អាងកំពីងពួយបានត្រូវកសាងឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យអំឡុងទស្សវត្សទី ៧៦ប្រជាជនជាច្រើនរយពាន់អ្នកត្រូវបានពលីក្នុងការកសាងអាងទឹកនេះ។ អាងកំពីងពួយស្ថិតនៅចន្លោះភ្នំពីរគឺ ភ្នំគល់ និងភ្នំតាង៉ែន ក្នុងឃុំតាគ្រាម ស្រុកបាណន់ មានចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និងមានចំងាយ ១៩ គ.ម ពីផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ ត្រង់ចន្លោះភ្នំក្រពើនិងភ្នំទ្រុងមាន់។ ទំនប់អាង មានបណ្តោយ ៧៥០០ ម និងទទឹងមាន ១៩០០ម អាចផ្ទុកទឹកបានចំនួន ១១០.០០០.០០០ ម៉ែតគូបនៅក្នុងរដូវវស្សា គឺជាប្រភពទឹកសំរាប់ស្រោចស្រពតាមសេចក្តីត្រូវការក្នុងវិស័យកសិកម្ម។
អាងកំពីងពួយមិនគ្រាន់តែផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្នុងវិស័យកសិកម្មតែមួយមុខប៉ុណ្ណោះទេ ជាពិសេសលើសពីនេះទៅទៀតបានផ្តល់ប្រយោជន៍យ៉ាងសំខាន់បំរើឱយវិស័យទេសចរណ៍ គឺជារមណីយដ្ឋានមួយដែលទេសចរណ៍ជាតិនិងអន្តរជាតិនិយមទៅលំហែយកខ្យល់អាកាសបរិសុទ្ធ ទស្សនាភ្នំ និងមុជទឹកលេង។ ប្រជាជននៅក្បែរអាងកំពីងពួយមានអាជីវកម្មធ្វើស្រែចំការនិងនេសាទត្រី។