កូនតូច​របស់អ្នកនឹង​ខូច​ធ្មេញបើបណ្តោយឲ្យ​គេបៀម​របស់​ប្លាស្ទិច​លេង​

តាមរយៈ​ការ​សិក្សា​ថ្មី​មួយ​បាន​អះអាង​ថា​ វត្តមាន​នៃ​សារធាតុគីមី​ក្នុង​ប្លាស្ទិច​ អាច​ធ្វើឱ្យ​ក្មេង​ខ្សោយធ្មេញ​ ព្រោះ​វា​អាច​ផ្តល់​ការរំខាន​ដល់​អរម៉ូន​ដែល​ជួយ​ដល់​ការលូតលាស់​របស់​កាចាធ្មេញ​។​ អ្នក​ស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញ​ពី​ឥទ្ធិពល​នៃ​សារធាតុគីមី​ដែល​រារាំង​ដល់​អរម៉ូន​ក្នុង​ខ្លួន​មនុស្ស​។​ ប្រដាប់ប្រដា​ប្លាស្ទិច​ និង​របស់​ដាក់​អាហារ​ធ្វើ​ពី​ប្លាស្ទិច​ភាគច្រើន​ មាន​ផ្ទុក​សារធាតុ​គីមី​ដែល​គេ​ឱ្យ​ឈ្មោះ​ថា BPA។​

Advertisement

សារធាតុគីមី​មួយ​ប្រភេទ​ទៀត​គឺ​ Vinclozolin។​ សារធាតុ​ទាំង​ ២​នេះ​ជា​អ្នក​រំខាន​ដល់​ក្រពេញអង់ដូគ្រីន​។​

អ្នក​ស្រាវជ្រាវ​បាន​ឱ្យ​សារធាតុ​គីមី​ទាំង​ ២​ប្រភេទ​នេះ​បន្តិច​ទៅ​ឱ្យ​កណ្តុរ​ស៊ី​ ហើយ​ចាំ​សង្កេត​មើល​ពួកវា​រយៈពេល ១​ខែ​។​ ក្រោយមក​ គេ​បាន​ប្រមូលយក​គំរូ​ធ្មេញ​ ហើយ​បាន​រកឃើញ​ថា​ សារធាតុ​ទាំងអស់​នេះ​បាន​ផ្លាស់ប្តូរកាចាធ្មេញ​។​

អរម៉ូន​​ជាច្រើន​ដូចជា​ អរម៉ូន​តេសតូស្តេរ៉ូន​ និង​អរម៉ូន​អឺសស្ត្រូសែន​បាន​ជួយ​ជម្រុញ​ដល់​ការលូតលាស់​របស់កាចាធ្មេញ​ ចំណែកឯ​សារធាតុគីមី​ទាំង​ ២​ប្រភេទ​នេះ​បាន​រារាំង​ដល់​ការលូតលាស់​របស់​កាចាធ្មេញ​។​ ដូច្នេះ​វា​ធ្វើឱ្យ​ខ្សោយ​ធ្មេញ​។​

ដូច្នេះ​ យល់ល្អ​ត្រូវ​កាត់បន្ថយ​ការ​ប្រើ​ប្រភេទ​របស់របរ​ធ្វើ​ពី​ប្លាស្ទិច​ នៅពេល​អ្នក​មាន​កូនតូច​នៅផ្ទះ​។​ សារធាតុអាក្រក់​ដូចជា​ BPA ក៏​បាន​ប៉ះពាល់​ដល់​សុខភាព​ផងដែរ​ បើទោះបីជា​មនុស្ស​គ្រប់គ្នា​មិនទាន់​ស្គាល់​ពី​វា​ក៏ដោយ​។

ផ្តល់សិទ្ធដោយ៖ មង្គលការ