ស្ថិត នៅចម្ងាយ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពតហើយឧទ្យានជាតិភ្នំ បូកគោត្រូវបានរកឃើញនៅឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។កាលដើមឡើយទីនេះគ្រាន់តែជាទី កន្លែងលំហែកាយរបស់ពួកអាណានិគមនិយមបារាំងដោយពួកគេគ្រាន់តែចង់ ប្ដូរបរិយាកាសពីតំបន់វាលរាប មកកាន់តំបន់ភ្នំនាមាត់សមុទ្រប៉ុណ្ណោះ។ ភ្នំបូកគោស្ថិតនៅរយៈកម្ពស់១០៧៥មែត្រមានខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនិងសែនមនោរម្យក្រៃលែងជាមួយនឹងដើមឈើ ធំៗ និងផ្ទាំងថ្មដែលមានរាងដូចជាសត្វ។នៅក្នុងសម័យសង្គមរាស្ត្រនិយម មានសំណង់អាគារសាធារណៈជាច្រើនប្រៀបដូចជាទីក្រុងមួយដែរ ។
នៅចម្ងាយ៧គីទ្បូមែត្រពីភ្នំបូកគោមានកន្លែងសម្រាប់ងូតទឹកកំសាន្ត ដែលស្ថិតនៅកន្លែងទឹកធ្លាក់។ ទីនោះមានឈ្មោះថាពពកវិល។ រីឯនៅលើកំពូលភ្នំវិញគេអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃខេត្ត កំពត ក្រុងកែប ក្រុងព្រះសីហនុព្រមទាំងសមុទ្រនិងផ្ទៃមេឃពណ៌ខៀវ។