ការកសាងបន្ទាយលង្វែក


ចុះផ្សាយ៖ ថ្ងៃទី ១៧ មេសា ឆ្នាំ២០១២ ម៉ោង ០៩:០៣នាទី

ក្រោយពីព្រះបាទចន្ទរាជាវាយឈ្នះស្រីជេដ្ឋា (ស្តេចកន) នៅឆ្នាំ១៥២៥ រួចមក ព្រះអង្គក៏បញ្ជាឱយគេសាងសង់បន្ទាយលង្វែកចាប់ពីឆ្នាំ ១៥២៧ ដល់ឆ្នាំ ១៥២៩ ដោយប្រើរយៈពេល៣ឆ្នាំ។ ស្ថានភាពបន្ទាយលង្វែកជាចំណុចយុទ្ធសាស្ត្រមួយដែលមានទន្លេ បឹងបួរ និងព្រៃឈើជារបាំង។ បន្ទាយនេះមានរាងបួនជ្រុង បណ្តោយ៣គីឡូម៉ែត ទទឹង២គីឡូម៉ែត កំពែងដីកម្ពស់ ១៥ហត្ថ (៧.៥ម៉ែត) ហ៊ុមពទ្ធ័ដោយគូទឹក និងដាំដើមប្ញស្សីកំរាស់២សិន (១សិន = ៤០ម) ពទ្ធ័ជុំវិញ។ ក្នុងបន្ទាយលង្វែកមានវាំងស្តេច បន្ទាយទាហាន ផ្ទះស្រីស្នំ២២ រោងដំរី រោងសេះ ប្រាសាទពីរ ជីកស្រះធំ៤ គ្រប់ទិស ហើយចិញ្ចឹមត្រីព្រួល រ៉ស់ ឆ្តោ ព្រោះនៅជាប់មាត់ទន្លេសាប សង់ឃ្លាំង១៥ខ្នងសម្រាប់ស្រូវអង្ករ ត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក….។

បន្ទាយលង្វែកមានទ្វារធំ៤ នៅទិសទាំង៤ និងទ្វារតូច៤នៅចំជ្រុងនៃទិសតូចទាំងបួន។ មានសួនច្បារធំ មានភូមិអ្នកស្រុក៤ មានវត្ត៥…។ ព្រះអង្គកសាងព្រះត្រឡែងកែង (ព្រះបែរភ័ក្ត្រទិសទាំង៤ ទល់ប្រឹស្ឋ = ខ្នងគ្នា) ព្រះកែវ និងព្រះគោ១២។ ក្នុងពោះគោដាក់គម្ពីរ ក្បួនខ្នាតជាច្រើន មានឯកសារមួយចំនួនដែលនៅសេសសល់តាំងពីសម័យអង្គរមកម្ល៉េះ ហើយព្រះអង្គបានប្រមូលផ្តុំអ្នកប្រាជ្ញបណ្ឌិតដើម្បីចងក្រងគម្ពីរឯកសារ និងបណ្តុះចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយ។ បន្ទាយ លង្វែកជាស្ថាបត្យកម្មដ៏ធំិមួយ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង បើតាមសម្តីលោកអ៊ុកអ៊ូអតីតមេឃុំលង្វែកនាឆ្នាំ ១៩៧០ គាត់ថាសេះពេញ កម្លាំងមិនអាចបោលជុំវិញបន្ទាយលង្វែកបានឡើយ៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់