ថ្ងៃបុណ្យពិសាខបូជា ជាថ្ងៃបុណ្យប្រពៃណីជាតិខ្មែរដែលមានព្រឹត្តិការណ៍៣សំខាន់ៗតែការពិតមានរហូតដល់ទៅ៦តែជាទូទៅគេយកតែ៣ទេ៖
១៥កើត ពេញបូណ៌មី ខែពិសាខ ព្រះសិទ្ធត្ថ(សម្មាសម្ពុទ្ធ)ទ្រង់ ប្រសូត (កើត)
១៥កើត ពេញបូណ៌មី ខែពិសាខ ព្រះសិទ្ធត្ថ(សម្មាសម្ពុទ្ធ)ទ្រង់ត្រាស់ដឹង ( រកឃើញនូវ ព្រះធម៌ )(35វស្សា)
១៥កើត ពេញបូណ៌មី ខែពិសាខ ព្រះសិទ្ធត្ថ(សម្មាសម្ពុទ្ធ)ទ្រង់ ចូលបរិនិព្វាន (ស្លាប់ )(បរិនិព្វាន លែងកើតលែងស្លាប់)(៨០វស្សា)
ខាងក្រោមនេះជាហេតុការណ៍ ៣ ផ្សេងទៀត៖
- ១៥កើត ពេញបូណ៌មី ខែពិសាខថ្ងៃកើតឡើងនៃពោធិព្រឹក្ស
- ១៥កើត ពេញបូណ៌មី ខែពិសាខថ្ងៃព្យាករណ៍សុមេធបណ្ឌិត
- ១៥កើត ពេញបូណ៌មី ខែពិសាខថ្ងៃព្រះសម្មាសម្ពុទ្ធប្រកាសនូវធម៌មិនស្លាប់គឺអប្បមាទធម៌
តាមប្រពៃណីពិធីបុណ្យពិសាខបូជាប្រព្រឹត្តទៅនៅក្នុងវត្តអារាមនាវេលាពេលយប់។ ដូច្នេះហើយបានជាគេឃើញនៅគ្រប់វត្តអារាម មានអុជគ្រឿងប្រទីបជ្វាលាភ្លឺព្រោងព្រាត ហើយមានមហាជនប្រុស ស្រី ក្មេង ចាស់ ប្រកបដោយគ្រឿងសក្ការៈបូជាមានផ្កាភ្ញី ទៀន ធូប ជាដើមនៅប្រជុំគ្នាយ៉ាងអឹកធឹក ។ នៅសម័យមុនៗ គេប្រារព្ធធ្វើមួយយប់ហូតដល់ទល់ភ្លឺ គេនាំគ្នាស្ដាប់ព្រះធម្មទេសនាអំពីពុទ្ធប្រវត្តិតាំងពីដើមរហូតដល់ចប់ ដើម្បីឲ្យមានបសាទសទ្ធាចំពោះព្រះរតនត្រ័យ កាន់តែខ្លាំងឡើង ។ តែមកដល់សម័យបច្ចុប្បន្ននេះគេពុំសូវឃើញមានប្រារព្ធធ្វើពិធីនេះរហូតដល់ទល់ភ្លឺណាស់ បើមានវិញ ក៏តិចដែរ ។
តាមការស្រាវជ្រាវគេដឹងថា បុណ្យពិសាខបូជា ទំនងជាធ្វើនៅក្រោយព្រះពុទ្ធបរិនិព្វានច្រើនរយឆ្នាំ។ នៅប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា គេបានប្រារព្ធពិធីបុណ្យនេះយូរយារណាស់មកហើយ។ ចំណែកនៅប្រទេសខ្មែរ និងប្រទេសសៀមវិញ ទើបនឹងចាត់ចែងធ្វើនៅគ្រិស្ដសតវត្សទី១៩ នេះប៉ុណ្ណោះ។ នៅប្រទេសសៀមស្ដេចរាមា បានផ្ដើមធ្វើនៅឆ្នាំ ១៨១៧។ ចំណែកនៅប្រទេសខ្មែរបុណ្យពិសាខបូជាត្រូវបានចាប់ផ្ដើមធ្វើឡើងនៅឆ្នាំ ១៨៥៥ ដោយសម្ដេចព្រះសុគន្ធាធិបតី បញ្ញាសិលោ ប៉ាន ដែលស្ដេចសៀមបានបញ្ជូនមកកាន់ឧត្ដុង្គ ក្នុងឆ្នាំ ១៨៥៤ តាមព្រះរាជសំណើសុំរបស់ព្រះបាទ អង្គឌួង។ ពិធីបុណ្យពិសាខបូជា បានប្រារព្ធធ្វើឡើងមុនគេដោយ គណៈធម្មយុត្តិកនិកាយ ហើយជ្រួតជ្រាបទៅដល់គណៈមហានិកាយ ដោយយល់ព្រមដោយព្រះបាទស៊ីសុវត្ថិ ។