អាការៈទល់លាមក ជាបញ្ហាទូទៅមួយដែលក្មេងៗតែងតែប្រឈមមុខ។ មូលហេតុការពិតដោយសារ ជាធម្មតា ក្មេងៗទទួលទានទឹកមិនបានគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ។ តែទោះបីជាយ៉ាងណា ក៏នៅមានមូលហេតុទូទៅមួយចំនួនទៀតដូចជា កង្វះសារធាតុចិញ្ចឹម អតុល្យភាពអាហារ និងថ្នាំពេទ្យ។
ឧស្សាហ៍ដាស់តឿនក្មេងឱ្យទទួលទានទឹកឱ្យបានច្រើន ដើម្បីចៀសផុតពីជំងឺទល់លាមក។ ហើយពួកគេក៏គួរទទួលទានអាហារដែលសម្បូរជាតិសរសៃផងដែរ។ ឪពុកម្តាយតែងតែព្រួយបារម្ភច្រើន ពេលកូនជួបនឹងអាការៈទល់លាមក។ តែទោះជាយ៉ាងណា បញ្ហានេះអាចព្យាបាលបានយ៉ាងងាយ ដោយគ្រាន់តែទទួលទានបន្លែ និងផ្លែឈើ។ ប្រភេទបន្លែផ្លែឈើដែលអាចជួយបំបាត់អាការៈទល់លាមករបស់ក្មេង៖
ផ្លែព្រូន
ផ្លែព្រូនសម្បូរទៅដោយជាតិសរសៃ ប៉ូតាស្យូម…ជាឱសថព្យាបាលជំងឺទល់លាមកយ៉ាងសក្តិសិទ្ធិ។ ផ្លែព្រូនផ្ទុកសារធាតុសប៊ីតុល (sorbitol) ជួយសម្រួលដល់ការបញ្ចេញចោលពីក្នុងរាងកាយ។
ផ្លែប៉េស
ផ្លែប៉េស ជាថ្នាំបញ្ចុះលាមក អ្នកអាចទទួលទានបានដើម្បីឱ្យការបញ្ចេញចោលបានស្រួល។ វាជាប្រភពនៃជាតិសរសៃ ជួយបំបាត់អាការៈទល់លាមក។
ខាត់ណា
ដោយសារខាត់ណា ជាប្រភពនៃជាតិសរសៃ វាអាចជួយសម្រួលដល់ការបញ្ចេញចោល។ ការទទួលទានខាត់ណាឆៅនឹងទទួលបានអត្ថប្រយោជន៍ជាអតិប្បរមា ព្រោះការចម្អិនរួច វត្តមាននៃជាតិសរសៃក្នុងខាត់ណានឹងត្រូវថយចុះ។
ការ៉ុត
ការ៉ុតឆៅសម្បូរទៅដោយជាតិសរសៃ និងវីតាមីន C។ វាត្រូវបានគេទទួលទានឆៅជាជាងចម្អិន ដើម្បីទទួលបានជាតិសរសៃ។
សណ្តែក
សណ្តែកជួយថែទាំសុខភាពប្រព័ន្ធរំលាយអាហារ ការពារពីជំងឺទល់លាមក។ សណ្តែក ១ចានមានផ្ទុកជាតិសរសៃច្រើនជាង ១០ក្រាម និងជាឱសថធម្មជាតិព្យាបាលអាការៈក្មេងទល់លាមក។
ផ្តល់សិទ្ធដោយ៖ មង្គលការ