នេះជាប្រវត្តិសង្ខេបទាក់ទងនឹងព្រះបរមរាជវាំងចតុមុខដែលមានដូចខាងក្រោម៖
ព្រះបរមរាជវាំងជាទីកន្លែងដែលព្រះមហាក្សត្រគង់ប្រថាប់ជាមួយនិងព្រះវង្សានុវង្ស ដែលសាមញ្ញជនហៅថា ភូមិរបស់ស្តេច។ តាំងពីសម័យមុនអង្គរ រហូតទល់បច្ចុប្បន្នកាល ប្រទេសកម្ពុជាតែងមានព្រះបរមរាជវាំង មួយសំរាប់ព្រះរាជាគង់ប្រថាប់ហើយដែលជាអង្គកំពូលក្នុងការដឹកនាំប្រទេសជាតិ ហើយការផ្លាស់ប្តូររាជធានីកន្លែងមួយទៅកន្លែងមួយតាំងពីអង្គរបុរី សម្ភពបុរី ឥសានបុរី យសោធបុរី រហូតមកដល់ លង្វែក ឧដុង្គ និងចតុមុខ គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រដែលពង្សាវតារ ប្រទេសកម្ពុជាបានកត់ត្រាទុកជាបន្តបន្ទាប់។
ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយបានរៀបចំឡើងនៅភ្នំពេញចំនួនពីរលើក៖
- លើកទី១៖ នៅក្នុងឆ្នាំ ១៤៣៤ រួចត្រឡប់ទៅក្នុង ឧដុង្គវិញ (ក្នុងរាជ្យ ព្រះបាទពញាយ៉ាត)។
- លើកទី២៖ ក្នុងឆ្នាំ១៨៦៦ ទៅ១៨៧០ ក្នុងរាជ្យព្រះបាទនរោត្តមដាក់ឈ្មោះថា “ព្រះបរមរាជវាំងចតុមុខមង្គល” សាងអំពីលើទីធ្លាបន្ទាយបុរាណមួយ “បន្ទាយកែវ”បែរ មុខទៅទិសខាងកើតចំទីប្រសព្វនៃទន្លេ៤(ទន្លេមេគង្គលើ មេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប)។
ព្រះបរមរាជវាំងមានកំពែងខាងកើតប្រវែង៤២១ម កំពែងខាងលិច មានប្រវែង៤៣៥ម កំពែងខាងជើង៣៨៤ម និងកំពែងខាងត្បូង៤៣២ម។ (តាមក្បួនហោរាសាស្ត្រខ្មែរបើកំពែងព្រះបរមរាជវាំងមានកំពែងស្មើគ្នា មានន័យថាគត់= សូន្យ=ស្លាប់។ ហេតុដូចនេះទើបគេសង់ ឱយជ្រុងទាំង៤មិនស្មើគ្នា)។ មហាកំពែងព្រះបរមរាជវាំងត្រូវលាបពណ៌ពីរ គឺសនិងលឿង។
- ពណ៌ស តំណាងឱយសាសនាព្រាហ្មណ៍ជានិមិត្តរូបនៃ ព្រហ្មចារីយ៍បរិសុទ្ធ។
- ពណ៌លឿង តំណាងឱយព្រះពុទ្ធសាសនា ជាពណ៌ពន្លឺមាស របស់ព្រះពុទ្ធដែលចាំងឆ្លុះគ្រប់ស្ថានទាំងអស់នៅពេលព្រះអង្គបានត្រាស់ដឹងព្រះពុទ្ធដែលចាំងឆ្លុះ គ្រប់ស្ថានទាំងអស់នៅពេលព្រះអង្គបានត្រាស់ដឹងសម្មាសម្ពោធិញ្ញាណ។