ក្នុងកាលកន្លងទៅហើយ មានមនុស្សពីរនាក់ជាប្តីប្រពន្ធនឹងគ្នា ។ ថ្ងៃមួយ ប្តីចេញទៅរកអន្ទង់ដើម្បីធ្វើជាអាហារ ក៏បានអន្ទង់១ យកមកប្រគល់ឲ្យប្រពន្ធ ដោយប្រាប់ថា “ចូរឯងយកអន្ទង់នេះទៅស្លស៊ីចុះ” ។ ប្រពន្ធឆ្លើយថា “ចុះបើអន្ទង់នេះវែងម្ល៉េះ បានឆ្នាំងវែងពីណានឹងយកមកស្ងោរអន្ទង់នេះបាន?” ។ ប្តីឮហើយ នឹកក្នុងចិត្តថា “ប្រពន្ធងញល្ងង់អីម្ល៉េះ!” ហើយប្រាប់ប្រពន្ធថា “បើឯងរកឆ្នាំងវែងពុំបានទេ ឯងយកអន្ទង់នេះទៅព្យួរទុកទៅ!” ។ ប្រពន្ធក៏យកអន្ទង់ទៅព្យួរទុក ហើយគេចទៅដេកបំបៅកូនក្នុងមុងទៅ ។
ប្តីក៏យកអន្ទង់នោះមកកាប់ចិញ្រ្ចាំ ហើយយកឆ្នាំងមកដាក់ស្ល-កកូរ, លុះឆ្អិនក៏ដោះដួស រួចហៅប្រពន្ធឲ្យមកស៊ីៗ រួចលាងចានទុក តែសម្លអន្ទង់នោះសល់បន្តិចនៅបាតឆ្នាំង, ប្តីមិនលាងឆ្នាំងនោះទេ ហើយចេញទៅភ្ជួរស្រែបាត់ទៅ ។ ឯប្រពន្ធ ដឹងថាប្តីចេញទៅបាត់ហើយ នឹកដល់សម្ល-កកូរអន្ទង់ដែលឆ្ងាញ់ ក៏ស្ទុះក្រោកឡើង ទៅយកឆ្នាំងនោះមកលិទ្ធ, ដល់ខំលិទ្ធណាស់ទៅ ក្បាលនាំងនោះ ចូលទៅក្នុងឆ្នាំង គ្របជាប់ពីលើ មិនដឹងធ្វើដូចម្តេចនឹងយកឆ្នាំងនោះចេញបាន ក៏វាទៅពួនក្នុងមុង ។ លុះប្តីត្រឡប់មកពីភ្ជួរស្រែវិញ រកប្រពន្ធពុំឃើញក៏ស្រែកហៅ ឮសូរឆ្លើយសំឡេងនោះក្រងូរងល់ ហាក់ដូចជាចំឡែកណាស់ ប្តីដើរចូលមករកមើល ទើបរកដំបងវាយឆ្នាំងនោះបំបែកទៅ ។ ប្រពន្ធលាន់មាត់ស្រែកថា “យ៉ា!អញពួននឹងគាត់ឯងលេងសោះ”។ប្តីនឹកអស់សំណើច ក៏ដើរចេញទៅ ៕