យើងទាំងអស់គ្នាដឹងហើយថា មានកត្តាមួយចំនួនដូចជា កត្តាជីវភាពរស់នៅប្រចាំថ្ងៃ ការជក់បារី សេពជាតិស្រវឹង រស់នៅក្នុងបរិយាកាសសម្បូរជាតិពុល…ដែលអាចធ្វើឱ្យស្ត្រីងាយនឹងរលូតកូន។ តែទោះបីជាយ៉ាងណា តើអ្នកធ្លាប់គិតទេថា ជំងឺក៏អាចបណ្តាលឱ្យអ្នករលូតកូនបានដែរ?
ដូចនេះ បើសិនអ្នកជាស្ត្រីកំពុងព្យាយាមចង់មានកូន អ្នកត្រូវដឹង និងចេះការពារប្រឆាំងនឹងបញ្ហាផ្សេងៗដែលនឹងត្រូវប្រឈមមុខ។ ខាងក្រោមជាប្រភេទជំងឺដែលងាយនឹងបណ្តាលឱ្យស្ត្រីរលូតកូនបំផុត៖
- ដុំគីសក្នុងអូវែ
ស្ត្រីកើតជំងឺដុំគីសក្នុងអូវែនេះងាយនឹងរលូតកូនបំផុត។ ស្ត្រីកើតជំងឺនេះតែងតែមករដូវ និងបញ្ចេញអូវុលមិនទៀង ដោយសារកម្រិតអរម៉ូនតេសតូស្តេរ៉ូនក្នុងខ្លួនឡើងខ្ពស់។
- អរម៉ូនទីរ៉ូអ៊ីតតិច
ស្ត្រីមានបញ្ហាអរម៉ូនទីរ៉ូអ៊ីតតិចងាយប្រឈមមុខនឹងការរលូតបំផុត។ ក្នុងខ្លួនស្ត្រីមានកម្រិតអរម៉ូនទីរ៉ូអ៊ីតតិចបង្កឱ្យមានបញ្ហាដល់ការបញ្ចេញអូវុល។ ស្ត្រីទាំងនេះពិបាកនឹងមានកូនណាស់។
- ឆ្លងមេរោគបាក់តេរី
ស្ត្រីត្រូវរក្សាអនាម័យ ការពារខ្លួនពីការឆ្លងមេរោគ ក្រោយពេលមានផ្ទៃពោះ។ មេរោគបាក់តេរីនឹងទៅបំផ្លាញភ្នាសស្បូន និងរារាំងដល់កំណើតរបស់អំប៊្រីយ៉ុង ហើយបណ្តាលឱ្យស្ត្រីរលូតកូន។
- ទម្រង់ស្បូនខុសប្រក្រតី
ស្ត្រីជាច្រើនដែលមានទ្រង់ទ្រាយស្បូន ឬកស្បូនខុសធម្មតា ងាយនឹងប្រឈមមុខការរលូតកូនបំផុត។
- អាយុ
ស្ត្រីមានផ្ទៃពោះក្នុងវ័យច្រើនជាង ៣០ ឬ៤០ ឆ្នាំអាចជួបប្រទះនឹងការរលូតកូន។ នេះដោយសារស្ត្រីទាំងនេះអាចមានក្រូម៉ូស្យូមខុសប្រក្រតីក្នុងគភ៌ ដែលអាចបណ្តាលឱ្យរលូតកូន ឬកំណើតកូនមកខុសប្រក្រតី។
- ជំងឺទឹកនោមផ្អែម ឬលើសឈាម
បើសិនអ្នកកើតជំងឺទឹកនោមផ្អែម ឬលើសឈាម អ្នកគួរប្រើថ្នាំឱ្យបានត្រឹមត្រូវ មុនពេលមានផ្ទៃពោះ។ ជំងឺទាំងនេះត្រូវបានគេរកឃើញថា នឹងធ្វើឱ្យរលូតកូន៕
ផ្តល់សិទ្ធដោយ៖ មង្គលការ