ការញ៉ាំទឹកដោះគោ និងផលិតផលទឹកដោះគោផ្សេងៗទៀត បានផ្តល់នូវសារជាតិចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់ស្ត្រីមានផ្ទៃពោះ។ យោងតាម USDA របស់សហរដ្ឋអាមេរិច បានផ្តល់អនុសាសន៍ថា ស្ត្រីមានផ្ទៃពោះគួរតែញ៉ាំទឹកដោះគោឱ្យបាន ៣កែវក្នុង ១ថ្ងៃ។ ទឹកដោះគោស្រស់ និងផលិតផលទឹកដោះគោមានផ្ទុកសារជាតិខ្លាញ់ទាប ជាជម្រើសមួយដ៏ល្អសម្រាប់សុខភាពអ្នកម្តាយ។
កាល់ស្យូម
ទឹកដោះគោ គឺជាប្រភពសម្បូរទៅដោយជាតិកាល់ស្យូមសម្រាប់ស្ត្រីមានផ្ទៃពោះ។ ប្រសិនបើអ្នកមិនបានបរិភោគអាហារដែលសម្បូរជាតិកាល់ស្យូមឱ្យបានគ្រប់គ្រាន់ក្នុងអំឡុងពេលមានគភ៌ទេនោះ អ្នកនឹងប្រឈមមុខទៅនឹងបញ្ហាបាត់បង់ជាតិកាល់ស្យូមពីឆ្អឹងរបស់អ្នក ព្រោះសារជាតិកាល់ស្យូមទាំងនោះ ត្រូវបានប្រគល់ទៅឱ្យទារកក្នុងផ្ទៃរបស់អ្នក។ សម្រាប់អ្នកម្តាយអាយុ ១៩ឆ្នាំ ឬលើសពីនេះត្រូវការកាល់ស្យូមចំនួន ១០០០មីលីលីត្រ ក្នុង ១ថ្ងៃ ខណ:ពេលដែលអ្នកម្តាយអាយុតិចជាង ១៩ឆ្នាំត្រូវការកាល់ស្យូមរហូតដល់ ១៣០០មីលីលីត្រក្នុង ១ថ្ងៃ។
ក្នុងទឹកដោះគោមានកម្រិតជាតិខ្លាញ់ទាប ១ពែងមានផ្ទុកជាតិកាល់ស្យូម ៣០៥មីលីលីត្រ។ ដូចនេះ ការញ៉ាំទឹកដោះគោ ៣កែវក្នុង ១ថ្ងៃពិតជាល្អបំផុតក្នុងពេលស្ត្រីពពោះ។
ប្រូតេអ៊ីន
ក្នុងទឹកដោះគោសម្បូរទៅដោយប្រូតេអ៊ីន ក្នុងទឹកដោះគោ ១ពែងមានប្រូតេអ៊ីនដល់ទៅ ៨.២២ក្រាម។ ប្រូតេអ៊ីនមានតួនាទីសំខាន់ៗដូចជា ផ្គត់ផ្គង់កម្រិតឈាម ជំនួយដល់ជាលិកាទារក សុដន់ និងស្បូន។
នេះបើយោងតាមសកលវិទ្យាល័យនៃរដ្ឋអូហៃយូបានបង្ហាញថា កត្តាកង្វះប្រូតេអ៊ីនក្នុងពេលមានគភ៌អាចធ្វើឱ្យមានបញ្ហាដល់សុខភាពទារក។
វីតាមីន D
ទឹកដោះគោមានផ្ទុកវីតាមីនD ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ស្ត្រីមានគភ៌ ព្រោះវាអាចជួយការពារទារកពីជំងឺក្រិន និងកើតមកទម្ងន់ស្រាល។ យោងតាមការស្រាវជ្រាវរបស់ទស្សនាវដ្តីសមាគមវេជ្ជសាស្ត្រកាណាដាក្នុងឆ្នាំ ២០១៦ បានបញ្ជាក់ថា សារធាតុចិញ្ចឹមផ្សេងៗដែលមាននៅក្នុងទឹកដោះគោកម្រនឹងមាននៅក្នុងរបបអាហារផ្សេងៗទៀតណាស់ ជាពិសេសវីតាមីន D។ ការញ៉ាំទឹកដោះគោ ៣កែវក្នុងមួយថ្ងៃ បានទទួលវីតាមីនDដល់ទៅ ៥៩% សម្រាប់តម្រូវការរបស់អ្នក៕
ផ្ដល់សិទ្ធដោយ៖ មង្គលការ