សួស្តីប្រិយមិត្តអ្នកអានទាំងអស់ ដែលតែងតែនិយមគាំទ្រ និងតាមដានអាននូវរាល់អត្ថបទនានារបស់វេបសាយខ្ញុំស្រឡាញ់ប្រទេសខ្ញុំ។ ថ្ងៃនេះខ្ញុំសូមលើកយកនូវអត្ថបទមួយ និយាយអំពី អ្នកម្តាយ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅតាមស្រុកស្រែចម្ការតែងតែហៅថា ម៉ែម៉ែ។
តាំងពីកូនៗនៅតូចរហូតដល់ធំដឹងក្តីមក ។ កូនៗមានភាពសប្បាយរីករាយ មានមុខមានមាត់នៅក្នុងសង្គម មានចំណេះដឹង បានចូលសាលារៀនតាំងពីថ្នាក់មតេយ្យ រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ មានកូនៗខ្លះបានចប់ដល់អនុបណ្ឌតទៀតផង ។ ទាំងអស់នេះគឺដោយសារមានអ្នកម៉ែ ដែលជាម្លប់ដ៏ត្រជាក់ ដែលជាឃ្លាំងមាសឃ្លាំងប្រាក់ ដែលជាព្រះមួយអង្គមានធម៌មេត្តា។ ម៉ែតែងតែគិតគូរពីកូនៗ ផ្តល់ដំបូន្មានដល់កូនៗ ផ្តល់ជាលុយកាក់ ផ្តល់ជាញើសឈាម ផ្តល់ទាំងកម្លាំងកាយកម្លាំងចិត្តជូនដល់កូនៗ ដោយមិនគិតពីការនឿយហត់ឡើយ។ អ្នកម៉ែខិតខំប្រឹងប្រែងធ្វើការងារ ទាំងថ្ងៃទាំងយប់ ក្រោមកម្តៅថ្ងៃ ក្រោមភ្លៀង ក្រោមខ្យល់។ មានពេលខ្លះម៉ែមានជម្ងឺជាប់ព្រះកាយ តែម៉ែមិនរាថយឡើយ ម៉ែគិតតែពីរឿងម្យ៉ាងគត់ គឺអោយកូនៗល្អ មានមុខមានមាត់មានចំណេះដឹងដើម្បីថ្ងៃអនាគត់ ។ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរអំពីពាក្យថាម៉ែ?
មតិមួយរបស់យុជនម្នាក់មានឈ្មោះ ចិត្រា ភេទប្រុស អាយុ ២៥ឆ្នាំ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកពត៌មានវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តែសព្វថ្ងៃគាត់បាន និងកំពុងធ្វើការផ្នែករចនាក្រាហ្វិកនៅក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ បានលើកឡើងថា ពាក្យថាម៉ែគឺមានអត្ថន័យធំធេងណាស់ និងមានច្រើននិយមន័យទៀតផង។ ពាក្យថាម៉ែ គឺភាពកក់ក្តៅ ភាពសប្បាយរីករាយ សុភមង្គល ។ ម៉ែតែងតែផ្តល់កម្លាំងចិត្តអោយកូនជានិច្ច ម៉ែខិតខំប្រឹងប្រែងគ្រប់កាលៈទេសៈ ម៉ែតែងតែដាស់តឿនកូនអោយដើរផ្លូវល្អ កូនចង់ប្រាប់ថាកូនស្រឡាញ់ម៉ែ ។
ងាកមករកយុវតីវិញម្តង នាងឈ្មោះរតនៈសេរីរ័ត្ន អាយុ ២១ឆ្នាំ មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង រៀនផ្នែកគ្រប់គ្រងទេសចរណ៍ និងធុរៈកិច្ច ឆ្នាំទី៣។ នាងបានរៀបរាប់ថា អ្នកម៉ែគឺមានន័យថាជាព្រះរស់មួយអង្គ ដែលតែងតែផ្តល់នូវព្រហ្មវិហារធម៌ដល់កូនៗ ។ តាំងពីនាងខ្ញុំនៅតូចដល់ធំប៉ុននេះ ខ្ញុំមិនដែលបែកពីម៉ាក់យូរបានទេ ខ្ញុំតែងនឹក និងចង់នៅក្បែរម៉ាក់គ្រប់ពេល ហើយម៉ាក់តែងតែយកចិត្តទុកដាក់ដល់នាងខ្ញុំរហូតមក ។ ម៉ាក់តែងតែជួយជំរុញទឹកចិត្តកូន អោយដើរទៅមុខក្នុងផ្លូវល្អជានិច្ចទោះបីជានាងខ្ញុំធំប៉ុននឹងហើយ នៅតែម៉ាក់ព្រួយបារម្ភនឹងកូនរហូត ។ អរគុណម៉ាក់ដែលតែងនៅក្បែរកូនរហូតមក កូននឹងខិតខំប្រឹងប្រែងរៀនសូត្រ និងធ្វើខ្លួនអោយល្អ មិនអោយម៉ាក់ពិបាកចិត្តទេ។