ជាទំនៀមទំលាប់របស់ប្រជាជនខ្មែរនៅពេលឡើងផ្ទះគឺតែងតែរកមើលវេលាដែលល្អដូចច្នេះហើយប្រជាជនខ្មែរតែងតែទៅរកអាចារ្យដើម្បីមើលថ្ងៃខែណាដែលល្អទើបប្រារព្ធពិធីនេះឡើង។ ហើយអាចារ្យដែលជាអ្នករៀបចំកម្មវិធីតែងតែជ្រើសរើលស្រ្តីដែលមានលក្ខណៈពិសេសដែលមិនបាក់មែករហែកធាងជាតំណាងនៅក្នុងកម្មវិធីនោះ។
អាចារ្យតែងប្រសិទ្ធនាមថា៖ នាងស្រី នាងរតន៍ នាងសួស្តី នាងកែវ នាងនាគ នាងជ័យ រួចមកឲ្យនាងទាំងនោះកាន់វត្ថុមួយចំនួនហែរឡើងផ្ទះ៖
- នាងស្រីកាន់ក្អម ឬផ្តិលទឹក
- នាងរតន៍កាន់ហិបស្លា
- នាងសួស្តីកាន់សំពត់អាវ
- នាងនាគកាន់កន្ទេល ខ្នើយ
- នាងកែវកាន់មាស់ប្រាក់កែវកង
- នាងជ័យកាន់គ្រឿងភ្លុកកុយ
- អ្នកក្រៅពីនោះកាន់គ្រឿងប្រដាប់ផ្សេងៗ ដើរដង្ហែរម្ចាស់ផ្ទះ៣ជុំ(ម្ចាស់ផ្ទះត្រូវមានគេបាំងឆត្រ័ឲ្យ
- មនុស្សចាស់ទុំពីនាក់ត្រូវនៅលើផ្ទះជាមុនតំណាងអោយទេវតាប្រចាំថ្ងៃ ពេលដង្ហែបាន៣ជុំ ហើយអ្នកដែលនៅលើផ្ទះ ស្រែកថា អ្នកណា? មកពីណា? ច្រើនម្លេះ?
- អ្នកនៅដីមានអាចារ្យជាដើមឆ្លើយថា យើងមកពីឆ្ងាយយកគ្រឿងឧបភោគបរិភោគកែវកងជាដើមមករកទីលំនៅ ដោយលឺថានៅទីនេះមានផ្ទះមួយសាងថ្មីនៅទំនេរ ព្រោះយើងខ្ញុំជឿជាក់ថាជាលំនៅផ្តល់សេចក្តីសុខក្សេមក្សាន្ត
- រួចមកអ្នកនៅលើផ្ទះឆ្លើយថាផ្ទះនេះជារបស់(រៀបរាប់ឈ្មោះប្រពន្ធប្តី កូនចៅទាំងអស់)នៃម្ចាស់ផ្ទះនោះ ហើយពិតជាបានសេចក្តីសុខចំម្រើនទ្រព្យសម្បត្តិបរិបូរណ៍គ្រប់ប្រការ។
ប្រភព៖ លំអានទំនៀមខ្មែរបុរាណ