប្រវែងប្រមាណ១តឹក រួចគាស់មុខខាងលើសំបកនោះឲ្យហើបសងខាងសម្រាប់ស៊កមែកពូជចូល។
  • យកមែកពូជស៊កចូលប្រលោះសំបកដែលគាស់រួចនៅលើដើមនោះដោយយកខាងបញ្ឆិតវែងបែរមកខាងក្នុង ហើយអាចផ្សាំបែបនេះ៤-៥កន្លែងនៅលើមែកនោះ។
  • យកខ្សែមកចងរុំជុំវិញកន្លែងដែលយើងផ្សាំនោះឲ្យតឹងណែនល្អ រួចលាបថ្នាំនៅផ្ទៃមែកដែលកាត់ និងកន្លែងផ្សាំផងដែរ។
  • យកថង់ប្លាស្ទិចថ្នាមកគ្របវាពីលើរួចចងរុំឲ្យជិត និងយកក្រដាសកាសែតមកគ្របមួយជាន់ទៀតការពារពីកំដៅ និងពន្លឺព្រះអាទិត្យ។
  • ទុករយៈពេល១៤ថ្ងៃក្រោយមកមែកពូជថ្មីវានឹងចាប់ផ្តើមដុះពន្លក ហើយយើងនឹងបានពូស្វាយថ្មីដែលយើងចង់បាន និងឆាប់មានផ្លែ​។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត