សួស្តីប្រិយមិត្តតើអ្នកធ្លាប់ឮពីអាបទេ?អ្នកទាំងអស់គ្នាស្គាល់អាបអត់?តើអាបពិតជាមាន មែនដែរឬទេនៅលើលោកយើងនេះ?តោះនាំគ្នាស្វែងយល់ទាំងអស់គ្នាបើតាមវចនានុក្រម ខ្មែរសម្តេចជូនណាតបានសរសេរថាអាប(ន.)ឈ្មោះសិល្បវិទ្យាទុរាចារមួយយ៉ាងរបស់ មនុស្សស្រីមានពិធីចងបិសាចឲ្យកាន់កាប់សម្រាប់ប្រើធ្វើគេឲ្យឈឺចាប់ចុកសៀត:របៀន ចាប់អាប។អាបប្រពៃណីខ្មោចអាបដែលគេបោះបង់លែងថែរក្សាទៅហើយ។ស្រីពូជអាប ស្រីដែលជាប់ពូជពីស្រីចេះអាបពីមុនៗមក។
តាំងពីសម័យបុរាណតរហូតមកដល់សម័យក្រោយៗទៀត ហើយសូម្បីតែនៅសម័យបច្ចុប្បន្ននេះ ក៏នៅមានជំនឿទៅលើអាបធ្មប់នេះដែរ។ គេជឿថា អាប និងធ្មប់នោះជាឥទ្ធិពលម៉្យាង ដែលមានអានុភាពមកលើជីវិតមនុស្សទូទៅ ដែលអានុភាពនេះ អាចធ្វើឲ្យមនុស្សឈឺស្លាប់ ឬជាសះស្បើយឡើងវិញតាមបញ្ជានៃមនុស្សដែលជារូបអាប ឬគ្រូធ្មប់នេះ។ មិនមែនតែនៅប្រទេសខ្មែរយើងទេ ប៉ុន្តែនៅប្រទេសដទៃទៀត នៅទ្វីបអាហ្វ្រិក អាស៊ី ពិសេសក្នុងសង្គម ដែលរស់នៅដាច់ឆ្ងាយពីមជ្ឈដ្ឋានអារ្យធម៌ គេនៅតែជឿទៅលើឥទ្ធិពលនៃសិល្បសាស្ត្រនេះ។ អ្នកប្រាជ្ញនៅបស្ចិមប្រទេសជាច្រើនបានវាយតម្លៃជំនឿនេះថា មានឥទ្ធិពលមួយផ្នែកតាមរយៈចិត្តសាស្ត្រ។ ក្រៅពីនេះជំនឿចំពោះអាប និងធ្មប់ស្ថិតនៅជាអាថ៌កំបាំងសម្រាប់ការស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅឡើយ។ បណ្ដាអ្នកប្រាជ្ញស្រាវជ្រាវខាងមន្តអាគម (Magic) ធ្លាប់បានគិតថា៖ អំពើ (maléfice) ចំណុះទៅលើមុខសញ្ញា ពីរជាមូលដ្ឋាន៖
ភាគីអ្នកធ្វើ
ភាគីអ្នកទទួលអំពើ
1- ភាគីអ្នកធ្វើ :
តែងតែចេះលៃច្នៃយ៉ាងណាឲ្យអ្នកផងចាប់អារម្មណ៍ថា អំពើនេះមានប្រសិទ្ធភាពកាចសាហាវសម្បើមអស្ចារ្យគួរឲ្យតក់ស្លុត នៅពេលដែលគេចាត់ចែងរៀបចំធ្វើពិធីប្រសិទ្ធី ឬតម្រង់អំពើនេះឆ្ពោះទៅរកមនុស្សណាមួយ ។
2- ភាគីអ្នកទទួល :
ភាពសាហាវសម្បើមអស្ចារ្យនៃពិធីបញ្ជូនអំពើនេះ ធ្វើឲ្យអ្នកបានឃើញ (អ្នកនៅជិតខាង) រួមទាំងសាមីជនដែលត្រូវទទួលអំពើនេះផងមានការភ័យតក់ស្លុតហើយ ហាក់ដូចជាស្ម័គ្រព្រមទទួលអំពើអាបធ្មប់នេះ បានន័យថា ខាងផ្លូវចិត្តគេអស់សង្ឃឹម ឬគេបានឈឺជាស្រេចរួចទៅហើយ ដោយដេករង់ចាំតែការឈឺចាប់ និងសេចក្ដីស្លាប់តែប៉ុណ្ណោះ។ សព្វថ្ងៃនេះកុលសម្ព័ន្ធជាច្រើននៅទ្វីបអាហ្វ្រិក អូស្ត្រាលី ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ លាវ ខ្មែរ ក៏នៅតែមានជំនឿទៅលើអំពើរបស់អាបធ្មប់នេះដែរ។