បទពិសោធន៍របស់ឪពុក និងម្តាយម្នាក់ៗសុទ្ធតែខុសៗពីគ្នា។ វិធីសម្លឹងមើលបញ្ហា វិធីដោះស្រាយបញ្ហា និងវិធីទទួលស្គាល់លទ្ធផលនឹងមិនដូចគ្នាឡើយ។ ដូចគ្នានឹងករណីបន្លាចកូននេះផងដែរ។
ឪពុកម្តាយជាច្រើនចូលចិត្តបន្លាចកូនដោយសារហេតុផលផ្សេងៗ។ ឪពុកម្តាយខ្លះបន្លាចកូនដោយការហៅឈ្មោះតួអង្គណាម្នាក់ ខ្លះស្រែកដាក់កូន និងខ្លះទៀតវៃកូន ហើយប្រាប់កូនថា នឹងទុកឱ្យនៅម្នាក់ឯងបើនៅតែខូចទៀត។
មិនថាហេតុផលអ្វីទេ ការបន្លាចកូនមិនមែនជាទង្វើល្អឡើយ។ ប្រសិនបើអ្នកបន្លាចកូន វានឹងបង្កបញ្ហាដល់ខួរក្បាល និងផ្លូវចិត្តរបស់ក្មេង។ ខាងក្រោមនេះជាហេតុផល ៥យ៉ាងដែលអ្នកមិនគួរបន្លាចកូនតូច៖
បាត់បង់ទំនុកចិត្តលើខ្លួនឯង៖ ការបន្លាចកូនតូចនឹងធ្វើឱ្យគេបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ពេលអ្នកបន្លាចគេ គេនឹងមានអារម្មណ៍ភ័យខ្លាច។
ឆាប់ភ័យ៖ ពេលក្មេងខ្លាច គេនឹងឆាប់ភ័យ បើទោះបីជាមានវត្តមានរបស់អ្នក និងគូស្នេហ៍របស់អ្នកក៏ដោយ។ អ្វីដែលសំខាន់ ត្រូវរក្សាខួរក្បាល និងផ្លូវចិត្តរបស់កូនឆ្ពោះទៅរកពិភពលោកវិជ្ជមាន។
ខ្វល់ខ្វាយ៖ ឪពុកម្តាយជាច្រើនតែងតែនិយាយប្រាប់កូនថា “ចាំមើលពេលប៉ាម៉ាក់ទៅក្រៅអត់យកទៅជាមួយទេ” ដើម្បីឱ្យកូនញ៉ាំអាហារ ឬឈប់យំ។ ប៉ុន្តែនេះជាទង្វើមិនល្អឡើយ។ វានឹងធ្វើឱ្យក្មេងខ្វល់ចិត្ត ខ្លាចអ្នកទុកគេឱ្យនៅម្នាក់ឯង។
បង្កើតគំនិតអវិជ្ជមាន៖ ក្មេងនៅតូចណាស់។ គេនឹងជឿលើអ្វីដែលអ្នកនិយាយ ធ្វើឱ្យគេមានគំនិតអវិជ្ជមាននៅពេលអ្នកបន្លាចគេ។ នៅពេលក្មេងខ្លាច គេក៏មានគំនិតអវិជ្ជមាននឹងមនុស្សដទៃផ្សេងទៀតដែរ។
បញ្ហាផ្លូវអារម្មណ៍៖ ប្រសិនបើក្មេងខ្លាចអ្វីមួយខ្លាំង គេច្រើននឹងចាំវាទុកក្នុងចិត្តពេញមួយជីវិតរបស់គេ។ នៅពេលគេធំឡើង យើងគិតថា គេបានភ្លេចវាហើយ។ ប៉ុន្តែតាមការពិត វាដក់ជាប់ក្នុងចិត្តគេរហូតមក។
ផ្តល់សិទ្ធដោយ៖ មង្គលការ