ណាំងស្បែកធំឬល្ខោនស្រមោលស្បែកធំ គឺជាទម្រង់សម្ដែងមួយបែបដែលប្រើប្រាស់ ផ្ទាំងរូបឆ្លាក់ពីស្បែក។ គេសម្ដែងវានៅក្នុងឱកាសតែពីរឬបីប៉ុណ្ណោះក្នុងមួយឆ្នាំដូចជា នៅពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យឬក្នុងពិធីសក្ការៈរបស់ឥស្សរជនល្បីៗ។ រូបនេះធ្វើពីបន្ទះស្បែកមួយផ្ទាំងដែលនៅក្នុង ពេលឆ្លាក់នោះ គេត្រូវរៀបចំពិធីយ៉ាងពិសេសតម្រូវទៅតាមតួអង្គអាទិទេពនិមួយៗ។ ស្បែកនេះត្រូវគេយកទៅជ្រលក់ពណ៌ជាមួយសូលុយស្យុងដែលបានមកពីសម្បកដើម កណ្ដោល ។
សិល្បករគូររូបតាមការចង់បាននៅលើស្បែកដែលហាលស្ងួត បន្ទាប់មកគេដាប់ហើយលាបថ្នាំវាមុននឹងត្រូវចង ភ្ជាប់ ទៅនឹងបន្ទះឫស្សីពីរដើម ដើម្បីគេអាចឲ្យអ្នករាំកាន់ផ្ទាំងរូបនោះបាន។ យោងតាមមាត្រាជាច្រើននៃអនុសញ្ញាស្ដីពីសុវត្ថិភាពបេតិកភណ្ឌ វប្បធម៌អរូបីនៅទីក្រុងប៉ារីស ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៥ ណាំងស្បែកធំត្រូវបានអង្គការយូណេស្កូទទួលស្គាល់ថាជាស្នាដៃឯក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីរបស់មនុស្សជាតិក្នុងឆ្នាំ២០០៥។ នៅឆ្នាំ២០០៨ណាំងស្បែកធំនេះទៀតត្រូវបានចុះក្នុង បញ្ជីតំណាងឲ្យបេតិកភណ្ឌវប្បធម៌អរូបីផ្នែកមនុស្សជាតិ។ ការទទួលស្គាល់នេះផ្ដល់ឱកាសឲ្យព្រះរាជាណាចក្រកម្ពុជាមានលទ្ធភាពអាច ការពារណាំងស្បែកធំទប់ទល់នឹងការគម្រាមកំហែងពីការខូចខាត ការវិនាសសាបសូន្យ និងការបំផ្លិចបំផ្លាញ ។
តាមទំនៀមទម្លាប់ប្រពៃណី ការសម្ដែងល្ខោនស្បែកធំធ្វើឡើងនៅតែពេលយប់ ក្នុងបរិវេណដីវាលប៉ុណ្ណោះដូចជា៖ នៅក្បែរវាលស្រែ និងបរិវេណវត្តអារាម។ នៅពេលសម្ដែង គេលាតត្រដាងក្រណាត់សមួយផ្ទាំងធំ នៅចន្លោះបង្គោលឫស្សីពីរដើមពីខាងមុខពំនូកភ្លើងធំមួយ។ សព្វថ្ងៃនេះគេប្រើម៉ាស៊ីនបញ្ចាំងរូប (Projector) ដើម្បីបញ្ចាំងស្រមោលផ្ទាំងស្បែកឲ្យទៅប៉ះនឹងផ្ទាំងក្រណាត់ស។ អ្នកសម្ដែងកាន់បង្វិលរូបស្បែកឲ្យមានសភាពរស់រវើកដូចជីវិតពិត ដោយប្រើជំហានច្បាស់លាស់និងជាក់លាក់។ ការសម្ដែងនេះមានអមដោយវង់ភ្លេងនិងអ្នកនិទានពីររូប ៕