បើសិនជាអ្នកធ្វើពិធីឡើងផ្ទះថ្មីអ្នកប្រាកដជាបានជួបនៅពិធីមួយទៀតក្នុងកម្មវិធីនោះគឺ “ពិធីសែងចងដៃម្ចាស់ផ្ទះ“។ នៅក្នុងអត្ថបទនេះយើងរៀបរាប់ថាពិធីនេះគេធ្វើអ្វីខ្លះហើយហេតុអ្វីបានជាយើងប្រារព្ធកម្មវិធីនេះឡើង។ យើងធ្លាប់បានចុះផ្សាយអត្ថបទមួយហើយស្តីពី “អត្ថន័យ និងក្បូនខ្នាតនៃពិធីឡើងផ្ទះរបស់ខ្មែរ” ដូចនេះយើងនឹងរៀបរាប់ពីពិធីសែនចងដៃម្ចាស់ផ្ទះមួយទៀតដើម្បីឲ្យអ្នកទាំងអស់គ្នាបានដឹងច្បាស់ពីពិធីនេះ។
ពិធីនេះគេនឹងចាប់ផ្តើមធ្វើនៅពេលដែលម្ចាស់ផ្ទះបានឡើងទៅដល់លើផ្ទះ អាចារ្យគាត់នឹងរៀបចំសែនដើម្បីរំឮកដល់ម្ចាស់ទឹកម្ចាស់ដី ជីដូនជីតា និងសាច់ញ្ញាតិនៃម្ចាស់ផ្ទះដែលបានចែកឋានឲ្យអញ្ជើញមកសេពសោយគ្រឿងសំណែនដែលបានសែន និងបានសុំពរជ័យពីអស់លោកទាំងនោះផងដែរ។ នៅក្នុងកម្មវិធីនេះលោកអាចារ្យនឹងយកអំបោះឆៅពណ៌ សទៅជ្រលក់ក្នុងប្រេងក្រអូបចងដៃឲ្យម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធដើម្បីឲ្យពួកគាត់ទាំង២ទទួលបានសេចក្តីសុខសប្បាយ និងរកស៊ីមានបានជោគជ័យគ្រប់ការងារជាដើម។ សម្រាប់កម្មវិធីនេះមានតំបន់ខ្លះគេបានប្រារម្ភពិធី បង្វិលពពិល ដូចទៅនឹងពិធីមង្គលការអញ្ចឹងដែរ។
វត្ថុមួយចំនួនដែលបានយកឡើងផ្ទះហើយត្រូវដាក់តាមទិស
- ឆត្រ័ ឬក្លស់ទុកនៅទិសអាគ្នេយ៍
- ចង្ក្រានទុកនៅទិសបូព៌
- អង្ករ ឆ្នាំង ទុកនៅទិសទក្សិណ
- សង្ខ័ ទុកនៅទិសនិរតី
- កាំបិត ពូថៅ ថ្ម ទុកនៅទិសបស្ចឹម
- ភ្លុក និងដែកផ្សេងៗត្រូវទុកនៅទិសពាយព្យ
- ស្រូវគង់ ទុកនៅទិសឧត្តរ
- ឆ្មា កែងកង រួមស្ត្រីមានគក៌(បើមាន) ទុកនៅទិសឦសាន
- ពូក កន្ទេល និងគ្រឿងសារពើភ័ណ្ឌផ្សេងៗទៀតទុកនៅកណ្តាលផ្ទះ